អានតួអត្ថបទ
ចិន-ឥណ្ឌា

ចិន​និង​ឥណ្ឌា​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ ក្នុង​ទិសដៅ​ប្រឆាំង​ភេរវកម្ម​

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ នៅ​ភាគនិរតី​ប្រទេស​ចិន​ក្បែរ​ព្រំដែន​ជាមួយ​ឥណ្ឌា​ កងទ័ព​​ចិន​និងកងទ័ព​​ឥណ្ឌា​​បាន​បើក​ធ្វើសមយុទ្ធ​យោធា​រួមគ្នា​មួយ សំរាប់រយៈ​ពេល​១០ថ្ងៃ។ ​ទិសដៅ​នៃ​សមយុទ្ធ​នេះ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើភេរវកម្ម។ ទំនាក់ទំនង​​រវាង​ប្រទេសជិតខាង​​ទាំងពីរ​ ដែល​តែង​ដណ្តើមបូរណភាព​តំបន់​ហ៊ីម៉ាឡៃយ៉ា​នោះ​ ​បាន​ចាប់​ផ្តើម​ប្រសើរនឹងគ្នា​ឡើង​វិញ​បន្តិច​​ហើយ ចាប់ពី​កំឡុង​ដើមឆ្នាំ​២០១៣មកនេះ។

ទាហានឥណ្ឌា។ ឥណ្ឌា​បញ្ជូន​​ទាហានខ្លួន១៦២នាក់ ទៅធ្វើសមយុទ្ធ​រួមគ្នា​ជាមួយចិន នៅ​ភាគនិរតី​ប្រទេស​ចិន។
ទាហានឥណ្ឌា។ ឥណ្ឌា​បញ្ជូន​​ទាហានខ្លួន១៦២នាក់ ទៅធ្វើសមយុទ្ធ​រួមគ្នា​ជាមួយចិន នៅ​ភាគនិរតី​ប្រទេស​ចិន។ (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​យោធា​រួមគ្នា​រវាងកងទ័ព​​ចិន​និង​កងទ័ព​ឥណ្ឌា ក្នុង​ខេត្ត​ Sichuanភាគ​និរតី​ប្រទេស​ចិន នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ធ្វើឡើង​សំរាប់​រយៈ​​ពេល​១០ថ្ងៃ ​ក្នុងទិសដៅ​​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម។ ឥណ្ឌា​បាន​បញ្ជូន​កងទ័ព​ខ្លួន​១៦២នាក់ មកប្រទេស​ចិន ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​នេះ។

យោងតាម​អ្នកទទួលខុសត្រូវ​ឥណ្ឌា គិត​ចាប់ពី​ដើមឆ្នាំ​មក​ ទំនាក់ទំនង​រវាង​ចិននិងឥណ្ឌា​ជាប្រទេស​ជិតខាងទាំងពីរ​ បាន​ចាប់ផ្តើម​ប្រសើរនឹង​គ្នា​ឡើងវិញហើយ។ ហើយ​បើគិត​រវាង​៥ឆ្នាំ​មកនេះ សមយុទ្ធយោធា​រួមគ្នា​​នៅថ្ងៃ​អង្គារ​នេះ បានប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​មួយធូរស្រាល។ គួររំលឹក​ថា កាលពី​ខែ​មុន ចិន​និង​ឥណ្ឌា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការ​យោធារួមគ្នា​​មួយ។ កិច្ចព្រមព្រៀង​នេះ មាន​គោលដៅ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​​​ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំងពីរ។​កិច្ចព្រមព្រៀង​នេះ​មានចែង​នូវ​វិធានការ​សំខាន់ៗ ដើម្បី​អោយ​ទំនាក់ទំនង​រវាង​កងទ័ព​ចិន​និង​កងទ័ព​ឥណ្ឌា​ បាន​ប្រសើរឡើងវិញ។

គួររំលឹក​ថា ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ បាន​ធ្វើឡើង​​​បន្ទាប់​ពី​​​ទំនាក់ទំនង​រវាង​​ប្រទេស​មហាអំណាច​ទាំងពីរ​ បាន​ឈាន​ទៅ​រកភាពតានតឹង ក្នុងកំឡុង​ខែមេសា និង​ឧសភា។​ ​បញ្ហា​នៃ​ភាពតានតឹង​ គឺ​​​ជម្លោះដណ្តើម​បូរណភាព​ដែនដី​តំបន់​ហ៊ីម៉ាឡៃយ៉ា​នោះឯង។ តំបន់​នេះ​ជា​កម្មសិទ្ធិ​​ស្របច្បាប់​របស់​ឥណ្ឌា តែ​ចិន​ក៏ដណ្តើម​ថា​ជា​របស់​ជាតិខ្លួនផងដែរ។ កាលពី​ថ្ងៃ​១៥មេសា កងទ័ព​ចិន​បាន​ចូលទៅ​តំបន់​ហ៊ីម៉ាឡៃយ៉ា​ បង្ក​អោយមាន​ភាពតានតឹង​ជាមួយ​ឥណ្ឌា​ រហូត​ដល់​ទៅ​៣សប្តាហ៍។ ប្រទេស​ទាំងពីរ​បាន​ព្យាយាម​បន្ធូរបន្ថយ​បរិយាកាស​មកវិញ រហូត​សំរេច​ចេញ​ ​នូវ​សមយុទ្ធ​យោធា​រួមគ្នា ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ រាប់សិប​ឆ្នាំ​មកនេះ ចិន​និង​ឥណ្ឌា​តែងតែ​ចរចា​គ្នា​អំពី​បញ្ហា​​ព្រំដែន​ជានិច្ច តែ​ការចរចា​មិនបាន​ផ្តល់លទ្ធផល​អ្វីជាក់ស្តែង​​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ