អានតួអត្ថបទ
រុស្ស៊ី

ធាតុអាកាស​ត្រជាក់ខ្លាំង ផ្អាក​ការ​រៀនសូត្រ​នៅ​តាម​សាលាមធ្យមសិក្សា

ដំណឹងនេះ ផ្សាយ​គ្មាន​រំលង​ឡើយ តាំង​ពី​ព្រឹកមិញ​មក ដោយ​ប៉ុស្តទូរទស្សន៍​ធំៗ​នៃ​ប្រទេស ដែល​លំអិត​ថា ឆ្នាំនេះ រដូវ​ធា្លក់​ទឹកកក ពាំនាំ​មក​នូវ​សីតុណ្ហភាព​ត្រជាក់​ប្លែក​ពី​ធម្មតា នៅ​តាម​តំបន់​ភាគច្រើន​នៃ​ប្រទេស ជាពិសេស​នៅ​តំបន់​ស៊ីបេរី គឺ​ចុះ​ដល់​ទ្រនិច​ពី​៤០ ទៅ​៥០អង្សា​ក្រោម​សូន្យ ទាល់​តែ​អាជ្ញាធរ​អនុគ្រោះ​ដល់​សិស្សសាលា​កុំ​ធ្វើ​ដំណើរ​ទៅ​រៀន​អី។

ធាតុអាកាស​ត្រជាក់ខ្លាំង ផ្អាក​ការ​រៀនសូត្រ​នៅ​តាម​សាលាមធ្យមសិក្សា
ធាតុអាកាស​ត្រជាក់ខ្លាំង ផ្អាក​ការ​រៀនសូត្រ​នៅ​តាម​សាលាមធ្យមសិក្សា
ផ្សាយពាណិជ្ជកម្ម

ត្រជាក់មែនទែន គឺ​គ្របដណ្តប់​ពេញ​លើ​តំបន់​ស៊ីបេរី​ខាងលិច និង​ខាងកើត បែប​យ៉ាង​នៅ​ខេត្ត Altai Novosibirsk Irkoutsk Omsk Tyva ភ្នំ Oural ជាទី​ដែល​សីតុណ្ហភាព​ជាទូទៅ នៅ​ជុំវិញ​៤០អង្សា​ក្រោម​សូន្យ ហើយ​នៅ​ឯ​ឧបទ្វីប Kamchatka ចុងបូព៌ា​ប្រទេស ចម្ងាយ ៨.២០០គ.ម. ពី​ម៉ូស្គូ​គឺ​ដល់​ទៅ​៥២អង្សា​ក្រោម​សូន្យ ឬ​ពី១០ ទៅ១៥ អង្សា​ទាប​ជាង​ធម្មតា។ ករណី​ខេត្ត Tyva នៅ​ចម្ងាយ​ជាង៤.៦០០គ.ម.ខាង​កើត​ពី​រដ្ឋធានី​ម៉ូស្គូ ក្នុង​ក្រុង Kysyl ដោយ​មក​ពី​ព្រឹកមិញ ធាតុអាកាស​ចុះ​ដល់​៤៤អង្សា​ក្រោម​សូន្យ ការ​សិក្សា​នៅ​តាម​សាលារៀន​នៃ​ក្រុង​នេះ ដែល​មាន​បណ្តាជន ១សែន១ម៉ឺននាក់ ត្រូវ​លុប​មិន​ឲ្យ​ប្រព្រឹត្ត​ទៅ​ទេ។ ដ្បិត​ស្រប​នឹង​បទណែនាំ​ចេញ​ដោយ​អាជ្ញាធរ​សិក្សាធិការ​ខេត្ត ដរាប​ណា​ដែល​ធាតុអាកាស​ចុះ​ដល់​៤០អង្សា​ក្រោម​សូន្យ គឺ​ហាម​មិន​ឲ្យ​សិស្ស​ពី​ថ្នាក់ទី១ ដល់​ទី៤​ទៅ​រៀន​ឡើយ បើ​ចុះ​ដល់​៤១-៤២អង្សា បម្រាម​នោះ​ប៉ះ​ដល់​សិស្ស​រហូត​ដល់​ថ្នាក់ទី៩ នៅ​ទីបំផុត បើ​ចុះ​ដល់​ក្រោម ៤៣អង្សា គឺ​រួម​ក្តោប​ទាំង​សិស្ស​ថ្នាក់​លើ គឺ​ថ្នាក់ទី១០ និង​ទី១១។

របប​សិក្សា​បែប​នេះ ក្នុង​លក្ខណៈ​នៃ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ក៏​ត្រូវ​គេ​អនុវត្ត​នៅ​តាម​ខេត្ត​ផ្សេងៗ​នៃ​តំបន់​ស៊ីបេរី។ តាម​ឧត្តុនិយម ធាតុអាកាស​ត្រជាក់ខ្លាំង​នៅ​តំបន់​នោះ​ដែល​បាន​ចាប់​ផ្តើម​ប៉ុន្មាន​ថ្ងៃ មុន​នឹង​ពន្យារ​ទៅ​ពេញ​មួយ​សប្តាហ៍​នេះ​តែ​ម្តង។ ឧត្តុនិយម​ខេត្ត Irkoutsk ដែល​ស្ថិត​នៅ​ចម្ងាយ ៥.២០០គ.ម. ពី​ម៉ូស្គូ​បាន​ឲ្យ​ដឹង​ថា បើ​គិត​ក្នុង​៣០ឆ្នាំ​ចុងក្រោយ គឺ​តែ ២លើក​ប៉ុណ្ណោះ ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​យ៉ាង​គំហុក​បែប​នេះ។ ព្រឹកមិញ នៅ​អាកាសយានដ្ឋាន​ទីរួមខេត្ត​នេះ យន្តហោះ​ដែល​ត្រូវ​ដឹក​ទេសចរ​ទៅ​សម្រាក​នៅ​ឆ្នេរសមុទ្រ​ថៃ ស្រាប់​តែ​មិន​អាច​ហោះ​ចេញ ដោយ​មក​ពី​ធាតុអាកាសត្រជាក់ ធ្វើ​ឲ្យ​រអាក់រអួល​ដល់​ប្រព័ន្ធ Computer របស់​វា។

ទាំង​សត្វ​ក៏​រងគ្រោះ​ដែរ​នឹង​ធាតុអាកាសត្រជាក់​ខ្លាំង។ ប៉ុន្មាន​ថ្ងៃ​មុន ទូរទស្សន៍​បញ្ចាំង​ឲ្យ​ឃើញ​ឧប្បត្តិហេតុ​មួយ​កើត​ឡើង មក​ពី​អគ្គីភ័យ ស្រាប់​តែ​ឆេះ​ក្នុង​រថយន្តទ្រុង ដឹក​ដំរី២ក្បាល ជា​ដំរី​លេង​សៀក​នៅ​ខេត្ត Novosibirsk ចម្ងាយ៣.៣០០គ.ម.ពី​ម៉ូស្គូ។ ម្ចាស់ដំរី​ទាំង២​នោះ ដោយ​ខំ​ជួយ​សង្គ្រោះ​វា រូបគាត់​ផ្ទាល់​ត្រូវ​រលាក​ខ្លាំង​នឹង​ធាតុអាកាសត្រជាក់​ជាង​៤០អង្សា ក្រោមសូន្យ ហើយ​ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ។ ចំណែក​ដំរី​ទាំង២ក្បាល​នោះ​ដែល​អាយុ​សុទ្ធ​តែ​ជាង៣០ឆ្នាំ ក៏​រលាក​នៅ​ត្រង់​ស្លឹក​ត្រចៀក​វា ហើយ​ដើម្បី​កុំ​ឲ្យ​វា​រងារ​ពេក ក្រុមសង្គ្រោះ​បាន​ឲ្យ​វា​ផឹកទឹក ដោយ​លាយ​នឹង​ស្រា Vodka សរុប​ទៅ​អស់២កែស។

បើ​និយាយ​ពី​រដ្ឋធានី​រុស្ស៊ី​វិញ ក៏​ត្រជាក់​គួរ​ដែរ អស់​ប៉ុន្មាន​ថ្ងៃ​ជាប់​មក​ហើយ សីតុណ្ហភាព​ពេល​ថ្ងៃ គឺ​ពី​១៤ ទៅ​១៧អង្សាក្រោមសូន្យ ហើយ​យប់​គឺ​ចុះ​ដល់​២១-២២អង្សា។ ឧត្តុនិយម​ព្យាករណ៍​ថា របប​សីតុណ្ហភាព​នេះ​នឹង​ពន្យារ​ទៅ​រហូត​ដល់​ចុង​សប្តាហ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ