អានតួអត្ថបទ
អ៊ុយក្រែន

វិបត្ត​អ៊ុយក្រែន៖​ការ​ចរចា​ជួប​បរាជ័យ ​អាវុធ​ផ្ទុះ​កាន់​តែ​ខ្លាំង

ការ​ប្រយុទ្ធ​តទល់​គ្នា​ រវាង​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​និយម​រុស្ស៊ី ​និង​យោធា​រដ្ឋាភិបាល​អ៊ុយក្រែន ​បាន​បន្ត​រ៉ាំរ៉ៃ​ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ។ បើ​ទោះ​ណា​ជា​មាន​ការ​ជួប​ចរចា​គ្នា ​ដើម្បី​ដាក់ចុះ​ នូវ​បទ​ឈប់បាញ់ បណ្តោះ​អសន្ន ក៏​ការ​ព្រមព្រៀង​គ្នា​នេះ ​មាន​សុពលភាព​មិន​បាន​យូរ​ដែរ។ ក្នុង​វេលា​យប់​ថ្ងៃ​សៅរ៍ ​ទី៣១ មករា ​ឈាន​ចូល​ព្រឹក​ថ្ងៃ​អាទិត្យ ទី១ កុម្ភៈ ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ ១៩​នាក់ ​ដែល​ក្នុង​នោះ មាន​៦នាក់ ​ជា​ប្រជាជន​សាមញ្ញ។

គ្រាប់​បែក​ធន់​ធំ ផ្ទុក​​នៅ​បន្ទាយ​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន ក្បែរ​ក្រុង ឌឺបាល់ត្សេវ ​Debaltseve
គ្រាប់​បែក​ធន់​ធំ ផ្ទុក​​នៅ​បន្ទាយ​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន ក្បែរ​ក្រុង ឌឺបាល់ត្សេវ ​Debaltseve REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បីជា មាន​ការ​ព្រមព្រៀង​គ្នា​ ដាក់​អាវុធ​បណ្តោះ​អាសន្ន ប៉ុន្តែការ​បាញ់​ផ្លោង​ដាក់​គ្នា​រវាង ​កង​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន ​និង​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​និយមរុស្ស៊ី នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ​មិន​ត្រឹម​តែ​មិន​បាន​ចុះ​ថយ​ប៉ុណ្ណោះ​ទេ ​ផ្ទុយ​ទៅ​វិញ គឺ​វា​កាន់តែ​ មាន​លក្ខណៈ​ខ្លាំងទៅៗ។ ចំនួន​អ្នក​ស្លាប់ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ​មាន​ចំនួន​មិន​ដែល​ក្រោម ​១០​នាក់​ទេ។

 
ជាក់​ស្តែង ក្នុង​ខណៈ​ពេល​ដែល ការ​ចរចា​គ្នា កាលពី​ថ្ងៃ​សៅរ៍​ទី ៣១ មករា ​មិន​បាន​ផ្តល់​ជា​លទ្ធផល ​នៅ​វេលា​យប់​ថ្ងៃ​សៅរ៍​ដដែល នេះ ​មាន​ការ​បាញ់​ប្រហារ​គ្នា​ រវាង​ក្រុម​ឧទ្ទាម ​និង​ទាហាន រដ្ឋាភិបាល​អ៊ុយក្រែន ​ដែល​បាន​សម្លាប់ ​ជីវិត​មនុស្ស​អស់ ​១៩​នាក់ ​ក្នុង​នោះ ​១៣​នាក់ ​ជា​ទាហាន ​និង​៦នាក់​ផ្សេង​ទៀត​ ជា​ប្រជាជន​ស្លូតត្រង់។

អង្គការ ​ដើម្បី​សហប្រតិបត្តិការ​និង​សន្តិសុខ​អឺរ៉ុប ​ហៅ​កាត់​ថា OSCE  ​បាន​ចោទ​ដោយ​ចំៗ​ ទៅ​លើ​ក្រុម​ឧទ្ទាម​រណប​រុស្ស៊ី ​ថា​បាន​រំលោភ​ លើ​កិច្ច​ព្រមព្រៀង​ដាក់​អាវុធ​បណ្តោះ​អាសន្ន ​ដែល​បាន​ចុះ​ហត្ថលេខា ​នៅ​ក្រុង​មីនស្គ៍ ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ ចំណែក ​ក្រុម​ឧទ្ទាម​វិញ​ ​បាន​ទាមទារ​សើររើ កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ ​ហើយ​ថា​ព្រំដែន​ដែល​បាន​គូស​ចែក​គ្នា​កាន់​កាប់ ​កាល​ពី​ខែ​កញ្ញា ​ឥឡូវ​នេះ ​លែង​ដូច​មុន​ហើយ ​ពោល​គឺ​ក្រុម​ឧទ្ទាម​ បាន​វាយ​ដណ្តើម​បាន​ធំ​ជាង​មុន។

ការ​បាញ់​ប្រហារ​គ្នា​ដែល​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង ​និង​មាន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​នេះ កើត​ឡើង​ក្នុង​ក្រុង​មួយ​ឈ្មោះ ឌឺបាល់ត្សេវ​(Debaltsev) ​ដែល​មាន​ប្រជាជន​រស់​នៅ​ប្រហែល​ ២ម៉ឺន​៥ពាន់​នាក់។ បច្ចុប្បន្ន​ក្រុង​នេះ គ្មាន​អគ្គីសនី​ប្រើប្រាស់ ប្រព័ន្ធ​ទូរគមនាគមន៍​ ត្រូវ​បាន​កាត់ផ្តាច់​ទាំង​ស្រុង ប្រជាជន​ជួប​ការ​លំបាក​ជា​ខ្លាំង ​ដោយសារ​តែ​ អាកាសធាតុ​ត្រជាក់​ខ្លាំង។ ក្រុង​នេះ មាន​ទួនាទី​យុទ្ធសាស្ត្រ​សំខាន់​ណាស់ ព្រោះ​ថា ជា​កន្លែង​តភ្ជាប់​ខ្សែ​រថភ្លើង​រវាង ​ទីក្រុង​ដូនែតស្ក៍ ​និង​ក្រុង​លូហ្គង់ស្ក៍ ដែល​ជា​ទីក្រុង​ ដ៏​ធំ​ទាំងពីរ​​ នៃ​តំបន់​ដុងបាស។ តំបន់​ដុងបាស​​នេះ​ហើយ ដែល​ក្រុម​ឧទ្ទាម​និយម​រុស្ស៊ី ធ្វើ​ការ​វាយ​ដណ្តើម​ពី​រដ្ឋាភិបាល​អ៊ុយក្រែន ​ដើម្បី​បង្កើត​ជា​សាធារណៈរដ្ឋ​មួយ​ រណប​នឹង​សហព័ន្ធ​រុស្ស៊ី។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី ឌីមីទ្រី ប៉េស្កូវ បាន​និយាយ​ថា ការ​ចរច​គ្នា​ទើបតែ​បាន​បញ្ចប់ ដូច្នេះ​លទ្ធផល​ គឺ​វា​មិន​ទាន់​ហុច​ឲ្យ​ភ្លាមៗ​ទេ។ យ៉ាងណា​ក៏​ដោយ សម្តី​របស់​អ្នក​នាំពាក្យ​ របស់​រដ្ឋាភិបាល​រុស្ស៊ី គឺ​គ្រាន់​តែ​និយាយ​ ឲ្យ​តែ​រួច​ពី​មាត់​ប៉ុណ្ណោះ។ មាន​ភស្តុតាង​ជា​ច្រើន ​ដែល​បង្ហាញ​ថា រុស្ស៊ី​ នៅ​តែ​បន្ត​បញ្ជូន​កម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​ ចូល​ទៅ​ជួយ​ក្រុម​ឧទ្ទាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ