អានតួអត្ថបទ
ជប៉ុន

“ស្ត្រីបំរើ​ភេទ​ទាហាន​ជប៉ុន”​ ក្រុងតូក្យូ​មិន​សើរើ​​ការ​​សុំទោស​របស់ខ្លួន​ក្នុងឆ្នាំ​១៩៩៣ទេ​

នៅថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ថា ​គ្មាន​បំណង​បកក្រោយសើរើ​​​​​មើល​ការ​សុំទោស​ជាសាធារណៈ​ ដែល​ជប៉ុន​ធ្លាប់​បាន​ធ្វើ​​កាលពីឆ្នាំ​១៩៩៣ ចំពោះ​​ស្ត្រី​​ដែល​ត្រូវគេ​បង្ខំ​អោយ​​បំរើ​ផ្លូវភេទ​កងទ័ព​​ជប៉ុន​ ក្នុង​សម័យ​សង្គ្រាមលោក​លើកទី២នោះទេ។ ប៉ុន្តែ ជប៉ុន​នឹង​​​ពិនិត្យ​ឡើងវិញ​​នូវ​​​អំណះអំណាង​​សាក្សី​​របស់​ស្ត្រីកូរ៉េ​១៦នាក់ ដែល​ធ្លាប់​បានបំរើ​ផ្លូវភេទ​​កងទ័ព​ជប៉ុន ក្នុង​សម័យ​សង្គ្រាម​លោក។ រដ្ឋាភិបាល​​ជប៉ុន​​​ប្រកាស​បែបនេះ​​ ​បន្ទាប់​ពី​​​​អ្នកប្រវត្តិសាស្ត្រ​​ជប៉ុន​​ច្រើន​​រូប​​ បាន​​​ថ្កោលទោស​​ កាលពី​ថ្ងៃ​សុក្រ ​ចំពោះ​ការ​​ដែល​រដ្ឋាភិបាល​​​​ចង់​បកក្រោយ​​ចំពោះ​​ការសុំទោស​​​របស់​ខ្លួន​​ កាលពី​ឆ្នាំ​១៩៩៣។

លោក Yoshihide Suga ប្រាប់ថា រដ្ឋាភិបាល​ជប៉ុន​មិនបកក្រោយ​ចំពោះ​ការសុំទោស​ឆ្នាំ១៩៩៣វិញទេ។
លោក Yoshihide Suga ប្រាប់ថា រដ្ឋាភិបាល​ជប៉ុន​មិនបកក្រោយ​ចំពោះ​ការសុំទោស​ឆ្នាំ១៩៩៣វិញទេ។ REUTERS/Toru Hanai/Files
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទនេះ ​​លោក យ៉ូស្ហ៊ីហ៊ីត ស៊ូហ្កា តំណាង​រដ្ឋាភិបាល​ជប៉ុន​ ​បានលើកឡើង​ថា ​រដ្ឋាភិបាល​​ជប៉ុន​​​គ្មាន​បំណង​បកក្រោយ​និយាយពី​ការសុំទោស​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ជា​សាធារណៈ​​​ កាលពីឆ្នាំ​១៩៩៣ ​​ចំពោះស្ត្រី​ដែល​ធ្លាប់​បំរើ​ផ្លូវភេទ​កងទ័ពជប៉ុន​ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២ទេ។ ​ កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ រដ្ឋាភិបាល​​ជប៉ុន​ធ្លាប់​ប្រាប់ថា ខ្លួន​​នឹង​សិក្សា​​​​លើ​អំណះអំណាង​កក្សិណ​​​សាក្សី​​របស់​ស្ត្រីកូរ៉េ​១៦នាក់ ដែលធ្លាប់​បំរើផ្លូវភេទ​កងទ័ពជប៉ុន។ ការ​ប្រកាស​នេះ ធ្វើអោយ​គេគិត​ថា ជប៉ុន​នឹងសិក្សា​ចម្លើយ​​កក្សិណ​​សាក្សី​របស់​ស្ត្រី​កូរ៉េ​ទាំងនេះ ដើម្បី​សើរើ​​មើលពាក្យសុំទោស​​ខ្លួនឡើងវិញ។

គួររំលឹក​ឡើងវិញ​​ថា ក្នុង​សម័យសង្គ្រាម​លោក​លើកទី២ ស្ត្រី​២សែននាក់ ​ជា​ជនជាតិ​កូរ៉េ ចិន ឥណ្ឌូណេស៊ី​ ហ្វីលីពីន និង​តៃវ៉ាន់ ភាគច្រើន​ជា​អនិតិជន បាន​ត្រូវ​គេ​បង្ខំ​អោយ​ធ្វើជា​ទាសករ​បំរើ​​ផ្លូវភេទ​កងទ័ព​ជប៉ុន។ ស្ត្រី​ភាគច្រើន​ជា​ជនជាតិ​កូរ៉េ។ កាលពី​ឆ្នាំ​១៩៩៣ រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​បាន​ធ្វើការ​សុំទោស​ជាសាធារណៈ និង​សំដែង​ការ​សោកស្តាយ​ ចំពោះ​ការ​ដែល​​ស្ត្រី​ទាំងនោះ​ត្រូវបាន​បង្ខំអោយ​​ធ្លាក់​ខ្លួន​ចូល​ក្នុង​ ទាសភាព​ផ្លូវភេទ។ ប៉ុន្តែ​នៅខែ​កុម្ភៈ​មុននេះ រដ្ឋាភិបាល​ជប៉ុន​​បាន​ប្រកាសពិចារណា ​​ដកពាក្យសុំទោស​ឆ្នាំ១៩៩៣ចេញ​​វិញ។

ជប៉ុន​បានប្រើពាក្យ​ថា "ស្ត្រីបំរើ​ផ្លូវភេទ" ​ដើម្បីដាក់​និយមន័យ​អោយ​ស្ត្រីរងគ្រោះ​ក្នុង​ទាសភាព​ទាំងនោះ។​ ​ដោយសារ​តែ​រឿង​នេះ​​ កូរ៉េខាងត្បូង​និង​ចិន​​មាន​ការ​ខឹង​សម្បារ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន។ ភាពតានតឹង​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​ផ្ទុះ​ឡើង ក្នុង​ខែ​កុម្ភៈ​មុននេះ នៅពេល​ដែល​ប្រធាន​ក្រុមហ៊ុន​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋជប៉ុន​មួយរូប បាន​ប្រកាសថា ការ​បង្ខំ​អោយ​មាន​ពេស្យាចា​ គឺ​តែងតែ​កើតឡើង​ក្នុង​ប្រទេស​​មាន​សង្គ្រាម​ជានិច្ច។ ពាក្យពេចន៍​អស់នេះ​​បាន​ធ្វើអោយ​ចិន​និង​កូរ៉េខាងត្បូង​ផ្ទុះ​កំហឹង។ ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​រូបនោះ​ក៏​បាន​ធ្វើការ​សុំទោស​​​វិញ ប៉ុន្តែ​បាន​លើកឡើង​ថា ពាក្យពេចន៍​ដែល​បាន​ប្រើ​នោះគ្រាន់តែ​បង្ហាញពី​ការ​យល់ឃើញ​ផ្ទាល់ខ្លួន​គាត់​តែ​ប៉ុណ្ណោះ។

 
ដោយសារ​រឿងជូរចត់​ទាសភាពផ្លូវភេទ​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហឺ ​បាន​ព្រមានជប៉ុន​​ថា ជប៉ុន​អាច​នឹង​នៅ​ឯកា ប្រសិន​បើ​នៅតែ​បន្ត​ដើរ​ផ្លូវនេះ​ទៀត។ កូរ៉េខាងត្បូង​ពិបាក​នឹងជឿជាក់​​ថា ជប៉ុនបាន​សំដែង​ការសោកស្តាយ​ចំពោះ​បញ្ហា​នេះ​ដោយ​សុទ្ធចិត្ត​ណាស់។ តាំងពី​នាយករដ្ឋមន្ត្រីជប៉ុន​ ស្ហ៊ីនហ្សូ អាបេ កាន់អំណាច​​នៅ​ចុង​ឆ្នាំ​២០១២មក ​​គេ​មិនដែល​ឃើញ​មាន​ជំនួប​កំពូល​រវាង​​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់គុនហឺ និង​លោក​អាបេ​នោះទេ៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ