អានតួអត្ថបទ
អាល្លឺម៉ង់-G៧

ជំនួបកំពូល G៧៖អាល្លឺម៉ង់ និង​អាមេរិក​ឯកភាព​គ្នា​បន្ត​ដាក់​គំនាប​លើ​រុស្ស៊ី​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន

ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទំាង ៧ប្រទេស​ហៅកាត់​ថា G៧ បាន​ផ្តើម​បើក​ជំនួបកំពូល​របស់​ខ្លួន​រយៈពេល ២ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី៧ មិថុនា​នេះ​នៅ​ក្នុង​វំាង​អែលម៉ូ (Elmau) ស្ថិត​ក្នុង​តំបន់​បាវីយែរ (Bavière) ប៉ែក​អាស៊ីអាគ្នេយ៍​ប្រទេស​អាល្លឺម៉ង់។ ក៏​ដូច​ជា​រៀងរាល់​ឆ្នំា ជំនួបកំពូល G៧ នឹង​លើក​​យក​ប្រធានបទ​អន្តរជាតិ​ធំៗ​ទៅ​ជជែក។ តែ​អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ជំនួបកំពូល​លើកទី៤១ ឆ្នំា​នេះ គឺ​អវត្តមាន​ជា​លើកទី៣ របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា ម៊ែរកិល និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា ម៊ែរកិល និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា Reuters
ផ្សាយពាណិជ្ជកម្ម

កម្មវិធី​នៅ​ក្នុង​ថ្ងៃ​អាទិត្យ ទី៧ មិថុនា​ដែល​ជា​ថ្ងៃទី១ នៃ​ជំនួបកំពូល​បាន​ផ្តើម​ចេញ​ពី​ជំនួប​ទ្វេភាគី​រវាង​លោកស្រី​នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា ម៊ែរកិល​ជា​ម្ចាស់ផ្ទះ និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា។ លោកស្រី​ម៊ែរកិល​បាន​ទទួល​លោក​អូបាម៉ា​នៅ​ក្នុង​ស្រុក​មួយ ដោយ​មាន​រៀបចំ​កម្មវិធី​ទទួលទានអាហារ​ពេល​ព្រឹក​ជាមួយ​នឹង​ការ​ចូលរួម​របស់​អ្នកស្រុក​ជិត ២ ០០នាក់។ ការ​រៀបចំ​ឲ្យ​មាន​ពិធី​នេះ​ឡើង​មក​ពី​លោកស្រី​ម៊ែរកិល​ចង់​បង្ហាញ​ពី​ភាព​ស្និទ្ធិស្នាល​រវាង​ថ្នាក់ដឹកនំា និង​ប្រជាជន​សាមញ្ញ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មាន​វត្តមាន​កម្លំាង​ប៉ូលិស ទាហាន និង​កម្លំាងពិសេស​សរុប​ជាង ២០ ០០០នាក់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ​នៅ​ក្នុង​ជំនួបកំពូល​នោះ។ ដោយឡែក និង​ក៏​ដូច​ជា​រៀងរាល់​ឆ្នំា គេ​ឃើញ​មាន​ការ​រៀបចំ​ក្បួន​បាតុកម្ម​របស់​ក្រុមអ្នកប្រឆំាង​ភាវូបនីយកម្ម​ទន្ទឹម​ពេល​នឹង​ជំនួបកំពូល​របស់ G៧។

បន្ទាប់​មក​នៅ​ថ្ងៃ​រសៀល​នេះ កិច្ចប្រជុំ​ការងារ​របស់ G៧ បាន​ចាប់​ផ្តើម​នៅ​ក្នុង​វំាង​អែលម៉ូ (Elmau) ស្ថិត​លើ​កំពូលភ្នំ​កម្ពស់​ជាង ១ ០០០ម៉ែត្រ​ដែល​ចូល​រួម​ដោយ​ថ្នាក់ដឹកនំា​ទំាង ៧ប្រទេស​ជា​សមាជិក G៧ គឺ​អាល្លឺម៉ង់ អាមេរិក កាណាដា បារំាង អ៊ីតាលី អង់គ្លេស និង​ប្រទេស​ជប៉ុន។ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃទី២ នៃ​ជំនួបកំពូល​គឺ​ថ្ងៃ​ចន្ទ ទី៨ មិថុនា G៧ នឹង​ទទួល​ការ​រួម​ពី​លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​អ៊ីរ៉ាក់ ព្រម​ទំាង​ថ្នាក់ដឹកនំា​អាហ្រ្វិក​ចំនួន ៥រូប​ផ្សេង​ទៀត ក្នុង​នោះ​មាន​ប្រធានាធិបតី​ទុយនីស៊ី និង​ប្រធានាធិបតី​នីហ្សេរីយ៉ា។

របៀបវារៈ​សំខាន់ៗ​នៃ​ជំនួបកំពូល​ឆ្នំា​នេះ

មាន​ប្រធានបទ​ជា​ច្រើន​ដែល G៧ លើក​ទៅ​ជជែក រួម​មាន៖
-បញ្ហា​ការ​ឡើងកំដៅ​នៅ​ក្នុង​ភពផែនដី។
-វិបត្តិប្រាក់បំណុល​នៅ​ក្នុង​ប្រទេស​ក្រិក វិបត្តិអ៊ុយក្រែន​ដែល​សហគមន៍​អន្តរជាតិ និង​ប្រទេស​រុស្ស៊ី​កំពុង​បន្ត​ដំឡើង​សរសៃ ក ដាក់​គ្នា។
-យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយមអន្តរជាតិ ពិសេស​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​បន្ត​វាតទី​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។
-វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ស៊ីរី។
-សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បញ្ហា​នៅ​តំបន់​ដើមបូព៌ា​រវាង​ជម្លោះ​អ៊ីសា្រអែល ប៉ាឡេស្ទីន។
-ការ​ប្រយុទ្ធប្រឆំាង​នឹង​ភាពក្រីក្រ ឬ​មួយ​ក៏​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភាព​អត់ឃ្លាន និង​កង្វះអាហារ។

បច្ចុប្បន្ន​នេះ​នៅ​ទូទំាង​ពិភពលោក មាន​អ្នកអត់ឃ្លាន ឬ​ខ្វះអាហារ​ទទួល​ទាន​ប្រមាណ​ជា ២ ០០០លាននាក់។ កម្មវត្ថុ​របស់ G៧ ពេល​នេះ គឺ​កាត់​បន្ថយ​ភាព​អត់ឃ្លាន​ឲ្យ​បាន ៥០០លាននាក់​ ចាប់​ពី​ពេល​នេះ​ដល់​ឆ្នំា ២០៣០។

ក្រៅ​ពី​នេះ ប្រទេស​អាល្លឺម៉ង់​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​បាន​ស្នើ​ឲ្យ​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​ជំនួបកំពូល​នូវ​ប្រធានបទ​ចំនួន​ពីរ​ទៀត ទី១ ការ​ឲ្យ​យុវនារី និង​ស្រ្តី​ទទួល​បាន​ការ​អប់រំ​ដ៏​ល្អ និង​ទី២ អនុញ្ញាត​ឲ្យ​ស្រ្តី​ទទួល​បាន​តួនាទី​ជា​អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​រោងចក្រ សហគ្រាស។ ក៏​ប៉ុន្តែ និង​នៅ​ចំពោះ​មុខ ប្រធានបទ​ដែល​កំពុង​គ្របដណ្តប់​ខ្លំាង​នៅ​ក្នុង​ជំនួបកំពូល G៧ ឆ្នំា​នេះ គឺ​វិបត្តិប្រាក់បំណុល​ក្នុង​ប្រទេស​ក្រិក វិបត្តិ​អ៊ុយក្រែន យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយមអន្តរជាតិ និង​បញ្ហា​ការ​ឡើង​កំដៅ​នៅ​ក្នុង​ភពផែនដី​ដែល​ប្រទេស​បារំាង​កំពុង​ត្រៀម​រៀបចំ​សន្និសីទអន្តរជាតិ​នៅ​ចុង​ឆ្នំា ២០១៥ នេះ។

នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្កឺឡា ម៊ែរកិល និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​នា​ព្រឹកមិញ លោក​អូបាម៉ា​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​វិបត្តិ​ប្រាក់បំណុល​របស់​ប្រទេស​ក្រិក និង​ផលវិបាក​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ពេល​ដែល​ក្រិក​សម្រេច​ចិត្ត​ចាកចេញ​ពី​តំបន់​ប្រាក់អឺរ៉ូ។ ទាក់ទង​នឹង​វិបត្តិ​អ៊ុយក្រែន លោកស្រី​ម៊ែរកិល និង​លោក​អូបាម៉ា​បាន​បង្ហាញ​ពី​ជំហរ​រួម​គ្នា​ក្នុង​ការ​បន្ត​ដាក់​គំនាប​លើ​ប្រទេស​រុស្ស៊ី ពិសេស​លើ​រូប​លោក​ប្រធានាធិបតី​ពូទីន​ឲ្យ​ឈប់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ុយក្រែន។

អវត្តមាន​លោក​ពូទីន​អាច​ជា​ឧបសគ្គ​សម្រាប់​ដោះស្រាយ​វិបត្តិ​មួយ​ចំនួន​ក្នុង​ក្នុង

តាម​ធម្មតា ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ក្នុង​លោក​បច្ចុប្បន្ន​មាន ៨ប្រទេស​ដែល​ហៅកាត់​ថា G៧។ តែ​តំាង​ពី​រុស្ស៊ី​បាន​រំលោភ​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​ក្នុង​ខែ​មីនា ឆ្នំា ២០១៤ មក រុស្ស៊ី​ក៏​ត្រូវ​បាន​គេ​ព្យួរ​ពី​សមាជិកភាព​មក​ដល់​សព្វថ្ងៃ ហើយ G៨ ក៏​ត្រូវ​បាន​គេ​ហៅ​ថា G៧​វិញ។ មួយ​វិញ​ទៀត នេះ​ជា​លើកទី២ ហើយ​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​អវត្តមាន​នៅ​ក្នុង​ជំនួបកំពូល G៧។ អវត្តមាន​របស់​លោក​ពូទីន​នៅ​ក្នុង​ជំនួបកំពូល​​នេះ​បាន​ទទួល​ការ​រិះគន់​ផង និង​ការ​គំាទ្រ​ផង។

ក្រុមអ្នក​រិះគន់​បាន​យល់​ឃើញ​ថា អវត្តមាន​របស់​រុស្ស៊ី​នឹង​មិន​អាច​ឲ្យ​ពិភពលោក​ដោះស្រាយ​បញ្ហា​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​បាន​ឡើយ ដូច​យ៉ាង​វិបត្តិ​ស៊ីរី ឬ​មួយ​ក៏​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ដើម។ សម្រាប់​អ្នកគំាទ្រ​ឲ្យ​ព្យួរជើង​លោក​ពូទីន​នៅ​ក្នុង​ជំនួបកំពូល G៧ បាន​យល់​ឃើញ​ថា វា​ជា​រឿង​ចៀស​មិន​រួច ព្រោះ​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​មួយ រុស្ស៊ី​ត្រូវ​តែ​គោរព​ច្បាប់អន្តរជាតិ​ដែល​ជា​ច្បាប់​សារវន្ត​របស់​មនុស្សលោក​ទូទៅ ពោល​មិន​ត្រូវ​ចូល​ទៅ​រំលោភ​ឈ្លនពាន​ប្រទេស​ផ្សេង ដូច​ដែល​រុស្ស៊ី​កំពុង​ធ្វើ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ជិត​ខាង​សព្វថ្ងៃ​ទេ។

យ៉ាង​ណា​ក៏​ដោយ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ម៊ែរកិល​បាន​បញ្ជាក់​រួច​ហើយ​ថា ទ្វារ G៧ នៅ​តែ​បើក​ចំហ​ជានិច្ច​ដើម្បី​ទទួល​ការ​វិល​ត្រឡប់​វិញ​របស់​រុស្ស៊ី តែ​អ្វីៗ​វា​អាស្រ័យ​ទំាង​ស្រុង​លើ​ជំហរ និង​ជម្រើស​របស់​លោក​ប្រធានាធិបតី​ពូទីន​ទាក់ទង​នឹង​វិបត្តិអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ