អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែន​ នឹង​ទទួល​បាន​ជំនួយ ១៧,៥​ពាន់​លាន​ដុល្លារ ​បន្ថែម

 ស្រប​ពេល​ដែល​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្គ៍ ស្តីពី​ការ​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាងកើត អ៊ុយក្រែន​ ទើបតែ​បាន​ចុះ​ហត្ថលេខា ​នៅថ្ងៃ ១២ កុម្ភៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​ទើប​តែ​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​សម្រេច​ផ្តល់​កញ្ចប់​ប្រាក់​ចំនួន ​១៧,៥​ពាន់​លាន​ដុល្លារ​ ​បន្ថែម​ទៀត​ឲ្យ​ទៅ​អ៊ុយក្រែន​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​អ៊ុយក្រែន ​ឲ្យ​ងើប​ចេញ​ពី​ឱនភាព។ តាម​រយៈ​ជំនួយ​នេះ ​អ៊ុយក្រែន​ត្រូវ​សន្យា ​នឹង​ប្រឹងប្រែង ធ្វើ​កំណែ​ទម្រង់​ ​លើ​គ្រប់​វិស័យ ​ដើម្បី​ជម្រុញ​សន្ទុះ​សេដ្ឋកិច្ច ​និង​រក​ប្រាក់​សង​បំណុល​គេ។

ស្រី្ត​ជនជាតិ​អ៊ុយក្រែន​ស្រែកទ្រហ៊ោ​យំ ពេល​ឃើញ​​ផ្ទះ​ឆាប​ឆេះ​ដោយសារ​គ្រាប់ផ្លោង។ ប្រជាជន​អ៊ុយក្រែននៅ​ភាគខាង​កើត​កំពុង​រស់យ៉ាងវេទនា​ ក្នុងរដូវ​ធ្លាក់ទឹកកក ហ៊ុំ​ព័ទ្ធ​ទៅដោយ​ទាហាន​ និងពួកឧទ្ទាមនិយម​រុស្ស៊ី
ស្រី្ត​ជនជាតិ​អ៊ុយក្រែន​ស្រែកទ្រហ៊ោ​យំ ពេល​ឃើញ​​ផ្ទះ​ឆាប​ឆេះ​ដោយសារ​គ្រាប់ផ្លោង។ ប្រជាជន​អ៊ុយក្រែននៅ​ភាគខាង​កើត​កំពុង​រស់យ៉ាងវេទនា​ ក្នុងរដូវ​ធ្លាក់ទឹកកក ហ៊ុំ​ព័ទ្ធ​ទៅដោយ​ទាហាន​ និងពួកឧទ្ទាមនិយម​រុស្ស៊ី REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សង្ឃឹម​របស់​អ៊ុយក្រែន  ​មាន​ពន្លឺ​សន្សឹមៗ   ​ស្រប​ពេល​ដែល​កិច្ច​ព្រមព្រៀង​សន្តិភាព ជាមួយ​ក្រុម​ឧទ្ទាម​និយម​រុស្ស៊ី​ ត្រូវ​បាន​ចុះ​ហត្ថលេខា ​កាល​ពី​ថ្ងៃ​ម្សិលមិញ  ​ដោយ​មាន​ការ​ជ្រោមជ្រែង  ពី​បារាំង  ​និង​អាល្លឺម៉ង់។ ​រុស្ស៊ី​ដែល​មាន លោក​ប្រធានាធិបតី ​ពូទីន ​ក៏​បាន​ចូលរួម  ​ហើយ​បាន​ទាំង​សន្យា​ទទួល​ស្គាល់ ​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន​ថែម​ទៀតផង។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា  ​មិនមែន​មាន​ន័យ​ថា  ​ជម្លោះ​បំបែក​ទឹកដី​ ដែល​ដឹកនាំ​ដោយ  ​ក្រុម​ឧទ្ទាម​និយម​រុស្ស៊ី​  ត្រូវ​បាន បញ្ចប់​ទាំង​ស្រុង​នោះ​ដែរ។ វា​គ្រាន់តែ​ជា​ការ​ដាក់​អាវុធ​ បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។

ដំណឹង​ល្អ​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​អ៊ុយក្រែន  ​គឺ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហៅកាត់​ថា FMI បាន​សម្រេច​ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ទៀត​ ឲ្យ​ដល់​អ៊ុយក្រែន ចំនួន  ១៧,៥ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល ៤ឆ្នាំ។ ជា​ការ​ពិត​ណាស់  ​ទន្ទឹម​ដែល​ពិភពលោក​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​ យ៉ាង​ធ្ងន់ធ្ងរ  សេដ្ឋកិច្ច​របស់​អ៊ុយក្រែន ​ត្រូវរង​ការ​បំផ្លេច​បំផ្លាញ​លើស​មួយ​កម្រិត​ទៀត  ដោយសារ​តែ​ជម្លោះ​នៅ​ភាគ​ខាងកើត  ​ដែល​បាន​សម្លាប់​ជិវិត​មនុស្ស ​​អស់​ជា​ច្រើន​ពាន់​នាក់។ តំបន់​ភាគ​ខាង​កើត​នេះ  ​ជា​ដង្ហើម​ឧស្សាហកម្ម​ដ៏​សំខាន់​របស់​អ៊ុយក្រែន។

លោកស្រី  Christine Lagarde នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​បាន​មាន​ប្រសាសន៍​ថា  កម្ចី​បន្ថែម​នេះ​ នឹង​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន ​មាន​លទ្ធភាព​ចរចា​ជាមួយ ​ម្ចាស់​បំណុល​ឯកជន​មួយ​ចំនួន។ សូម​បញ្ជាក់​ថា  ​បច្ចុប្បន្ន​នេះ ​បំណុល​របស់​អ៊ុយក្រែន ​កើន​ដល់​ ៧៣​ភាគរយ  ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។

ប្រាក់​កម្ចី​ទាំង​ប៉ុន្មាន  ​ត្រូវ​ធ្វើឡើង ​ជា​ថ្នូរ​ជាមួយ​នឹង​កម្មវិធី​កំណែ​ទម្រង់​ចាំបាច់ ​ជា​ច្រើន​វិស័យ  ​ដែល​អ៊ុយក្រែន​ត្រូវតែ​សម្រេច​ឲ្យ​បាន។ កន្លង​មក កាល​ពី​ខែ មេសា ឆ្នាំមុន  មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​  ​ធ្លាប់​បាន​ផ្តល់ ​ប្រាក់​កម្ចី​ ចំនួន  ១៧ពាន់​លាន​ដុល្លារ​រួច​មក​ហើយ  ​ប៉ុន្តែ​ទឹកប្រាក់​នោះ​ នៅ​មិនទាន់​គ្រប់​តំរូវ​ការ ​របស់​អ៊ុយក្រែន​ទេ ​ ព្រោះ​ថា​ចរន្ត​សេដ្ឋកិច្ច​ស្ទើរ​តែ​ទាំងស្រុង ​ត្រូវ​បាន​បំផ្លាញ​ ដោយសារ​សង្រ្គាម​នៅ​ភាគ​ខាងកើត។

យ៉ាងណា​ក៏​ដោយ  រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​ដឹកនាំ​ ដោយ​លោក ប៉េត្រូ ប៉ូរ៉ូឆិនកូ  ​បាន​ប្តេជ្ញាចិត្ត​
 ធ្វើ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ  ​ដោយ​បាន​ធ្វើ​កំណែទម្រង់​សំខាន់ៗ​ជា​ច្រើន  ​មាន​ដូច​ជា កម្មវិធី​ទប់ស្កាត់​អំពើ​ពុក​រលួយ  ​និង​ការ​លួច​លុយ​រដ្ឋ  ​ការ​រៀបចំ​ឡើង​វិញ ​នូវ​សហគ្រាស​សាធារណៈ​ធំៗ​របស់​រដ្ឋ ​ជាដើម។ ជាមួយ​នឹង​ប្រាក់​កម្ចី​​ថ្មី​នេះ  ​អ៊ុយក្រែន  ​នឹង​មាន​កាតព្វកិច្ច​បន្ថែម​ទៀត  ​ដូច​ជា​ការ​កាត់​បន្ថយ​ការ​ចំណាយ​សាធារណៈ  ​កាត់​បន្ថយ​បុគ្គលិក​រដ្ឋ ​និង​ការ​សើររើ​រៀបចំ​ឡើង​វិញ នូវ​វិស័យ​ថាមពល។

លោក​នាយករដ្ឋមន្រ្តី ​អ៊ុយក្រែន ​បាន​និយាយ​ថា ​កម្មវិធី​កំណែទម្រង់​ទាំង​នេះ  ​មាន​ការ​លំបាក​ណាស់  ​ប៉ុន្តែ ​វា​ជា​ការ​ចាំបាច់  ​ហើយ​បើសិន​ជា​រុស្ស៊ី​  ​បញ្ចប់​ការ​ឈ្លានពាន ​មក​លើ​អ៊ុយក្រែន  ​នោះ​សន្តិភាព  និង​សេដ្ឋកិច្ច​អ៊ុយក្រែន ​ប្រាកដ​ជា​ មាន​ពន្លឺ​ឡើងវិញ​ ជា​ពុំខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ