អានតួអត្ថបទ
រុស្ស៊ី

ធនាគារជាតិ​រុស្ស៊ី​ដំឡើង​ការបា្រក់​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន

ការ​ដំឡើង​នេះ​បាន​ប្រព្រឹត្ត​ទៅ នៅ​វេលា​ម៉ោង១ កណ្តាលអធ្រាត្រយប់មិញ។ មូលហេតុ មក​ពី​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ ពេល​ជួញ​លើ​ទីផ្សាររូបិយវត្ថុ​ក្រុង​ម៉ូស្គូ អាត្រា​ប្រាក់រូប្ល ស្រាប់​តែ​ដាំដូង​ចុះមែនទែន ពុំ​ធ្លាប់​មាន​ដូច​ក្នុង​ប្រវត្តិ​រូបិយវត្ថុ​នេះ​របស់​ជាតិរុស្ស៊ី។ ហើយ​ទៅ​ទល់​ពេល​យប់ រឹត​តែ​បន្ត​ចុះ​ទៀត លុះ​ទាល់​តែ​បង្ខំ​ធនាគារជាតិ​ឲ្យ​ដំឡើង​ពី ១០,៥% រហូត​ដល់ ១៧%តែម្តង គឺ​ការប្រាក់​នៃ​ប្រាក់កម្ចី​ដែល​ធនាគារជាតិ​ផ្តល់​ទៅ​ក្រុមហ៊ុន និង​ធនាគារឯកជន។

លុយរូប្ល​របស់​រុស្ស៊ី
លុយរូប្ល​របស់​រុស្ស៊ី REUTERS/Maxim Zmeyev/Files
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ពន្យល់​បំភ្លឺ​នៃ​ធនាគារជាតិ​រុស្ស៊ី សេចក្តីសម្រេច​ដំឡើង​ការប្រាក់​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​គោលដៅ​កម្រិត​ជា​ចាំបាច់ ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ប្រាក់រូប្ល។ ជា​ការ​កត់សម្គាល់ ទើប​ក្នុង​សប្តាហ៍​មុន​សោះ ធនាគារកណ្តាល​រុស្ស៊ី​ក្នុង​ផ្ទៃ​នៃ​អត្រាប្រាក់​រូប្ល​ចេះ​តែ​ចុះ​ទៅ គឺ​បាន​ដំឡើង​ការប្រាក់​នេះ​ម្តង​ទៅ​ហើយ ពី ៩,៥% ដល់ ១០,៥%។ ប៉ុន្តែ​ច្បាស់​ជា​នៅ​ស្ទើរ​ណាស់ ក្រោយ​ពី​សង្កេតឃើញ​បរិយាកាស​បោក​កញ្ជ្រោល​ម្សិលមិញ​នៅ​លើ​ទីផ្សារ​ជួញ​រូបិយវត្ថុ​ក្រុងម៉ូស្គូ​ដែល​ត្រូវ​មជ្ឈដ្ឋាន​ធុរកិច្ចប្រសិទ្ធិនាម​ថា ជា “ថ្ងៃចន្ទខ្មៅ”។ តាម​សម្តី​អ្នកនាំពាក្យ​ផ្លូវការ​របស់​ប្រធានាធិបតី​រុស្ស៊ី លោកឌ្មីទ្រី ពេស្កូវ វិមានក្រេមឡាំង​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ណា​ទេ អំពី​វិធានការ​ថ្មី​នេះ​របស់​ធនាគារកណ្តាល។

ដំណឹង​ស្តី​អំពី​ការ​ដំឡើង​ការប្រាក់​យ៉ាង​ខ្លាំង​តែ​ម្តង​បាន​ជះ​ចំហាយ​វិជ្ជមាន លុះ​ទាល់​តែ​ស្រង់​អត្រា​ប្រាក់រូប្ល​ឲ្យ​ស្ទុះ​ឡើង​ខ្លះៗ​វិញ គឺ​ថា​បើ​យប់មិញ ១ដុល្លារ ស្មើ​នឹង ៦៥រូប្ល​ទៅ​ហើយ នោះ​ព្រឹកមិញ វា​ឡើង​ដល់​១ដុល្លារ​ស្មើ​នឹង ៦០រូប្លប៉្លាយ ចំណែក ១អឺរ៉ូ ដែល​យប់​មិញ​ស្មើ​នឹង ៨១រូប្ល ឯណោះ ក៏​រំកិល​ឡើង​ស្រឺតៗ​ដល់ ១អឺរ៉ូ​ស្មើ​នឹង ៧៥រូប្ល។ ជា​ការ​កត់សម្គាល់ អត្រា​ប្រាក់រូប្ល ទាំង​ទល់​នឹង​ដុល្លារ ទាំង​ទល់​នឹង​អឺរ៉ូ គ្រាន់​តែ​ក្នុង​១”ថ្ងៃចន្ទ​ខ្មៅ” ម្សិលមិញ គឺ​បាន​ស្រាល​ទម្ងន់​អស់​ប្រមាណ ១០%។

អំពី​ខ្លឹមសារ​នៃ​ការ​ដំឡើង​ការប្រាក់​ដោយ​ធនាគារកណ្តាល​រុស្ស៊ី ចាប់​ពី​ថ្ងៃ១៦ ធ្នូ​នេះ​ទៅ លោក​ស៊ែរហ្គៃ ឌូប៊ីនីន ដែល​ពី​ឆ្នាំ១៩៩៥​ ដល់ ១៩៩៨ ធ្លាប់​ធ្វើ​ជា​ប្រធាន​ធនាគារ​នេះ ក្នុងសម្ភាសន៍​ទៅ​ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​រុស្ស៊ី ITAR-TASS ថ្លែង​ថា ការ​ដំឡើង​ការប្រាក់ គឺ​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ខ្វះ​ប្រាក់រូប្ល​ទៅ​វិញ។ ពីព្រោះ​ធនាគារ​បន្ថយ​ប្រាក់កម្ចី​ផ្តល់​ទៅ​ក្រុមហ៊ុន និង​ធនាគារឯកជន ដើម្បី​បង្ខំគេ​ឲ្យ​លក់​រូបិយវត្ថុ​ដែល​គេ​មាន បើ​គេ​ត្រូវការ​ប្រាក់រូប្ល។ ហើយ​ការប្រាក់​សោត ដែល​គេ​ត្រូវ​បង់​ទៅ​ធនាគារជាតិ គឺ​ខ្ពស់​ជាង​ប្រាក់ចំណេញ​ដែល​គេ​រក​បាន​ពី​ការជួញ​រូបិយវត្ថុ តាម​ផ្លូវ​កេងប្រវ័ញ្ច។ ដូច្នេះ គឺ​រំសាយ​ចំណង់​ពួក​គេ​ខ្ចី​ប្រាក់​ពី​ធនាគារជាតិ។

លោក​ប្រធានាធិបតី​ពូទីន ក្នុង​សារ​ប្រចាំ​ឆ្នាំ​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ពេល​ថ្មីៗ​បាន​ផ្ទុកផ្តាក់​ធនាគារជាតិ និង​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​យ៉ាង​ដិតដល់​ប្រឆាំង​ពួក​កេងប្រវ័ញ្ច​បែប​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ