អានតួអត្ថបទ
កម្ពុជា

តុលាការ​យោធា​កាត់ទោស​អតីត​ឧត្តមសេនីយ៍​រឿង​រើសទ័ព​រំលំ​រដ្ឋាភិបាល

នៅ​ព្រឹក​ថ្ងៃទី​២៧​តុលា​នេះ តុលាការយោធា បាន​បើក​សវនាការ កាត់ទោស​អតីត​ឧត្តមសេនីយ៍ និង​បក្ខពួក សរុប ៥ នាក់ ក្នុង​បទចោទប្រកាន់​ជាច្រើន ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​កងទ័ព​ខុសច្បាប់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ សេចក្តីសម្រេច​លើ​រឿងក្តី​នេះ នឹង​ត្រូវ​ប្រកាស នា​ថ្ងៃ​ទី​៣​វិច្ឆិកា​។ ដោយឡែក​នៅ​តុលាការក្រុង​ភ្នំពេញ នៅ​ព្រឹក​មិញ ចៅក្រម​បាន​សម្រេច​ផ្តន្ទាទោស​បុរស ៦ នាក់ ដាក់​ពន្ធនាគារ​ពី ១៥ ឆ្នាំ ទៅ ១៦ ឆ្នាំ ក្នុង​សំណុំរឿង​បង្កើត​កងកម្លាំង​ខុសច្បាប់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។​

ជនជាប់ចោទ​ពី​បទ​រើសកងទ័ព​ខុសច្បាប់ ដើម្បី​ផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា
ជនជាប់ចោទ​ពី​បទ​រើសកងទ័ព​ខុសច្បាប់ ដើម្បី​ផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

បុរស ៥ នាក់ ក្នុង​រឿងក្តី​ជ្រើសរើស​កងទ័ព​ប្រឆាំង​រដ្ឋាភិបាល រួម​មាន​ឧត្តមសេនីយ៍ត្រី លោក សា​មិត្ត វិរៈ ត្រូវបាន​តុលាការ​យោធា​កាត់ទោស​រួមគ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧​តុលា​នេះ។ តុលាការ​យោធា​បាន​ចោទប្រកាន់​អ្នក​ទាំង​៥ ពី​បទល្មើស​ជា​ច្រើន រួមមាន ការ​ញុះញង់​ការប្រើប្រាស់ និង​រក្សា​ទុក​អាវុធ​ខុសច្បាប់ ជ្រើសរើស​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់ និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។​

​ក្នុង​សវនាការ ដែល​បាន​បញ្ចប់​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ មាន​សាក្សី​ដាក់បន្ទុក​ចំនួន ៨ នាក់ បាន​ចូល​ឆ្លើយបំភ្លឺ​។ សាក្សី​ម្នាក់​បាន​លើកឡើង​ថា បុរស​ជាប់ចោទ​ទាំង​៥ មាន​ពាក់ព័ន្ធ​នឹង​មេ​បក្ស​ប្រឆាំង ដោយ​មាន​ការ​សន្យាថា នៅពេល​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​រួចហើយ អតីត​ឧត្តមសេនីយ៍ត្រី សា​មិត្ត វិរៈ នឹង​ត្រូវ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។ រឿងក្តី​នេះ នឹង​ត្រូវ​ចៅក្រម​តុលាការយោធា​ប្រកាស​សេចក្តីសម្រេច នៅ​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​។​

ក្នុង​​សំណុំរឿង​បង្កើត​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាល​នេះ ​ចៅក្រម​តុលាការក្រុង​ភ្នំពេញ​ក៏​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​បុរស ៦​នាក់ ជា​កម្មករ និង​កសិករ ដាក់​ពន្ធនាគារ​ពី ១៥ ឆ្នាំ ទៅ ១៦ ឆ្នាំ​ក្នុង​ម្នាក់ៗ​។​

យោង​តាម​ចៅក្រម បុរស ទាំង​៦​នាក់ ដែល​បាន​ផ្តន្ទាទោស​នោះ ស្ថិតក្នុង​ក្រុម​ចលនា​សុវណ្ណភូមិ ដែល​បាន​ផ្តាច់ខ្លួន​ចេញពី​ចលនា​មហានគរ កាលពី​ឆ្នាំ​២០០៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ