អានតួអត្ថបទ
អឺរ៉ុប-ជនភៀសខ្លួន

ជន​ភៀសខ្លួន​៧០០នាក់​ស្លាប់​បន្ថែម​ទៀត ​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ

ជនភៀស​ខ្លួន ​មក​ពី​ទ្វីប​អាហ្វ្រិក ​បាន​បន្ត​នាំគ្នា​ពពាក់​ពពូន ​ផ្សង​គ្រោះថ្នាក់​​ឆ្លង​សមុទ្រ​ម៉េឌីទែរ៉ាណេ ​ដើម្បី​ចូល​មក​កាន់​ទឹកដី​អឺរ៉ុប ​តាម​រយៈ​ប្រទេស​អ៊ីតាលី។ គ្រោះ​អកុសល​បាន​កើត​ឡើង​មួយ​បន្ថែម​ទៀត ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ១៩ មេសា ដោយ​នាវា​ដឹក​ជន​ភៀសខ្លួន​ ចំនួន​ជាង​៧រយ​នាក់ ​បាន​លិច​នៅ​ក្នុង​សមុទ្រ ​បន្ទាប់​ពី​បាន​ចេញ​ដំណើរ​ ពី​ប្រទេស​លីប៊ី​ បាន​ជាង​មួយរយ​គីឡូម៉ែត្រ។ មាន​ប្រតិកម្ម​ផ្ទួនៗ ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​នានា ​ដោយ​បាន​ចោទ​ត្រង់ៗ ​ទៅ​លើ​នយោបាយ​អន្តោប្រវេសន៍ ​របស់​សហភាព​អឺរ៉ុប ​ថា​គ្មាន​បាន​លទ្ធផល ​ហើយ​ថែម​ទាំង​ ធ្វើឲ្យ​មាន​អ្នក​ស្លាប់​ កាន់​តែ​ច្រើន។

គ្រាន់​តែ​មួយ​សប្តាហ៍ ​ជន​អន្តោប្រវេសន៍​ ចំនួន​ ១១០០០ ​នាក់​ បាន​មក​ដល់​អ៊ីតាលី​ តាមទូក។ រូបភាព ថតនៅ កំពង់ផែTrapani ថ្ងៃទី ១៧ មេសា ២០១៥
គ្រាន់​តែ​មួយ​សប្តាហ៍ ​ជន​អន្តោប្រវេសន៍​ ចំនួន​ ១១០០០ ​នាក់​ បាន​មក​ដល់​អ៊ីតាលី​ តាមទូក។ រូបភាព ថតនៅ កំពង់ផែTrapani ថ្ងៃទី ១៧ មេសា ២០១៥ REUTERS/Guglielmo Mangiapane
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​១២​មេសា នាវា​ដឹក​ជន​ភៀសខ្លួន​ចំនួន​ ៤០០ ​នាក់​ បាន​លិច​បាត់ ​មិន​ទាន់​រក​សាកសព​ឃើញ​នៅ​ឡើយ​ផង ​ ពេល​នេះ ​មាន​នាវា​មួយ​ទៀត ​ដែល​ដឹក​នុស្ស ​ចំនួន ​ជាង​៧០០​នាក់ ​បាន​លិច​បាត់​បន្ថែម​ទៀត ​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ។ បើ​គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៥​នេះ ​មាន​ជន​ភៀសខ្លួន​មក​ពី​ទ្វីប​អាហ្វ្រិក ​ជាង​១៥០០​នាក់​ហើយ ​ដែល​បាន​ស្លាប់ ​ចោល​ឆ្អឹង​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ ​សមុទ្រ​ដែល​ខណ្ឌ​ចែក​ទ្វីប​អឺរ៉ុប​ និង​ទ្វីប​អាហ្វ្រិក។

 
ហេតុការណ៍​បាន​កើត​ឡើង​ ក្នុង​យប់​ថ្ងៃ​សៅរ៍ ​ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ១៩​មេសា។ ក្រុម​សង្គ្រោះ​ បាន​ជួយ​ស្រង់​មនុស្ស​នៅ​រស់​ចំនួន​ ២៨​នាក់ ​និង​សាកសព​ចំនួន ​២៤នាក់។ ​បើ​តាម​សម្តី​របស់​អ្នក​ដែល​នៅ​រស់​ម្នាក់ ​បាន​ប្រាប់​ថា​ នាវា​ដែល​មាន​ប្រវែង ​ប្រហែល​ជា​ជាង ២០​ម៉ែត្រ ​បាន​ចេញ​ដំណើរ​ពី​ឆ្នេរ​ប្រទេស​លីប៊ី ​បាន​ចំងាយ ​ប្រហែល​ជា ​១៣០​គីឡូម៉ែត្រ ​ដោយ​មាន​ផ្ទុក​មនុស្ស​ ជាង​៧០០​នាក់ ​សុទ្ធសឹង​ជា​ជន​ភៀសខ្លួន ​មក​ពី​ទ្វីប​អាហ្វ្រិក។ ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​លិច ​ដោយសារ​តែ​មនុស្ស​ផ្អើល​ជាន់​គ្នា ​នៅ​ខាង​តែ​ម្ខាង​នាវា ​ពេល​គេ​ឃើញ​ មាន​នាវា​ធំមួយ​ទៀត​ បើក​មក​ជិត។ ភ្លាមៗ​នោះ ​នាវា​ក៏​ផ្អៀង ​ហើយ​លិច​តែ​ម្តង។

ប្រឈមមុខ ​និង​គ្រោះថ្នាក់​លិច​ទូក​ផ្ទួនៗ​គ្នា​បែបនេះ ​មតិ​រិះគន់​មាន​កាន់តែ​ច្រើន​ ទៅលើ​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​សហភាព​អឺរ៉ុប។ បេសកកម្ម​ត្រួត​ពិនិត្យ​ដែន​សមុទ្រ​របស់​អឺរ៉ុប ​ដែល​អនុវត្ត​បច្ចុប្បន្ន ​មាន​ឈ្មោះ​ថា Triton ​ត្រូវ​បាន​គេ​រិះគន់​ថា​ គ្មាន​បាន​លទ្ធផល​អ្វី​ទាំងអស់​ ​ព្រោះ​វា​តម្រូវ​ឲ្យ​ក្រុម​ត្រួត​ពិនិត្យ ​ធ្វើការ​ឃ្លាំមើល​តែ​នៅ​ចម្ងាយ ​ប្រមាណ​ជា​ជាង​ ៥០​ គីឡូម៉ែត្រ ​តែ​ប៉ុណ្ណោះ ​ ពី​ឆ្នេរ​អ៊ីតាលី។

លោក​នាយក​រដ្ឋមន្រ្តី​ប្រទេស​ម៉ាល់ត៍ ​បាន​ប្រៀប​ប្រដូច​ ​ហេតុការណ៍​ស្លាប់​ជន​ភៀសខ្លួន​ទាំង​នេះ ​​ទៅ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍ ​ដែល​ពិភពលោក​ឈរ​ឱបដៃ​មើល ​គ្មាន​នរណា​ជួយ​ឈឺ​ឆ្អាល។ ​លោក​ប្រធានាធិបតី​បារាំង ​បាន​សំណូមពរ ​ទៅ​ក្រុម​ប្រឹក្សា​អឺរ៉ុប ​ឲ្យ​កោះ​ប្រជុំ​ជា​បន្ទាន់​ ដើម្បី​ស្វែងរក​ជំនួយ ​និង​រិះរក​វិធី​ ដើម្បី​ទប់​ស្កាត់​គ្រោះ​អកុសល​ទាំង​នេះ។ យ៉ាង​ណា​មិញ ​លោកស្រី ម៉ូហ្គឺរីនី ​ប្រមុខ​ការទូត​អឺរ៉ុប ​បាន​បញ្ជាក់​ថា ​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ទាំង​២៨ ​នឹង​ជួប​ប្រជុំ​គ្នា​បន្ទាន់​ នៅ​ប្រទេស​លុចហ្សំបួរ ​នៅ​ថ្ងៃ​ចន្ទ ​ទី ២០មេសា។

សូម​បញ្ជាក់​ថា ​ជន​ភៀស​ខ្លួន ​អាហ្រិក​ទាំង​នោះ ​នាំគ្នា​ផ្សង​គ្រោះថ្នាក់​ ដើម្បី​កសាង​ជីវិត​ថ្មី ​ដោយសារ​តែ​នៅ​តាម​ប្រទេស​ខ្លួន​ជួប​គ្រោះ​ទុរភិក្ខ ​និង​ការ​កាប់​សម្លាប់​ដោយ​សង្គ្រាម​ជាដើម។ នៅ​ពី​ក្រោយ​គ្រោះថ្នាក់​ទាំងនេះ ​ក្រុម​ឈ្មួញ​បាន​កេង​ចំណេញ ​ឆ្លៀត​ជួញ​ដូរ​​ ដឹក​ជញ្ជូន​ជនភៀស​ខ្លួន ​ឆ្លង​សមុទ្រ ​ទាំង​ពុំ​មាន​ទូក ​រឺ​នាវា​ត្រឹមត្រូវ ​ហើយ​ម្តងៗ​ដាក់​ញាត់​មនុស្ស​ជាន់​គរ​លើ​គ្នា ​មិន​គិត​ពី​សុវត្ថិភាព។ មធ្យោបាយ​មួយ​ដែល​ល្អ ​ដើម្បី​បញ្ចប់​គ្រោះ​ថ្នាក់​ទាំង​នេះ ​គឺ​ត្រួត​ពិនិត្យ​យ៉ាងណា​ កុំឲ្យ​នាវា​ខុស​ច្បាប់​ទាំង​នោះ​ ចេញ​ដំណើរ​បាន។ មួយ​វិញ​ទៀត ​គេ​គួរ​បង្កើត​ជា​ តំបន់​ទទួល​ជន​ភៀសខ្លួន​ទាំង​នោះ ​នៅ​តាម​ប្រទេស​ជាប់​ឆ្នេរ​សមុទ្រ ​ដូច​ជា​ លីប៊ី ​អាល់ហ្ស៊េរី ​និង​អេហ្ស៊ីប​ ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ