អានតួអត្ថបទ
អង់គ្លេស-អ៊ុយក្រែន

ប្រធាន​សភា​ជាន់​ទាប​អង់គ្លេស​ថា​ មិន​បញ្ជូន​អាវុធ​ទៅ​ជួយ​អ៊ុយក្រែន​ទេ

ប្រឈមមុខ​ជាមួយ​វិបត្តិ​នៅ​អ៊ុយក្រែន ដែល​កំពុង​តែ​ធ្លាក់​ដុនដាប​ទៅ ​ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ ពីរ​ដង​រួច​មក​ហើយ សហគមន៍​អន្តរជាតិ​ កំពុង​ពិចារណា អំពី​ថា​តើ​ គួរ​បញ្ជូន​អាវុធ​ ទៅ​ជួយ​ទាហាន​រដ្ឋាភិបាល ​អ៊ុយក្រែន ដែរ​រឺ​ទេ។ ដោយឡែក ប្រធាន​សភា​ជាន់​ទាប​ចក្រភព​អង់គ្លេស បាន​បដិសេធ​ថា អង់គ្លេស​ នឹង​មិន​បញ្ជូន​អាវុធ​ ទៅ​ជួយ​អ៊ុយក្រែន​ ជា​ដាច់​ខាត។

លោក William Hague កាល​នៅជា​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​ ជជែក​ជាមួយ​លោក John Kerry
លោក William Hague កាល​នៅជា​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​ ជជែក​ជាមួយ​លោក John Kerry REUTERS/Jim Bourg
ផ្សាយពាណិជ្ជកម្ម

លោក William Hague អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អង់គ្លេស ​ហើយ​ដែល​បច្ចុប្បន្ន​ ជា​ប្រធាន​សភា​ជាន់​ទាប ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ នៅ​ថ្ងៃ​អាទិត្យ ទី ២២ កុម្ភៈ​ថា ចក្រភព​អង់គ្លេស ​នឹង​មិន​បញ្ជូន​ជំនួយ​សព្វាវុធ ទៅ​ជួយ​កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន ក្នុង​ការ​ទប់ទល់​ជាមួយ​ក្រុម​ឧទ្ទាម​ទេ។ លោក​បន្ត​ថា ការ​ផ្តល់​ជំនួយ​ជា​អាវុធ​យុទ្ធភណ្ឌ ទៅ​ជួយ​ភាគី​ណាមួយ​ក្នុង​ជម្លោះ ត្រូវតែ​ធ្វើ​ឡើង ដោយ​ប្រយ័ត្ន​ប្រយែង និង​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ ជា​ទី​បំផុត។ លោក​បន្ថែម​ទៀត​ថា អង់គ្លេស​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​យោធា ធន់​ស្រាល ដូច​ជា​រថ​ពាសដែក​ការពារ​ខ្លួន តែ​អង់គ្លេស​មិន​ត្រូវ ផ្តល់​ជំនួយ​ ជា​សព្វាវុធ កាំភ្លើង​ធំ រឺ​គ្រាប់​មីស៊ីល​ឡើយ។

 
លោក​ Philip Hammond រដ្ឋមន្រ្តី ក្រសួង​ការបរទេស​អង់គ្លេស ​បច្ចុប្បន្ន ធ្លាប់​បាន​ប្រាប់​អ្នក​កាសែត​ថា រដ្ឋាភិបាល​អង់គ្លេស បាន​ឈរ​លើ​គោល​ជំហរ​មួយ គឺ​ថា​មិន​ផ្តល់​ជំនួយ ជា​គ្រឿង​សព្វាវុធ​ ទៅឲ្យ​នរណា​ទេ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ទោះ​បីជា​យ៉ាង​ណា អង់គ្លេស​មាន​សិទ្ធិ​ សើរើ​គោល​ជំហរ​នេះ​ឡើង​វិញ បើ​សិន​ជា​មាន​ករណី​ចាំបាច់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រតិកម្ម​ផ្ទួនៗ​គ្នា ជុំវិញ​ការ​ផ្តល់​ជំនួយ​សព្វាវុធ​ ដល់​អ៊ុយក្រែន ធ្វើ​ឡើង​ដោយ​សារ​ស្ថានភាព​នៅ​អ៊ុយក្រែន មាន​ភាព​វិកវរ​កាន់​តែ​ខ្លាំង ហើយ​ការ​ប្រយុទ្ធគ្នា​ នៅ​តែ​បន្ត បើទោះ​ជា​មាន​ការ​ព្រមព្រៀង​គ្នា​ ថា​ឈប់​បាញ់​ក៏​ដោយ។ ការ​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​នេះ ខាង​កងទ័ព​អ៊ុយក្រែន បាន​ទទួលរង​នូវ​បរាជ័យ ស្លាប់​ច្រើន​នាក់ ព្រម​ទាំង​បាន​បាត់បង់​ដែនដី​បន្ថែម​ទៀត ចូល​ទៅ​ក្នុង​ការ​កាន់កាប់​ របស់​ពួក​ឧទ្ទាម​និយម​រុស្ស៊ី។

កាល​ពី​ថ្ងៃ​សៅរ៍ ទី ២១ កុម្ភៈ លោក​ John Kerry  ប្រមុខ​ការទូត​អាមេរិក បាន​ធ្វើ​ដំណើរ ទៅ​ទីក្រុង​ឡុងដ៍ ហើយ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​អាមេរិក កំពុង​ពិចារណា អំពី​លទ្ធភាព​បញ្ជូន​ជំនួយ​សព្វាវុធ​ ទៅ​ជួយ​អ៊ុយក្រែន ព្រោះ​ថា រុស្ស៊ី​ឯណោះ ​នៅតែ​បន្ត​បញ្ជូន​អាវុធ ទៅឲ្យ​ពួក​ឧទ្ទាម​យ៉ាង​សន្ធឹក​សន្ធាប់។ ទោះបី​ការ​បញ្ជូន​អាវុធ ​នៅ​មិន​ទាន់​ជាក់លាក់​ យ៉ាង​ណា​ក៏​ដោយ ក៏​បន្តែ​ លោក​បាន​​បញ្ជាក់​ថា អ្វី​ដែល​ប្រាកដ គឺ​អាមេរិក នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ បន្ថែម​ទៀត​លើ​រុស្ស៊ី។

សូម​រលឹក​ផងដែរ​ថា តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ​ ជម្លោះ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ជិត​មួយ​ឆ្នាំ​មក​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​ អស់​ប្រមាណ​ជា​ ៥៧០០​នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ