អានតួអត្ថបទ
ស៊ុយអែត-ស៊ីព្រី

ស៊ីព្រី៖រុស្ស៊ី​ទទួល​បាន​ចំណូល​ពី​ការ​លក់​អាវុធ​ច្រើន​ក្នុង​ឆ្នាំ ២០១៤

នៅ​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ហៅ​កាត់​ថា​ស៊ីព្រី (Sipri) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ស្តុកខូម ប្រទេស​ស៊ុយអែត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ថវិកា​បាន​មក​ពី​ការ​លក់​អាវុធ​ក្នុង​ឆ្នាំ ២០១៤ មាន​ការ​ធ្លាក់​ចុះ។ របាយការណ៍​របស់​ស៊ីព្រី​បាន​បញ្ជាក់​ថា ជួន​ចំ​ពេល​ដែល​ថវិកា​បាន​មក​ពី​ការ​លក់​អាវុធ​មាន​ការ​ធ្លាក់​ចុះ​សម្រាប់​ក្រុមប្រទេស​លោកខាង​លិច ថវិកា​បាន​មក​ពី​ការ​លក់​អាវុធ​របស់​ប្រទេស​រុស្ស៊ី​មាន​ការ​កើន​ឡើង​យ៉ាង​សម្បើម​ក្នុង​ឆ្នាំ ២០១៤។

Logo SIPRI
Logo SIPRI
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ឆ្នាំ ២០១៤ កន្លង​ទៅ ចំណូល​សរុប​បាន​មក​ពី​ការ​លក់​អាវុធ​របស់​ក្រុមប្រទេស​ផលិត​អាវុធ​ទាំង ១០០ប្រទេស​ដំបូង​មាន​ការ​ធ្លាក់​ចុះ ៤ឆ្នាំ​ជាប់​គ្នា។ បើ​គិត​តែ​ក្នុង​ឆ្នាំ ២០១៤ មួយ ចំណូល​បាន​មក​ពី​ការ​លក់​អាវុធ​មាន​ការ​ធ្លាក់​ចុះ ១,៥% ពោល​ទទួល​បាន​ចំណូល​តែ​ប្រមាណ ៤០១ ០០០លាន​ដុល្លារ​ប៉ុណ្ណោះ នេះ​បើ​តាម​របាយការណ៍​របស់​ស៊ីព្រី។ ជា​ការ​ប្រៀបធៀប ចំណូល​បាន​មក​ពី​ការ​លក់​អាវុធ ៤០១ ០០០លាន​ដុល្លារ​គឺ​មាន​ទំហំ​ធំ​ជាង ១០០ដង​នៃ​ថវិកា​បេសកម្ម​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។

យោង​តាម​ស៊ីព្រី រោងចក្រ សហគ្រាស​ផលិត​អាវុធ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទឹកដី​អាមេរិក និង​អឺរ៉ុប​បាន​គ្រប​ដណ្តប់​ទីផ្សារ​អាវុធ​ជាង ៨០%​ក្នុង​លោក តែ​មាន​ចំណូល​ធ្លាក់​ចុះ​ចំនួន ៣,២ពិន្ទុ​ក្នុង​ឆ្នាំ ២០១៤ ធៀប​នឹង​ឆ្នាំ ២០១៣។ ដោយឡែក និង​ទន្ទឹម​នឹង​ចំណូល​បាន​មក​ពី​ការ​លក់​អាវុធ​ធ្លាក់​ចុះ​សម្រាប់​ក្រុម​ប្រទេស​លោក​ខាងលិច​នា​ឆ្នាំ ២០១៤ ពិសេស​សកម្មភាព​ថយ​ចុះ​របស់​រោងចក្រ សហគ្រាស​ផលិត​អាវុធ​នៅ​អឺរ៉ុប​ខាង​លិច​នោះ រោងចក្រ សហគ្រាស​ផលិតអាវុធ​ប្រមាណ ៣៦ផ្សេង​ទៀត​ក្នុង​លោក​កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំង ដោយ​ទទួល​បាន​កំណើន ២៥%។ អ្នក​ដែល​ទទួល​បាន​ផលចំណេញ​ខ្លាំង​ជាង​គេ គឺ​ប្រទេស​រស្ស៊ី​ដែល​ចំណូល​បាន​កើន​ជិត ៥០%។

អតិថិជន​របស់​រុស្ស៊ី​សុទ្ធសឹង​ជា​ប្រទេស​សំខាន់ៗ និង​គ្រាក់ៗ ដូច​យ៉ាង​ចិន និង​ឥណ្ឌា​ដែល​កំពុង​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី។ ក្រៅ​ពី​នោះ ប្រទេស​ស៊ីរី​ក៏​ជា​អ្នក​ទិញ​អាវុធ​ពី​រុស្ស៊ី​តាំង​ពី​សម័យ​សហភាពសូវៀត​មក​ម្ល៉េះ។ តែ​តាំង​ពី​ផ្ទុះ​វិបត្តិ​ក្នុង​ឆ្នាំ ២០១១ មក ស៊ីរី​មិន​មាន​លទ្ធភាព​ទិញ​អាវុធ​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ