អានតួអត្ថបទ
ថៃ

គេហដ្ឋាន​​មេដឹកនាំប្រឆាំង អភិសិត វេចាជីវ៉ា រងការផ្ទុះ​

នៅប្រទេស​ថៃ ក្នុង​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មានការ​ផ្ទុះ​មួយ​បានកើតឡើង នៅ​គេហដ្ឋាន​របស់​មេដឹកនាំ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ថៃ គឺ​អតីត​នាយករដ្ឋមន្ត្រីថៃ អភិសិត​ វេចាជីវ៉ា។ ដំបូលផ្ទះ​មួយភាគ​ របស់​លោកអភិសិត ​បាន​រង​ការបំផ្លាញ ប៉ុន្តែ គ្មាន​មនុស្ស​ណាម្នាក់​រង​របួស​នោះទេ។ ​នៅថ្ងៃ​ពុធ​នេះដែរ​ សកម្មភាព​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​​ នៅតែ​បន្ត​​ធ្វើ​ នៅ​ក្រុងបាងកក។

លោក Abhisit Vejjajiva
លោក Abhisit Vejjajiva Reuters
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​ថៃ​ យប់​ថ្ងៃ​អង្គារ​ម្សិលមិញនេះ ការផ្ទុះ​កើតឡើង​នៅគេហដ្ឋាន​មេដឹកនាំ​ប្រឆាំង​ថៃ អភិសិត​​ វេចាជីវ៉ា មិនបាន​បង្ក​ការខូចខាត​អ្វី​ធំដុំ​នោះទេ។ មានតែ​ដំបូល​ផ្ទះ​​​មួយចំណែក​ប៉ុណ្ណោះ ដែល​រងការ​បំផ្លាញ។ យោងតាម​ប៉ូលិសថៃ ការផ្ទុះ​នេះ​មិន​មែន​បង្កឡើង​ដោយគ្រាប់បែក​​ទេ។ ប៉ូលិស​គិតថា គឺ​​ភ្លើង​កាំជ្រួច​​ទៅវិញទេ ដែល​បង្ក​អោយ​មានការផ្ទុះ។

នៅថ្ងៃ​ពុធ​នេះដែរ អាជ្ញាធរ​ថៃ​បាន​ប្រាប់ថា ការបាញ់ប្រហារ​​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ បាន​បង្ក​អោយ​មាន​មនុស្ស​របួស​២នាក់។​ រូបភាព​ទូរទស្សន៍ បាន​បង្ហាញ​ពី​ជន​​​មិនស្គាល់​អត្តសញ្ញាណ​មួយរូប​ ដែល​បាន​បាញ់​កាំភ្លើង​ប្រមាណ​ជាង​១០គ្រាប់។

​ដោយឡែក នៅថ្ងៃ​ពុធនេះ សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ បាន​បន្ត​បាតុកម្ម​របស់​ខ្លួ​ន​ ដោយ​បានគំរាម​​បង្ក​ការរាំងស្ទះ ដល់​ទីផ្សារ​ភាគហ៊ុន និង​អាកាសយានដ្ឋាន​​ជាច្រើន​កន្លែង។ ទោះយ៉ាងនេះ​ក្តី គេ​មិនបាន​​សង្កេត​ឃើញ​មាន​ការរាំងស្ទះ​អ្វីនោះទេ។ ជាង២ខែ​មកនេះ សកម្មជន​នៅតែ​ទាមទារ​​អោយ​រដ្ឋាភិបាល​ចុះចេញ​ពីតំណែង។ សម្រាប់ពួកគេ លោកស្រី​យីងឡាក់​ដឹកនាំ​ប្រទេស​តាមបែបផែន​របស់​​អតីត​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន ដែល​ជា​បងប្រុស​លោកស្រី។ ដូច្នេះ អំពើពុករលួយ​នៅតែ​បន្ត​មាន​ក្នុង​ប្រទេស​ដដែល។ 

នៅថ្ងៃ​ពុធ​នេះ តុលាការ​ថៃ​បាន​ចេញដីកា​ចាប់ខ្លួន​មេដឹកនាំ​ប្រឆាំង​មួយរូបទៀត គឺ​លោក ស៊ូថេប ថូស៊ូបាន ​ពីបទ​បង្ក​ការបះបោរ។ ​លោក​ស៊ូថេប នៅតែ​បន្ត​ដឹកនាំ​​ក្បួន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ នៅថ្ងៃ​ពុធនេះ។ លោក​បាន​គំរាម​ចាប់​​នាយករដ្ឋមន្ត្រី​យីងឡាក់ និង​រដ្ឋមន្ត្រី​ជាច្រើន​រូប ប្រសិន​បើ​ពួកគេ​ទាំងនេះ មិន​ចុះចេញពីតំណែង ក្នុង​ប៉ុន្មានថ្ងៃ​ខាងមុខ​នេះទេ។ ​

លោកស្រី យីងឡាក់ បានទទូច​សុំ​​អោយ​ប្រជាជន​ថៃ​ចូលរួមការ​​បោះឆ្នោត​​ក្នុង​ពេល​ខាងមុខ​​ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស។ នៅថ្ងៃ​ពុធ​នេះ លោកស្រី​បាន​រៀបចំ​ការប្រជុំ​មួយ​ សុំអោយ​មេដឹកនាំ​បក្សប្រឆាំង​​​ និង​មេដឹកនាំ​ក្រុម​ប្រឆាំង​នានា ចូលរួម​​​ចរចា លើ​ប្រធានបទ​​ស្តីពី​​ លទ្ធភាព​​​​លើកថ្ងៃ​បោះឆ្នោត ទៅពេល​ក្រោយវិញ។ ​ប៉ុន្តែ​ សមាជិក​គណៈកម្មការ​បោះឆ្នោត​ជាតិ ជា​គណៈកម្មការ​ឯករាជ្យ​បំផុត​នោះ បានបដិសេធ​មិនចូលរួម​កិច្ចប្រជុំ​នេះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ