អានតួអត្ថបទ
រុស្ស៊ី

ម៉ូស្គូ​ត្រៀម​បំពេញ​លក្ខខណ្ឌ​របស់​ទីភ្នាក់ងារ​ពិភពលោក​ខាង​ប្រឆាំង​ថ្នាំ​លើក​កម្លាំង

រុស្ស៊ី​ដែល​ជាប់ចោទ​ក្នុង​ការ​ចាត់ចែង​ឲ្យ​មាន​ទ្រង់ទ្រាយ​ខាង​ប្រើ​ថ្នាំ​សម្រាប់​លើក​កម្លាំង​អ្នកកីឡា​ខ្លួន នៅ​ថ្ងៃពុធ​ម្សិលមិញ កាល​ដែល​នៅ​សល់​២ថ្ងៃ​ទៀត ដល់​ពេល​អាច ត្រូវ​គេ​ព្យួរ​បេក្ខភាព​ខ្លួន មិន​ឲ្យ​ចូលរួម ក្នុង​ការ​ប្រកួត​ណា​ក៏​ដោយ​ផ្នែក​អត្តពលកម្ម ហាក់​បី​បន្ទន់ ឥរិយាបថ​ទៅ​វិញ ដោយ​ថ្លែង​ថា​ខ្លួន​ត្រៀម​តែងតាំង​អ្នកឯកទេស​បរទេស​តែ​ម្តង ឲ្យ​ដឹក​នាំ មន្ទីរពិសោធ​ក្រុង​ម៉ូស្គូ​ខាង​ប្រឆាំង​ការ​ប្រើ​ថ្នាំ​លើក​កម្លាំង​កីឡាករ​ដែល​នាយក​វា ជា​ជាតិ​រុស្ស៊ី ទើប​លា​ចេញ​ពី​តំណែង​ទៅ។

លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន
លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន REUTERS/Aleksey Druzhinin/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​ទីភ្នាក់ងារ​ពត៌មាន​កីឡា​រុស្ស៊ី ល្ងាច​ថ្ងៃ១១​វិច្ឆិកា លោក​រដ្ឋមន្ត្រី​ក្រសួង​កីឡា​រុស្ស៊ី Vitaly Mutko លើក​ឡើង​ថា ប្រទេស​រុស្ស៊ី​យើង​ខ្ញុំ បើក​ចំហ​ទាំង​ស្រុង ហើយ​ក្នុង​ករណី​ចាំ​បាច់ បន្ទាប់​ពី ការ​ពិគ្រោះ​ប្តូរ​យោបល់ ជាមួយ ទីភ្នាក់ងារ​ពិភពលោក​ខាង​ប្រឆាំង​ការ​ប្រើ​ថ្នាំ​សម្រាប់ លើក​កម្លាំង​អ្នកកីឡាAMA ថែម​ទាំង​ត្រៀម​តែង​តាំង អ្នកឯកទេស​បរទេស ទៅ​ផង ឲ្យ​ដឹក​នាំ មន្ទីរពិសោធ ក្រុង​ម៉ូស្គូ​ខាង​ប្រឆាំង​ការ​ប្រើ​ថ្នាំ​លើក​កម្លាំង​កីឡាករ។ ថ្ងៃ​ពុធ លោក Mutko ត្រូវ​ចូល​រួម ក្នុង​កិច្ច​ប្រជុំ​មួយ ដែល​គេ​ទន្ទឹង​ចាំ​យូរ​មក​ហើយ រវាង ពួក​អ្នក​ទទួល​ខុសត្រូវ វិស័យ​កីឡាជាតិ និង​លោក​ប្រធានាធិបតី​ពូទីន នៅ​ឯ​និវេសនដ្ឋាន​គាត់ ជាយ​ក្រុង Sochi មាត់​សមុទ្រខ្មៅ។

នាយក​មន្ទីរពិសោធ​ក្រុង​ម៉ូស្គូ​នោះ គឺ​លោក Grigori Rodtchenkov ជា​ផ្លូវការ បាន​លា​ចេញ ពី តំណែង​នេះ​ទៅ​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលម៉្ងៃ។ គាត់​ជា អ្នក​រង​ថ្ម​បាក់​មុន​គេ ក្នុង​វិស័យ កីឡាជាតិ ដោយ​មក​ពី​រឿងអាស្រូវ​ពុំ​ធ្លាប់​មាន​ដូច ពាក់ព័ន្ធ​នឹង ការ​ចោទ​ប្រកាន់​ក្នុង​ការ​ប្រើ ថ្នាំ លើក​កម្លាំង​កីឡាករ​រុស្ស៊ី លាយ​ឡំ​និង អំពើ​ពុករលួយ ដែល​ស៊ីរូង​ដល់​ថ្នាក់​លើៗ នៃ​ប្រទេស។ ក្នុង​របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ដែល​បណ្តាល​ឲ្យ​ផ្ទុះ​ឡើង​ជា​រឿង​អាស្រូវ ទីភ្នាក់ងារ​ពិភពលោក​ខាង​ប្រឆាំង​ថ្នាំ​លើក​កម្លាំង AMA បាន​ចោទ​លោក Rodtchenkov ថា ជា​អ្នក ចាត់ចែង ប្រព័ន្ធ​ខាង​ប្រើ​ថ្នាំ​លើក​កម្លាំង​កីឡាករ​រុស្ស៊ី ដែល​រួម​ក្តោប​ទាំង ការ​កំទេច​ចោល Test ជា​វិជ្ជមាន បន្សល់​ទុក​នៅ​ជាប់​នឹង​សរីរាង្គកាយ​កីឡាករ បណ្តាល​មក​ពី​ការ​ប្រើ​ថ្នាំ​លើក​កម្លាំង។

គឺ​ក្នុង​បរិបទ​នៃ​ក្តី​មន្ទិល​សង្ស័យ​ជា​ទូទៅ​ចំពោះ​ប្រទេស​រុស្ស៊ី ដែល​លោក​ពូទីន ក្នុង​កិច្ចប្រជុំ​នៅ ក្រុងSochi ជា​បុរី​ធ្លាប់​បាន​ទទួល​ឲ្យ​ប្រព្រឹត្ត​ទៅ កីឡា​អូឡាំពិក​រដូវ​ត្រជាក់​ឆ្នាំ២០១៤ គ្រោង​លើក ជា​របៀប​វារៈ​គឺ បញ្ហា​រៀបចំ​ពួក​អ្នកកីឡា​រុស្ស៊ី សម្រាប់​ទៅ​ប្រកួត​ក្នុង​ល្បែង​កីឡាអូឡាំពិក​រដូវក្តៅ ឆ្នាំ២០១៦ នៅ​ប្រទេស​ប្រេស៊ីល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ