អានតួអត្ថបទ
កម្ពុជា

ចំនួន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​កើន​ដល់​៦១នាក់​គិត​ត្រឹម​ថ្ងៃ​អាទិត្យ

ទឹក​ជំនន់​ចាប់​ផ្តើម​ស្រក ​​រីឯ​​ទំហំ​នៃ​ការ​ខូចខាត​កាន់តែ​កើន​ឡើង។ តួលេខ​ចុង​ក្រោយ​បាន​បង្ហាញ​ថា ទឹក​ជំនន់​ដោយទឹក​ភ្លៀង ​និង​ទឹក​ជំនន់​ទន្លេមេគង្គ​បាន​សម្លាប់​ប្រជាជន​ខ្មែរ​អស់​​៦១​នាក់​។ ប្រជាជន​ជាង​៨​ម៉ឺន​គ្រួសារ​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ ក្នុង​នោះ​​ជាង​១ម៉ឺន​គ្រួសារ​ត្រូវ​បាន​សង្គ្រោះ​ទៅ​កាន់​ទីទួល​សុវត្ថិភាព។

ដំណាំ​រាប់ពាន់​ហិចតា​ត្រូវ​ទឹកជន់លិច
ដំណាំ​រាប់ពាន់​ហិចតា​ត្រូវ​ទឹកជន់លិច REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​​នៃ​ប្រទេស​កម្ពុជា ​បាន​ថ្លែង​ប្រាប់​តាម​ទូរស័ព្ទ ​នៅរសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា ស្ថានភាព​ទឹក​ជំនន់​ទន្លេមេគង្គ​ និង​ទឹក​ភ្លៀង ​បាន​ចាប់​ផ្តើម​ស្រក​បន្តិច​ហើយ។ ទឹក​ទន្លេមេគង្គ​នៅ​ក្នុងខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​ក្រចេះ​ចាប់ផ្តើម​ស្រក​តាំង​ពី​ម្សិលមិញ ​ហើយ​វា​នឹង​បន្ត​ស្រកចុះ​ថែមទៀត​នៅថ្ងៃ​ខាងមុខ​នេះ។ រីឯ​បញ្ហាទឹក​ភ្លៀង​វិញ​ក៏​ចាប់ផ្តើម​ធូរស្រាល​ហើយដែរ។

ទឹកជំនន់​ទឹកភ្លៀង​ និង​ទឹក​ជំនន់​ទន្លេ​មេគង្គ​បាន​វាយ​ប្រហារ​មក​លើ​ខេត្ត​ក្រុង​ ចំនួន​១៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ តួលេខ​ចុង​ក្រោយ​ ដែល​ផ្តល់​ដោយ​លោក កែវ វី នាយ​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ ​នៅថ្ងៃ​អាទិត្យនេះ​ បាន​បញ្ជាក់​ថា រហូត​មកដល់​ពេល​នេះ ចំនួន​​អ្នកស្លាប់​ដោយសារ​ទឹក​ជំនន់​ទឹកភ្លៀង​និង​ទឹកជំនន់​ទន្លេមេគង្គ​បាន​កើនដល់ ​៦១​នាក់​ ក្នុងនោះ​​មានក្មេង​ ​ចំនួន​៣៤​នាក់។

ខេត្ត​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ គឺ​ខេត្ត​កំពង់ចាម​​ចំនួន​២០​នាក់​ ខេត្ត​កំពង់ធំ​ចំនួន​១៨​នាក់ ខេត្ត​ព្រៃវែង​ចំនួន​១៥​នាក់​។ ក្នុងខេត្ត​កំពង់ធំ មនុស្ស​ពីរនាក់ស្លាប់​ដោយសារ​ពស់​ចឹក​ពេលទឹកជំនន់​។ ក្រៅពី​នេះ អ្នក​ស្លាប់​ទាំងអស់ ​​គឺ​បណ្តាល​មកពី​​ការ​លង់ទឹក។
លោក កែវ វី នាយ​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​បាន
​លម្អិត​បន្ថែម​ថា ទឹកជំនន់​បាន​សម្លាប់ គោ​ ក្របី​ ចំនួន ៦៧​ក្បាល​ ​ សាលា​រៀន ២៥៥​ខ្នង​ត្រូវ​លិចលង់​ វត្តអារាម​១៤៧​កន្លែង​ត្រូវ​រងគ្រោះ​ ផ្ទះសម្បែង​ជាង​៧​ម៉ឺន​ខ្នង​ត្រូវ​លិចលង់​ និង​​ដំណាំកសិកម្ម​រាប់ពាន់​ហិចតា​ផ្សេងទៀត​បាន​ទទួល​រង​ផលប៉ះពាល់​ដោយសារ​ទឹក​ជំនន់។

នៅព្រឹក​ថ្ងៃ​អាទិត្យនេះ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ខេត្ត​កំពង់​ធំ ពី​ទី​កន្លែង​លិចទឹក​ថា នេះ​ជា​លើក​ទី១​ហើយ ដែល​ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ ជួយ​សង្រ្គោះ​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅក្នុង​ខេត្ត​សៀមរាប ។ លោក​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​នេះ​ជា​បន្ទាន់។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០០០កន្លង​ទៅ ដោយសារ​ទឹក​ជំនន់ ប្រទេស​កម្ពុជា​ខាតបង់​ទឹកប្រាក់​១៦០​លាន​ដុល្លារ​អាមេរិក ​និង​បាត់បង់​ជីវិត​មនុស្ស​ជាង​៦០​នាក់។ នៅឆ្នាំ​២០០១ ដោយសារ​ទឹក​ជំនន់​ដដែល ប្រទេស​កម្ពុជា​​ខាតបង់​ទឹកប្រាក់​ជាង​៨០​លាន​ដុល្លារ​អាមេរិក​ និង​មាន​មនុស្ស​ស្លាប់​ជាង​៥០​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ