អានតួអត្ថបទ
សហភាពអឺរ៉ុប-ស្វ៊ីស

SwissLeaks៖កាសែតបារំាង « Le Monde » បាន​បង្ហាញ​ពី​ប្រតិបត្តិការ​គេចពន្ធ​ជា​លក្ខណៈ​អន្តរជាតិ

កាសែត​ក្នុង​ប្រទេស​បារំាង​ឈ្មោះ « Le Monde » បាន​ចុះ​ផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេតអន្តរជាតិ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « SwissLeaks »។ លទ្ធផល​បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​ប្រតិបត្តិការ​លួចពន្ធ​ជា​លក្ខណ​អន្តរជាតិ​រៀបចំ​ដោយ​ធនាគារ​អង់គ្លេស​ឈ្មោះ HSBC តាម​រយៈ​សាខា​ឯកជន​មួយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស្វ៊ីស​ឈ្មោះ HSBC Private Bank។ កាល​ពី​ខែ​មករា​កន្លង​ទៅ កាសែត​បារំាង « Le Monde » ទទួល​បាន​បញ្ជី​ឈ្មោះ​អតិថិជន​ទំាង​​អស់​​របស់​ធនាគារ HSBC ក្នុង​ប្រទេស​ស្វ៊ីស ក្នុង​នោះ មាន ១០០ ០០០គណនី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​លួច​ពន្ធ។

ធនាគារ​អង់គ្លេស​ HSBC
ធនាគារ​អង់គ្លេស​ HSBC REUTERS/Arnd Wiegmann
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​​ក្រោម​ឈ្មោះ​ថា « SwissLeaks » គឺ​ជា​ប្រតិបត្តិការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ​ដើម្បី​ស្វែង​រក​អ្នក​ដែល​បាន​លួច​បង្វែរ​លុយ​ទៅ​លាក់​ទុក​កន្លែង​ផ្សេង​ក្រៅ​ពី​ប្រទេស​ខ្លួន​ដើម្បី​គេច​ពន្ធ។ ក្នុង​រយៈពេល ៦ខែ ដែល​កាសែត​អន្តរជាតិ​ប្រមាណ​ជា ៦០ បាន​ធ្វើ​ការ​ស្រាវជ្រាវ តាម​ដាន​យ៉ាង​ល្អិតល្អន់ មុន​នឹង​ទម្លាយ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពេល​នេះ។ យោង​តាម​កាសែត​បារំាង Le Monde ក្នុង​ចំណោម​បញ្ជី​អតិថិជន​ទំាង​ជាង ១០០ ០០០នាក់​ដែល​ខ្លួន​យក​បាន​ពី​ធនាគារ HSBC Private Bank ក្នុង​ប្រទេស​ស្វីស​នោះ មាន​សឹង​តែ​គ្រប់​ជនជាតិ​ទំាង​អស់ ក្នុង​នោះ​មាន​ជនជាតិ​បារំាង​ប្រមាណ​ជា ៣ ០០០នាក់ និង​មាន​ពី ២ ០០០ ទៅ ៣ ០០០នាក់​ជា​ជនជាតិ​អាហ្រ្វិក។

យោង​តាម Le Monde ការ​ស៊ើបអង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ចន្លោះ​ពី​ថ្ងៃទី៩ វិច្ឆិកា ឆ្នំា ២០០៦ ដល់​ថ្ងៃទី៣១ មីនា ឆ្នំា ២០០៧។ ក្នុង​រយៈពេល​នោះ​គេ​បាន​រក​ឃើញ​ថា មាន​ទឹកលុយ​ប្រមាណ​ជា ១៨០ ៦០០លានអឺរ៉ូ​ត្រូវ​បាន​បង្វែរ​ទៅ​ដាក់​នៅ​ក្នុង​គណនី​របស់​អតិថិជន​ទំាង​ជាង ១០០ ០០០នាក់​ដោយ​គ្មាន​រាយការណ៍ និង​គ្មាន​បញ្ជាក់​ពី​ប្រភព​របស់​លុយ​ទំាង​នោះ។ ម្យ៉ាង​ទៀត គេ​ក៏​មិន​បាន​ដឹង​ច្បាស់​ថា តើ​លុយ​ទំាង​នោះ​ត្រូវ​បាន​គេ​ប្រើ​ក្នុង​គោលដៅ​អ្វី​ច្បាស់​លាស់​ទេ។ អ្វី​ដែល​គេ​ដឹង ធនាគារ HSBC Private Bank បាន​បន្ត​បម្រើ​សេវា​ដល់​គ្រប់​អថិជន​ដោយ​មិន​រើសមុខ ទោះ​បី​ជា​មាន​អតិថិជន​ខ្លះ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ដាក់​ក្នុង​បញ្ជី​ជា​អ្នក​ជាប់ពាក់ព័ន្ធ​ក្នុង​រឿង​រត់ពន្ធ​អាវុធ រត់ពន្ធ​ត្បូងពេជ្រ ឬ​មួយ​ក៏​អំពើ​ពុករលួយ​ជា​ដើម។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លំាង​នោះ​គឺ​ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​លួច​បង្វែរ​លុយ​ទៅ​ដាក់​ក្នុង​ធនាគារ HSBC Private Bank ក្នុង​ប្រទេស​ស្វីស​ដើម្បី​គេច​ពន្ធ​នោះ មាន​តំាង​ពី​មហាក្សត្រ ដូច​យ៉ាង​មហាក្សត្រ​មហាម៉េដទី៦ ក្នុង​ប្រទេស​ម៉ារ៉ុក ស្តេច​អាប់ដាឡាទី២ ក្នុង​ប្រទេស​ហ្សកដានី ឥស្សរជន​នយោបាយ​ជាន់ខ្ពស់ អ្នកជំនួញ​គ្រាក់ៗ និង​ពួក​តារា រួម​ទំាង​​អ្នកបង្ហាញ​ម៉ូដ​ល្បីៗ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ