អានតួអត្ថបទ
G20

ជំនួបថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ហ្សេ២០ ដើម្បី​ត្រៀម​ទទួល​ជំនួប​កំពូល

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​ប្រធានធនាគារ​កណ្តាល​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ ទាំង​២០ ឬ​ហៅ​កាត់​ថា​G២០ ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ស្អែក​នេះ នៅ​ក្រុងម៉ូស្គូ​ប្រទេស​រុស្ស៊ី។ ជាជំនួប​ប្រជុំ​ត្រៀម​បើក​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​កញ្ញាខាងមុខ។ ប៉ុន្តែ​នេះ​គឺ​ជា​លើក​ទី​បី​ហើយ​ដែល​ក្រុម​អ្នក​​ក្តាប់​ហិរញ្ញវត្ថុ​របស់​ប្រទេស​អ្នកមាន និង​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​ស្ទុះ​ឡើង​ជួប​គ្នា​ដូច្នេះ។ ប្រធានបទ​ចម្រូង​ចម្រាស​គ្នា​មាន​ខ្វះ​ទេ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​ប្រធាន​ធនាគារ​កណ្តាល​នៃ​ក្រុម​ប្រទេស​ G20 ជួប​ប្រជុំ​គ្នា​នៅ​ម៉ូស្គូ​ថ្ងៃទី​១៦​កុម្ភៈ​២០១៣
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​ប្រធាន​ធនាគារ​កណ្តាល​នៃ​ក្រុម​ប្រទេស​ G20 ជួប​ប្រជុំ​គ្នា​នៅ​ម៉ូស្គូ​ថ្ងៃទី​១៦​កុម្ភៈ​២០១៣ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ជា​មួយ​នឹង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ស្អិត​ដិតដាម​ទៅ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ចេញ​ពុំ​រួច កំណើន​សេដ្ឋកិច្ច​ចាប់​ផ្តើម​រើប​យ៉ាង​ត្រដាប​ត្រដួស​នៅ​សហរដ្ឋ​អាមេរិក និង​ការ​បន្ថយ​ល្បឿន​សេដ្ឋកិច្ច​​របស់​ចិន ផ្ទៃមេឃ​នៃ​សេដ្ឋកិច្ចពិភពលោក​គ្មាន​ពន្លឺ​សោះ ពេល​ខាងមុខ។ ហើយ​ក្រុម​ប្រទេស​ហ្សេ២០​ដែល​ត្រូវ​ជួប​គ្នា​ជា​ថ្មី​​នៅទីក្រុង​ម៉ូស្គូ​ថ្ងៃ​នេះ ហាក់​ដូច​ជា​មាន​គំនិត​ខ្វែង​គ្នា​ដដែល។

ប្រទេស​អាល្លឺម៉ង់​បាន​ឱ្យ​ដឹង​ជាមុន​ស្រេច​ ទន្ទេញ​ដដែលៗ​ពីភាព​ចាំ​​បាច់​នៃ​​​កាត់​បន្ថយ​​បំណុល។ សម្រាប់​បែរឡាំង កំណើន​សេដ្ឋកិច្ច​ពិត​ជា​អាច​​មាន​ទោះបី​ជា​ត្រូវ​​ត្បិតត្បៀត​ចំណាយ​សាធារណៈ​យ៉ាង​ណា​ក៏ដោយ។ ផ្ទុយ​ទៅ​វិញ សហរដ្ឋ​អាមេរិក​នឹង​ទាមទារ​ឱ្យ​ដៃគូ​អឺរ៉ុប​​រៀប​ចំ​ផែនការ​​មួយ​ដើម្បី​ធ្វើ​ឱ្យមាន​ការ​ចាយ​វាយ និង​មាន​កំណើន​សេដ្ឋកិច្ច។

ចំណែក​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូត​លាស់​ខ្លាំង​វិញ នឹង​ស្នើ​សុំសំណង​ពី​អាមេរិក ! ការ​ប្រកាស​ចេតនា​ចង់​កាត់​បន្ថយ​កម្មវិធី​ទ្រទ្រង់់​សេដ្ឋកិច្ច​ នឹង​អាច​ធ្វើ​ឱ្យ​ថវិកា​ជាច្រើន​ហូរ​ចេញ​ពី​ប្រទេស។ ផែនការ​​ផ្តល់សន្ទុះ​សេដ្ឋកិច្ច​របស់​ជប៉ុន​ ក៏​នឹងត្រូវ​ពនិត្យពិច័យ​ យ៉ាង​លម្អិត​ដែរ ព្រោះតូក្យូ​មិន​ទាន់​​បាន​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​សេដ្ឋកិច្ច​​ ចាស់​គំរិល​របស់​ខ្លួន​ដូច​សន្យា​នៅ​ឡើយ​ទេ។

ប៉ុន្តែ​ជា​សំណាង​ល្អ ក្រុម​ប្រទេស​ហ្សេ​២០ បាន​ព្រមព្រៀង​គ្នា​លើ​សំណុំ​រឿង​ខ្លះ​ មាន​ជាអាទិ៍ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ការ​គេចពន្ធ​ ឬ​រឿង​សំងាត់​ធនាគារ។ ជំនួប​ប្រជុំ​ក្រុង​ម៉ូស្គូ​នេះ​ ជា​ឱកាស​ដែល​អ្នក​ទទួល​ខុស​ត្រូវ​ហិរញ្ញវត្ថុ​ទាំងអស់​​ត្រូវ​បូក​សរុប​បញ្ចប់​លទ្ធផល​ដែល​ទទួល​បាន​។ របាយការណ៍​របស់​អង្គការ​ OCDE លើ​ប្រធានបទ​នេះ នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ