អានតួអត្ថបទ
បារាំង

១០ឆ្នាំ​ក្រោយ​មហា​កុប្បកម្ម​នៅ​ប្រទេស​បារាំង

នៅ​ថ្ងៃ​ទី ២៧​តុលា គឺ​មាន​រយៈពេល ១០ឆ្នាំ​គត់ ដែល​មហាកុប្បកម្ម នៅ​សង្កាត់​ជាយក្រុង បាន​ផ្ទុះ​ឡើងនៅ​ប្រទេស​បារាំង។ មរណភាព​របស់​យុវជន ពីរ​នាក់ ដោយសារ​ការតាមចាប់ ប្រមាញ់ របស់​ប៉ូលិស បាន​ក្លាយ​ជា​ដើមហេតុ បង្ក​ឲ្យ​មាន​ការងើប​បះបោរ​ដ៏​ហិង្សា​របស់​ក្រុម​យុវជន រស់នៅ​ជាយក្រុង​ប៉ារីស។ នៅក្នុង​ឱកាស​រំលឹក​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បះបោរ​របស់​យុវជន​កុប្បករ នាយករដ្ឋមន្រ្តី​បារាំង កាលពី​ថ្ងៃ​ចន្ទ បាន​ប្រកាស​ចាត់​វិធានការ​ ដើម្បី​កាត់បន្ថយ ការរើសអើង និង​ការធ្វើ​សមាហរណកម្ម​ក្រុម​យុវជន​ដែល​រស់នៅ​ជាយក្រុង​ផង។ 

ក្រុមកុប្បករ​ដែល​ខឹង​នឹង​ការរើសអើង​ប៉ូលិស​បាន​ដុត​រថយន្ត​ជិត​១ម៉ឺន​គ្រឿង​ក្នុង​អំឡុង​បាតុកម្ម​៣​សប្តាហ៍ កាលពីខែ​តុលា ឆ្នាំ ២០០៥
ក្រុមកុប្បករ​ដែល​ខឹង​នឹង​ការរើសអើង​ប៉ូលិស​បាន​ដុត​រថយន្ត​ជិត​១ម៉ឺន​គ្រឿង​ក្នុង​អំឡុង​បាតុកម្ម​៣​សប្តាហ៍ កាលពីខែ​តុលា ឆ្នាំ ២០០៥ AFP PHOTO / THOMAS COEX
ផ្សាយពាណិជ្ជកម្ម

ដើមចមដំបូង​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​មហាកុប្បកម្ម

បន្ទាប់​ពី​ឈប់​លេងបាល់ នៅពេល​ល្ងាច យុវជន​មួយ​ក្រុម បាន​ចូល​ការដ្ឋាន មួយ ដែល​ជា​ផ្លូវកាត់ សំដៅ​ផ្ទះ​របស់​ពួកគេ នៅ​សង្កាត់​Clichy sous Bois ជាយក្រុង​ប៉ារីស។ បន្ទាប់ពី​បាន​ទទួល​ទូរស័ព្ទ ពី​ប្រជាជន ប៉ូលិស​បារាំង បាន​ចេញ​ទៅ​ដេញ តាមចាប់​ពួកគេ ដោយ​សង្ស័យ​ថា បាន​លួច​សំភារៈ​នៅ​ក្នុង​ការដ្ឋាន​សំណង់។ ខុសពី​មិត្តភក្តិ ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន យុវជន​បីនាក់ គឺ Zyed Mouna និង​Muhittin ដែល​មាន​អាយុ​ពី ១៥ ទៅ ១៧​ឆ្នាំ រត់​លឿន​ជាងគេ និង​បាន​ផ្លោះ​របង ចូល​ទៅ​សំងំ​លាក់​ខ្លួន នៅក្នុង​រោងចក្រ​អគ្គិសនី មួយ ដើម្បី គេច​ចេញ​ពី​ការត្រួតពិនិត្យ​របស់​ប៉ូលិស។ គឺ​នៅពេល​នោះហើយ ដែល​យុវជន​ពីរនាក់ បាន​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ឆក់​ខ្សែ​ភ្លើង។

គ្រាន់​តែ​ដឹង​ថា យុវជន​ពីរនាក់ ស្លាប់ ដោយសារ ការប្រមាញ់​របស់​ប៉ូលិស    នៅ​យប់​ថ្ងៃទី ២៧​តុលា ឆ្នាំ ២០០៥ ក្រុមយុវជន​បាន​នាំ​គ្នា គប់​ដុំថ្ម និង​ដបសាំង ទៅលើ​ប៉ូលិស។ កុប្បកម្ម​ក៏​បាន​ចាប់ផ្ទុះ​ដំបូង នៅ​ក្នុង​សង្កាត់ Clichy sous Bois ​ដែល​យុវជន​រងគ្រោះ​ទាំងពីរ​នាក់ រស់នៅ។ យុវជន​កុប្បករ​ដែល​ផ្ទុះកំហឹង បាន​វាយប្រហារ​រាល់​ប្រយោជន៍​របស់​រដ្ឋ ដូចជា រថយន្ត​ប៉ូលិស រថយន្តក្រុង និង​សាលារៀន ជាដើម។ កុប្បកម្ម​នៅ​សង្កាត់ Clichy sous Bois ​ក៏​បាន​ឆេះរាល​ដាល ទៅ​ខេត្ត​ផ្សេង​ទៀត ពេញផ្ទៃ​ប្រទេស​បារាំង។

ដើម្បី បញ្ចប់ កុប្បកម្ម រដ្ឋាភិបាល​បារាំង នៅ ជំនាន់​នោះ​បាន​ប្រកាស​ប្រើ​ច្បាប់ ដាក់​ប្រទេស នៅក្នុង​ស្ថានភាព​អាសន្ន ដែល​បារាំង បាន​បង្កើតឡើង នៅ​ក្នុង​ពេល​ដែល​បារាំង​បាន​កើតសង្រ្គាម​ជាមួយ​ប្រទេស​អាល់ហ្សេរី។ ជាលទ្ធផល ក្នុង​រយៈពេល តែ​៣​សប្តាហ៍ កុប្បកម្ម​បាន​ធ្វើ​ឲ្យ​ប្រទេស​បារាំង ខាតបង់​ថវិកា​ជាង ២០០​លានអឺរ៉ូ។ រថយន្ត ជិត ១ម៉ឺនគ្រឿង ត្រូវ​ក្រុមកុប្បករ ដុតបំផ្លាញ ចំណែកអគារ​សាធារណៈ និង​ឯកជន ជាង ២០០ នៅក្នុង​សង្កាត់​ចំនួន ៣០០ ត្រូវ​បំផ្លាញ ខូចខាត យ៉ាងធ្ងន់ធ្ងរ។ នេះ​គេ​នៅមិនទាន់​គិត​ថ្លៃ​ខូចខាត មុខមាត់ របស់​ប្រទេស​បារាំង​នោះទេ។ ដោយសារ​កុប្បកម្ម ដែល​ប្រព័ន្ធផ្សព្វផ្សាយ​និយាយ​ច្រើន ក្រសួងការបរទេស​អាមេរិក បាន​ផ្តល់​ដំបូន្មាន​ប្រជាជន​ខ្លួន​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង។

Zyed អាយុ១៧​ឆ្នាំ និង​ Bouna អាយុ ១៥ឆ្នាំ។ ទាំងពីរនាក់​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង នៅក្នុង​ការ​ដេញប្រមាញ់​របស់​ប៉ូលិស នៅថ្ងៃទី ២៧​តុលា ២០០៥
Zyed អាយុ១៧​ឆ្នាំ និង​ Bouna អាយុ ១៥ឆ្នាំ។ ទាំងពីរនាក់​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង នៅក្នុង​ការ​ដេញប្រមាញ់​របស់​ប៉ូលិស នៅថ្ងៃទី ២៧​តុលា ២០០៥

គ្រាប់ផ្កាភ្លើង
ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បន្ទោស​ប៉ូលិស ថា ជាអ្នកជំរុញ ឲ្យ​ពួកយុវជន​រត់ចូល​ទៅក្នុង​រោងចក្រ​អគ្គិសនី។ លើសពីនោះ បើតាម​សំឡេង​ឆ្លើយឆ្លង​របស់​ប៉ូលិស គឺ​ប៉ូលិស​មិន​បាន​ចូលទៅ​អន្តរាគមន៍ ជួយ​យុវជន ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​នោះទេ។ ក្រុមគ្រួសារ​របស់​យុវជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង មនុស្ស “ក” ពី​បទ មិន​អន្តរាគម ជួយ ជនរងគ្រោះ។ ប៉ូលិស​ពីរនាក់ ដែល​ចូលរួម​នៅក្នុង​ការដេញ​ប្រមាញ់​យុវជន​ Zyed និង​Mouna និង​ដែល​រង​ការចោទ​ប្រកាន់ មិនជួយ​ជន​រងគ្រោះ ទើប​ត្រូវ​បាន​តុលាការ​បារាំង សម្រេច​ដោះលែង កាលពី​ខែ ឧសភា​ឆ្នាំ​២០១៥ ​ដោយ​មូលហេតុ ខ្វះ​ភស្តុតាង។

មរណភាព​របស់​យុវជន​ទាំងពីរ​នាក់ ដែល​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង គឺ​ប្រៀប​បាន​នឹង​ផ្កាភ្លើង។ វា​បានទៅ​ដុតបញ្ឆេះ ធ្វើ​ឲ្យ​យុវជន​ផ្សេងទៀត ដែល​រស់​នៅក្នុង​សង្កាត់​ក្រីក្រ ផ្ទុះកំហឹង​ឡើង។ ប៉ូលិស និង​ក្រុម​យុវជន​នៅ​សង្កាត់​ជាយក្រុង ប្រៀប​នឹង​ទឹក ហើយ​និង​ប្រេង។ រហូត​មក អ្នកដែល​រស់នៅ​ក្នុង​សង្កាត់​ក្រីក្រ ឬ​នៅ​សង្កាត់​ជាយក្រុង បាន​បរិហារ រិះគន់​អាកប្បកិរិយា​រើសអើង​របស់​ប៉ូលិស ដែល​ចាប់​ត្រួតពិនិត្យ​មនុស្ស ដោយ​យោង​ទៅលើ​មុខមាត់ សំបុរ​ស្បែក និង​កម្រិត​ជីវភាព​រស់នៅ។ យុវជន​ទាំង៣​នាក់ បាន​រត់​ទៅ​សំងំ​លាក់​ខ្លួន នៅក្នុង​រោងចក្រ អគ្គិសនី ក៏​ដោយសារ​តែ​ពួកគេ​ចង់​គេចចេញ​ពីការត្រួតពិនិត្យ សួរដេញដោល របស់​ប៉ូលិស ដែល​តែងតែ​ធ្វើ​ជាញឹកញយ​ទៅលើ​យុវជន​ដែល​រស់នៅក្នុង​សង្កាត់​ជាយក្រុង។

នៅក្រោយ មរណភាព​របស់​យុវជន​ Zyed និង​Mouna រដ្ឋមន្រ្តី​មហាផ្ទៃ កាលណោះ គឺ​លោក​នីកូឡា សាកូហ្ស៊ី ដែល​ទើប​អស់​អាណត្តិ​ជា​ប្រធានាធិបតី បារាំង បាន​និយាយ​ថា យុវជន​រងគ្រោះ Zyed និង​Mouna គឺ​ជា​ចោរ។ ប្រសាសន៍​របស់​លោក​សាកូហ្ស៊ី ប្រៀប​បាន​នឹង សាំង ចាក់​ទៅលើ​ភ្លើង។ ក្រុម​យុវជន រស់នៅ​ជាយក្រុង ដែល​រង​នឹង​ការរើសអើង​ទាំង ពី​ប៉ូលិស និង​អ្នកនយោបាយ​បារាំង បាន​ផ្ទុះកំហឹង​កាន់តែខ្លាំង។

ការងើប​បះបោរ​របស់​យុវជន​កុប្បករ បាន​រីករាល​ពេញ​ប្រទេស​បារាំង ពោល​គឺ​វា​កើតមាន​នៅក្នុង​សង្កាត់​ក្រីក្រ ដែល​ភាគច្រើន យុវជន​គ្មាន​ការងារ​ធ្វើ និង​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​បោះបង់​ចោល ឲ្យ​រស់នៅក្នុង​សង្កាត់​ដែល​គ្មាន​អ្វី​ទាំងអស់ គឺ​គ្មាន សាលារៀន​ត្រឹមត្រូវ និង​គ្មាន​កន្លែង​បណ្តុះបណ្តាល​សម្រាប់ សមាហរណកម្ម​យុវជន​ទៅក្នុង​សង្គម​បារាំង។ ជារួម កុប្បកម្ម​របស់​យុវជន​បារាំង នៅ​ឆ្នាំ ២០០៥ បាន​លាតត្រដាង​ឲ្យ​ឃើញ ពី ការបែកបាក់ ការស្អប់ មិនទុកចិត្ត​គ្នា រវាង​ប៉ូលិស និង​អ្នកដែល​រស់នៅ​ក្នុង​សង្កាត់​ក្រីក្រ។ តាម​រយៈកុប្បកម្ម យុវជន​បារាំង​ទាំងនោះ ចង់​បរិហារ​នយោបាយ​រដ្ឋាភិបាល​បារាំង និង​ការរើសអើង របស់​ប៉ូលិស​បារាំង ដែល​គិត​ថា រាល់​យុវជន​ដែល​រស់នៅក្នុង​សង្កាត់​ក្រីក្រ សុទ្ធតែ​ជា​មនុស្ស​អាក្រក់ ជាចោរ ជា​ក្រុមជួញដូរ​ថ្នាំញៀន។
 
១០ឆ្នាំ ក្រោយ កុប្បកម្ម នាយករដ្ឋមន្រ្តី​បារាំង សន្យា​បំពាក់​កាម៉េរ៉ា លើ​ខ្លួន​ប៉ូលិស ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរើសអើង
នៅក្រោយ កុប្បកម្ម ឆ្នាំ ២០០៥ ដែល​ជា​សញ្ញា​បញ្ជាក់​ពី​កំហឹង​របស់​ប្រជាជន​នៅក្នុង​សង្កាត់​ដែល​ក្រីក្រ  រដ្ឋាភិបាល​បារាំង បាន​ប្រកាស​វិធានការ​ជាច្រើន​ដើម្បី​កែលម្អ​សង្កាត់​ជាយក្រុង។ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​រាប់​លាន​អឺរ៉ូ ដើម្បី ស្តារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​សង្កាត់​ជាយក្រុង ដូចជា សាងសង់​លំនៅឋាន​ថ្មីៗ និង​កន្លែង​បណ្តុះបណ្តាល សម្រាប់​អ្នក​រក​ការងារ​ធ្វើ និង​បាន​សន្យា​បង្កើត​ផ្លូវរទះភ្លើង​ដើម្បី​ភ្ជាប់​សង្កាត់​ក្រីក្រ​ទាំងនោះ ទៅ​ទីក្រុង​ប៉ារីស។

ប៉ុន្តែ ក្នុង​ស្ថានភាព​ជាក់ស្តែង ប្រជាជន​ដែល​រស់នៅក្នុង​សង្កាត់​ជាយក្រុង មើល​មិន​ឃើញ មាន​អ្វីប្រែប្រួល​ធំដុំ។ មនុស្ស​ជាច្រើន នៅក្នុង​សង្កាត់​ជាយក្រុង នៅ​តែ​ជួប​បញ្ហា​គ្មាន​ការងារធ្វើ។ ភាពក្រីក្រ​បាន​ជំរុញ​ឲ្យ​យុវជន​ធ្លាក់​ចូល​ទៅក្នុង​ការជួញដូរ​ថ្នាំញៀន។ ប៉ូលិស សម្រាប់​ប្រឆាំង​ការជួញដូរ មិនសូវមាន ប៉ុន្តែ ការរើសអើង​របស់​ប៉ូលិស ទៅលើ​អ្នកដែល​រស់នៅក្នុង​សង្កាត់​ក្រីក្រ នៅតែ​បន្ត កើត​មាន។ នៅក្នុង​ទស្សនកិច្ច​របស់លោក​ទៅMureaux លោក​នាយករដ្ឋមន្រ្តី​បារាំង Manuel Valls​បាន​ប្រកាស​វិធានការ​ថ្មី ប្រយុទ្ធប្រឆាំង​នឹង​ការរើសអើង នោះ គឺ​ការបំពាក់​កាម៉េរ៉ា​លើ​ប៉ូលិស។ ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​គាំទ្រ​វិធានការ​នេះ ប៉ុន្តែ នៅ​តែ​គិត​ថា វា​នឹង​មិនសូវ​មាន​ប្រសិទ្ធិភាព ដោយសារ​តែ​គ្មាន​តម្លាភាព​ពី​ប៉ូលិស។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ