អានតួអត្ថបទ
កម្ពុជា

វេទិកា​លើក​ដំបូង​នៅ​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង

ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង​ រៀប​ចំ​វេទិកា​រាស្ត្រ ​និង​អ្នក​តំណាង​រាស្ត្រ​ ជា​លើក​ដំបូង​ នៅ​ថ្ងៃ​អង្គារ​ ទី​២៨​ ខែ​តុលា ​ឆ្នាំ​២០១៤ ​វេលា​ម៉ោង​២​រសៀល។​ វេទិកា​ថ្ងៃ​ស្អែក​ ដឹក​នាំ​ដោយ​លោក​ស្រី ​មួរ សុខ​ហួរ​ អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ​មន្ត្រី​ការិ​យាល័យ​អ្នក​តំណាង​រាស្ត្រ​ខេត្តបាត់ដំបង​ បាន​បញ្ជាក់​អំពី​ការ​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍​នោះ​ ខណៈ​អគ្គលេខា​ធិការដ្ឋាន​រដ្ឋ​សភា​ជាតិ​អះអាង​ថា​ «មិន​បាន​ដឹង»​អំពី​រឿង​នេះ។

លោកស្រី មួរ សុខហួរ  អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​​ខេត្ត​បាត់ដំបង​ មក​ពី​​គណបក្ស​​សង្គ្រោះ​​ជាតិ​
លោកស្រី មួរ សុខហួរ អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​​ខេត្ត​បាត់ដំបង​ មក​ពី​​គណបក្ស​​សង្គ្រោះ​​ជាតិ​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយបានថា វេទិការាស្ត្រ និង​អ្នកតំណាងរាស្ត្រ នៅ​ថ្ងៃ​អង្គារ ទី២៨ ខែតុលា ឆ្នាំ​២០១៤​ វេលា​ម៉ោង២រសៀល គឺជា​ព្រឹត្តិការណ៍​ដំបូង​បំផុត ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ការិយាល័យ​​អ្នកតំណាងរាស្ត្រ​ខេត្តបាត់ដំបង។ វា​ក៏​ជា​វេទិកា​លើក​ទី១ដែរ សម្រាប់​ការិយា​ល័យ​​អ្នកតំណាងរាស្ត្រ​នៅ​ទូទាំងប្រទេស ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អគ្គ​នាយក​ដ្ឋាន​សេវា និង​បច្ចេកទេស នៃ​រដ្ឋសភាជាតិ​កម្ពុជា។

លោក ហ៊ុយ ហៀ​ង មន្ត្រី​ការិយាល័យ​អ្នកតំណាងរាស្ត្រ​ខេត្តបាត់ដំបង បានបញ្ជាក់​ឱ្យដឹងថា ការត្រៀម​រៀបចំ​វេទិកាសាធារណៈ ត្រូវបានធ្វើ​រួចរាល់​ហើយ ដូចជា​ការ​កាត់​ស្មៅ និង​សម្អាត​ទីតាំង ដែល​ស្ថិតនៅ​សង្កាត់​ព្រែក​ព្រះស្តេច​នោះ​ជាដើម។ បើតាម​មន្ត្រី​រូបនេះ ព្រឹត្តិការណ៍​នៅ​រសៀល​ថ្ងៃ​អង្គារ ត្រូវបាន«ជូនដំណឹង»ទៅ​អគ្គនាយកដ្ឋាន​សេវា និង​បច្ចេកទេស នៃ​រដ្ឋសភាជាតិ​រួចហើយ។ ដោយឡែក មន្ត្រី​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភាព​ជាតិ​បាន​អះ​អាង​ថា«មិនបាន​ដឹង»អំពី​រឿងនេះ​ទេ។

យ៉ាងណាក៏ដោយ លោកស្រី មួរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ធ្វើ​វេទិកា​នោះ ពន្យល់ថា វា​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​សមាជិកសភា​ជាតិ ហើយ​សាលាខេត្ត​បាត់ដំបង​ក៏«បាន​ឯកភាព»ដែរ។ លោកស្រី មួរ សុខ​ហួរ បាន​បន្ថែមថា លិខិតអញ្ជើញ​ត្រូវបាន​ចែក​រួចជាស្រេច គ្រាន់តែ​ថា វា​ជា​វេទិកា​ដែល​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ផ្តួចផ្តើម​ធ្វើ។ លោកស្រី «មិន​ប្រាកដ​ទេ»ថា តំណាង​រាស្ត្រ​​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ឬ​អត់។

លោក សម រង្ស៊ី ដែល​ទើប​វិលត្រឡប់​មកពី​អឺរ៉ុប​វិញ នឹង​មិនមាន​វត្តមាន នៅក្នុង​វេទិកា​ថ្ងៃ​អង្គារ​នោះទេ ប៉ុន្តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ នឹង​ទៅ​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​មួយ​ផ្សេងទៀត នៅ​ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង​នា​ថ្ងៃ​បន្ទាប់។ នេះ​បើតាម​លោកស្រី មួរ សុខ​ហួរ ដែលជា​អគ្គនាយិកា​ទំនាក់ទំនង​សាធារណៈ​នៃ​គណបក្ស​ប្រឆាំង​ផងដែរ។

កន្លងទៅ ការិយាល័យ​អ្នកតំណាងរាស្ត្រ​នៅតាម​ខេត្ត ក្រុង​ទូទាំងប្រទេស ត្រូវបាន​សាធារណៈ​ជន​កត់សម្គាល់​ថា មិនសូវ​ធ្វើ​សកម្មភាព​ទេ ហើយ​ខ្វះ​ការសម្អាត​និង​មាន​ស្មៅ​ដុះ​ទ្រុប​ទ្រុល។ ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ច្រើនតែ​មកដល់​ភ្នំពេញ​តែម្តង នៅពេល​មាន​បញ្ហា​ចង់ឱ្យ​អ្នកតំណាងរាស្ត្រ​ជួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ