អានតួអត្ថបទ
ភេរវកម្ម

ភេរវកម្ម​ផ្ទួនៗ​នៅ​បារាំង ​ទុយនីស៊ី ​កូវ៉ែត ​និង​សូម៉ាលី​នៅមុន​ខួប​១ឆ្នាំ​នៃ​ការ​បង្កើត ​"រដ្ឋអ៊ីស្លាម"

កាលពីថ្ងៃ​សុក្រ​ម្សិលមិញ ការវាយប្រហារ​ភេរវកម្ម​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ​បាន​កើតមានឡើង​នៅ​ក្នុង​ប្រទេស ៤ ផ្សេងគ្នា​ក្នុងថ្ងៃ​តែមួយ គឺ​នៅ​បារាំង ទុយនីស៊ី កូវ៉ែត និង​នៅ​សូម៉ាលី។ ការវាយប្រហារ​ទាំងនេះ​ទំនង​ជា​មិន​ជាប់ទាក់ទង​គ្នា​ទាំងអស់​នោះទេ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា វា​បាន​កើតឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ មុន​ខួប១ឆ្នាំ​នៃ​ការ​ប្រកាស​បង្កើត​ “រដ្ឋអ៊ីស្លាម” ដោយ​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់​និងស៊ីរី។

ការវាយប្រហារ​ភេរវកម្ម​ទៅលើ​សណ្ឋាគារ​នៅ​ទុយនីស៊ី កាលពីថ្ងៃ​សុក្រ ២៦​មិថុនា ២០១៥ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ៣៨នាក់ ក្នុងនោះ​ភាគច្រើន​ជា​ទេសចរ​មក​ពី​អឺរ៉ុប
ការវាយប្រហារ​ភេរវកម្ម​ទៅលើ​សណ្ឋាគារ​នៅ​ទុយនីស៊ី កាលពីថ្ងៃ​សុក្រ ២៦​មិថុនា ២០១៥ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ៣៨នាក់ ក្នុងនោះ​ភាគច្រើន​ជា​ទេសចរ​មក​ពី​អឺរ៉ុប AFP PHOTO / FETHI BELAID
ផ្សាយពាណិជ្ជកម្ម

 

ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​ជា​ថ្ងៃ​សុក្រ​​ទី២​នៃ​ខែ​បួស​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម ត្រូវ​បាន​គ្របដណ្តប់​ទៅដោយ​ភេរវកម្ម​បង្ហូរឈាម​ផ្ទួនៗគ្នា ដែល​សុទ្ធតែ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ពួក​អ៊ីស្លាម​ជ្រុលនិយម។

នៅបារាំង មនុស្ស​ម្នាក់​ត្រូវ​បាន​ភេរវជន​សម្លាប់​ដោយ​កាត់ក្បាល នៅ​ក្នុង​ការ​វាយប្រហារ​ទៅលើ​សហគ្រាសមួយ នៅ​តំបន់​ប៉ែកខាងត្បូង​ប្រទេស។ នៅទុយនីស៊ី ខ្មាន់កាំភ្លើងម្នាក់​បាន​បើកការ​បាញ់​ប្រហារ​ទៅលើ​អ្នក​ទេសចរ​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ជាប់​មាត់សមុទ្រ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៣៨នាក់​ត្រូវ​បាត់បង់​ជីវិត ក្នុងនោះ​ ភាគច្រើន​ជា​ទេសចរ​បរទេស​មក​ពីអង់គ្លេស បារាំង អាល្លឺម៉ង់ និង​បែលហ្ស៊ិក។ មនុស្ស ២៧នាក់​ផ្សេងទៀត​ត្រូវ​ស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក​ទៅលើ​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត នៅ​ក្នុង​ប្រទេស​កូវ៉ែត។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​សូម៉ាលី​វិញ ទាហាន​ជាច្រើន​នាក់ នៅ​ក្នុង​កងកម្លាំង​រក្សា​សន្តិភាព​របស់​សហភាព​អាហ្វ្រិក​ ត្រូវ​បាត់បង់​ជីវិត នៅ​ក្នុង​ការវាយប្រហារ​ដោយ​ក្រុមឧទ្ទាម​អ៊ីស្លាមជ្រុលនិយម​សូម៉ាលី ដែល​គេហៅ​ថា ក្រុម Shebab។

នៅ​ឯ​ប្រទេស​ទុយនីស៊ី មួយថ្ងៃ​ក្រោយ​ភេរវកម្ម​​ ទេសចរបរទេស​រាប់ពាន់នាក់​ត្រូវ​បាន​គេ​ជម្លៀសចេញ​ជា​បន្តបន្ទាប់​ ក្រោយពី​គេ​​​មើលឃើញ​ថា ​ភេរវកម្ម កាល​ពីថ្ងៃ​សុក្រ គឺ​ធ្វើឡើង​ដោយ​មាន​ចេតនា​វាយប្រហារ​ទៅលើ​ទេសចរ​បរទេស។ ក្រុមហ៊ុន Thomson ដែល​ជា​ទីភ្នាក់ងារ​ទេសចរណ៍​​ដ៏ធំមួយ​របស់​អង់គ្លេស​បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​នឹង​​បញ្ជូន​យន្តហោះ​ចំនួន ១០គ្រឿង​​ឲ្យ​ទៅ​​ជម្លៀស​អតិថិជន​របស់​ខ្លួន​​ប្រមាណ​ជា ២ ៥០០នាក់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី។

នៅបារាំង​វិញ លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ ហូឡង់ បាន​កោះប្រជុំ​ក្រុមប្រឹក្សា​ការពារជាតិ​ជាលើកទី២ នៅថ្ងៃ​សៅរ៍​នេះ ដើម្បី​ជជែក​អំពី​វិធានការ​ទប់ស្កាត់​ភេរវកម្ម។ ភេរវកម្ម​ដែល​នៅតែ​អាចកើតមាន បើទោះបីជា​​មាន​ការរឹតបន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​នៅ​​ពេញផ្ទៃប្រទេស​បារាំង ចាប់តាំង​ពី​ភេរវកម្ម​លើ​កាសែត ​Charlie Hebdo កាល​ពី​ខែ​មករា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ