អានតួអត្ថបទ
ស្វ៊ីស-ជនអន្តោប្រវេសន៍

OIM-HCR៖​មាន​ជនអន្តោប្រវេសន៍ ១លាននាក់​បាន​មក​ដល់​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១៥

ឧត្តមស្នងការដ្ឋាន​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ហៅ​កាត់​ថា HCR និង​អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ជនអន្តោប្រវេសន៍​ហៅ​កាត់​ថា OIM បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ចន្ទ ទី២២ ធ្នូ​ថា ពេញ​មួយ​ឆ្នាំ ២០១៥ នេះ មាន​ជនអន្តោប្រវេសន៍​ចំនួន ១លាននាក់​បាន​មក​ដល់​ទ្វីបអឺរ៉ុប។ ជនអន្តោប្រវេសន៍​ទាំង ១លាននាក់​នោះ ភាគច្រើន​បាន​ធ្វើ​ដំណើរ​ផ្សងព្រេង​ឆ្លង​កាត់​មហាសមុទ្រ​មេឌីទែរ៉ាណេ។ បើ​គិត​តាំង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២ មក នេះ​ជា​លំហូរ​ជនអន្តោប្រវេសន៍​ដ៏​ច្រើន​សម្បើម​មួយ​ដែល​អឺរ៉ុប​មិន​ធ្លាប់​ជួប​ប្រទះ​ទេ។

លោក Antonio Guterres ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន
លោក Antonio Guterres ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ONU
ផ្សាយពាណិជ្ជកម្ម

គិត​ពី​ត្រឹម​ថ្ងៃ​ទី១ មករា​ដល់​ថ្ងៃទី២១ ធ្នូ ឆ្នាំ ២០១៥ មាន​ជនអន្តោប្រវេសន៍​ចំនួន ៩៧២ ០០០នាក់​បាន​ធ្វើ​ដំណើរ​ផ្សងព្រេង​ឆ្លងកាត់​មហាសមុទ្រ​មេឌីទែរ៉ាណេ​មក​កាន់​ទ្វីប​អឺរ៉ុប នេះ​ជា​តួលេខ​ផ្តល់​ដោយ​ឧត្តមស្នងការដ្ឋាន​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន HCR។ ចំណែក​អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ជនអន្តោប្រវេសន៍ OIM បាន​ប៉ាន់ប្រមាណ​ថា មាន​ជាង ៣៤ ០០០នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៊ុលហ្ការី និង​ក្រិច​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​តួកគី។ ជា​សរុប វត្តមាន​ជនអន្តោប្រវេសន៍​ក្នុង​ទ្វីបអឺរ៉ុប​មាន​យ៉ាង​ច្រើន​សម្បើម​ដែល​អឺរ៉ុប​មិន​ដែល​ស្គាល់​ទេ បើ​គិត​តាំង​ពី​ក្រោយ​សង្រ្គាមលោកលើកទី២ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់ OIM។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ផ្សងព្រេង​តាម​ផ្លូវសមុទ្រ មាន ៣ ៦៩២នាក់​បាន​ស្លាប់ ឬ​បាត់ខ្លួន​នៅ​ក្នុង​ទឹកសមុទ្រ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​របស់ HCR និង OIM បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​ដែល​បាន​ឆ្លងកាត់​តាម​មហាសមុទ្រ​មេឌីទែរ៉ាណេ​ដោយ​ប្រថុយប្រថាន​ឆ្នាំ ២០១៥ មាន​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ពោល​មាន​កន្លះលាននាក់​ជា​ជនជាតិ​ស៊ីរី​ដែល​បាន​រត់ភៀសខ្លួន​គេច​ពី​សង្រ្គាមស៊ីវិល​ក្នុង​ស្រុក។ ចំណែក​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​អាហ្វហ្កានីស្ថាន​មាន​ប្រមាណ​ជា ២០% និង​ជនជាតិ​អ៊ីរ៉ាក់​មាន ៧%។ លោក Antonio Guterres ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​បញ្ជាក់​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​គេ​ត្រូវ​ដឹង​ពី​ការ​ដែល​ប្រទេស​អឺរ៉ុប​នីមួយៗ​យល់ព្រម​​ទទួល​យក​ចំនួន​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ ព្រោះ​លោក​យល់​ឃើញ​ថា​នៅ​ក្នុង​ប្រទេស​ខ្លះ មាន​ផ្ទុះ​ឡើង​នូវ​ចលនា​ប្រឆាំង​នឹង​ជនបរទេស។

 
ទន្ទឹម​គ្នា​នេះ លោក​Antonio បាន​ឆ្លៀត​រម្លឹក​ពី​តម្លៃ​ជា​សារវន្ត​របស់​អឺរ៉ុប ដូច​ការ​គោរព​សិទ្ធិមនុស្ស ការ​អត់ឱន និង​ភាព​សម្បូរបែប។ ចំណែក​លោក William Lacy Swing អគ្គនាយក OIM បាន​យល់​ឃើញ​ថា រឿង​ចំណាកស្រុក​ជា​រឿង​មួយ​ដែល​គេ​មិន​អាច​រារាំង​បាន ចាំបាច់ និង​ជា​ការ​ចង់​បាន​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ