អានតួអត្ថបទ
រុស្ស៊ី

ពលរដ្ឋ​រុស្ស៊ី​ចូលរួម​គោរព​វិញ្ញាណក្ឋន្ធ​សព​លោកបូរីស ញ៉េមសូវ តែ​អាដ៍កំបំាង​កំពុង​បន្ត​មាន

នៅ​ប្រទេស​រុស្ស៊ី ជិត ៤៨ម៉ោង ក្រោយ​ឃាតកម្ម​សម្លាប់​មេបក្សប្រឆំាង​លោក​បូរីស ញ៉េមសូវ​ក្នុង​កណ្តាល​ទីក្រុង​មូស្គូ​មក ពីធី​ដង្ហែរ​ក្បួន​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ញ៉េមសូវ​ត្រូវ​បាន​រៀបចំ​នៅ​ថ្ងៃ​អាទិត្យ ទី១ មីនា​នេះ​ដោយ​មាន​មនុស្ស​ចូលរួម​ជា​ច្រើន​ពាន់នាក់។ រីឯ​ការ​ស៊ើបអង្កេត​ជុំវិញ​ឃាតកម្ម​លោក​បូរីស ញ៉េមសូវ​កំពុង​បន្ត​ធ្វើ ដោយ​រដ្ឋអំណាច​បាន​លើក​យក​សម្មតិកម្ម​ជា​ច្រើន​ទៅ​សិក្សា​ពិនិត្យ។ ខណៈ​នេះ រដ្ឋអំណាច​បាន​ចាត់​ទុក​ឃាតកម្ម​សម្លាប់​លោក​ញ៉េមសូវ​ថា ជា​ការ​បង្ក​រឿង​ដើម្បី​ទម្លាក់​កំហុស​ដាក់​វិមាន​ក្រិមឡំាង ចំណែក​ក្រុមប្រឆំាង​បាន​ចាត់ទុក​ជា​ឃាតកម្ម​នយោបាយ។ យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​ប្រកាស​ក្តែងៗ​ថា លោក​នឹង​ចាត់​វិធានការ​ផ្ទាល់ខ្លួន​ដើម្បី​វែកមុខ​រក​ក្រុមអ្នករៀបចំ និង​ចាប់​ជនដៃដល់​ទៅ​កាត់ទោស។

ពលរដ្ឋ​រុស្ស៊ី​ចូលរួម​គោរព​វិញ្ញាណក្ឋន្ធ​សព​លោកបូរីស ញ៉េមសូវ
ពលរដ្ឋ​រុស្ស៊ី​ចូលរួម​គោរព​វិញ្ញាណក្ឋន្ធ​សព​លោកបូរីស ញ៉េមសូវ Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឆំាង​នៅ​រស្ស៊ី​ដែល​មាន​រូប​លោក​បូរីស ញ៉េមសូវ​ម្នាក់​ដែរ​នោះ​បាន​គ្រោង​រៀបចំ​ក្បួនបាតុកម្ម​នៅ​ក្នុង​ទីក្រុង​មូស្គូ​នា​ថ្ងៃ​ទី១ មីនា​ថ្ងៃ​នេះ​តំាង​ពី​យូរ​មក​ហើយ។ គោលដៅ​ពី​ដំបូង​នៃ​គម្រោង​ក្បួន​បាតុកម្ម​ថ្ងៃទី១ មីនា​នេះ គឺ​ដើម្បី​ប្រឆំាង​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ដែល​បាន​លូកដៃ​ចូលជ្រៀតជ្រែក​កិច្ចការ​ផ្ទែក្នុង​របស់​ប្រទេស​អ៊ុយក្រែន។ តែ​នៅ​មួយ​ថ្ងៃ​មុន​ក្បួនបាតុកម្ម​ឈាន​មក​ដល់ ស្រាប់​តែ​លោក​បូរីស ញ៉េមសូវ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​កណ្តាល​ក្រុង​មូស្គូ​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិមាន​ក្រិមឡំាង។ អ៊ីចឹង​ហើយ​បាន​ជា​ក្បួនបាតុកម្ម​ប្រឆំាង​លោក​ពូទីន​ថ្ងៃ​នេះ​ត្រូវ​បាន​ក្រុមប្រឆំាង​ប្រែ​ក្លាយ​ទៅ​ជា​ការ​ដង្ហែក្បួន​ដើម្បី​គោរពវិញ្ញាក្ខន្ធ​សព​លោក​បូរីស ញ៉េមសូវ។

ចំនួន​មនុស្ស​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម​ក្នុង​ទីក្រុង​មូស្គូ​ត្រូវ​បាន​ចៅហ្វាយ​ក្រុង​អនុញ្ញាត​ឲ្យ​មាន​ច្រើន​បំផុត ៥០ ០០០នាក់។ តែ​ជា​មួយ​នឹង​ព្រឹត្តិការណ៍​ដ៏​សោកសៅ​ពេល​នេះ ចំនួន​មនុស្ស​ចូលរួម​មាន​ច្រើន​ជាង​ការ​អនុញ្ញាត ព្រោះ​ក្បួន​ដង្ហែ​ថ្ងៃ​នេះ​បាន​ចូលរួម​ពី​ពលរដ្ឋ​រុស្ស៊ី​គ្រប់​លំដាប់ថ្នាក់។ តំាង​តែ​ពី​ថ្ងៃ​សៅរិ៍ ទី២៨ កុម្ភៈ​មក​ដល់​ថ្ងៃ​អាទិត្យ ទី១ មីនា​នេះ មាន​ប្រជាជន​រុស្ស៊ី​ជា​រាប់រយពាន់​​នាក់​បាន និង​កំពុង​បន្ត​នំា​គ្នា​ទៅ​ដាក់​កម្រងផ្កា និង​អុជទាន​នៅ​លើ​ស្ពាន​ចំ​ទីកន្លែង​ដែល​លោក​បូរីស ញ៉េមសូវ​ត្រូវ​បាន​គេ​បាញ់​សម្លាប់។ ជាទូទៅ ពលរដ្ឋ​រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​បាន​ចាត់​ទុក​ឃាតកម្ម​សម្លាប់​លោក​ញ៉េមសូវ​ថា ជា​ការ​គំរាមកំហែង​លទ្ធិប្រជាធិបតេយ្យ និង​ក្តីសង្ឃឹម​របស់​យុវជន​រុស្ស៊ី​ជំនាន់​ក្រោយ។

អ្វី​ដែល​គេ​ដឹង​ជុំវិញ​ឃាតកម្ម​សម្លាប់​លោក​បូរីស ញ៉េមសូវ

ព័ត៌មាន​ជុំ​វិញ​ឃាតកម្ម​សម្លាប់​លោក​បូរីស ញ៉េមសូវ​មាន​ច្រើន តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ខ្លំាង​មក​ដល់​ពេល​នេះ គឺ​ការ​បន្ត​ទម្លាក់​កំហុស​ដាក់​គ្នា​រវាង​រដ្ឋអំណាច និង​ក្រុមប្រឆំាង។ នៅ​ខាង​រដ្ឋអំណាច គេ​ថា​ឃាតកម្ម​សម្លាប់​លោក​បូរីស ញ៉េមសូវ​គឺ​ជា​ឆាកល្ខោន​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមប្រឆំាង​គ្នា​ឯង​ដើម្បី​ទម្លាក់​កំហុស​ដាក់​រដ្ឋអំណាច​ក្នុង​គោលបំណង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​សង្គម​រុស្ស៊ី។ មាន​ក្រុមអ្នកជំនិត​នឹង​របប​មូស្គូ​ជាច្រើន​ថែម​ទំាង​បាន​ទម្លាក់​កំហុស​ដាក់​កម្លំាងពិសេស​អ៊ុយក្រែន​ដើម្បី​បំផុសបំផុល​ឲ្យ​មាន​ចលនា​ប្រឆំាង​រុស្ស៊ី​កាន់​តែ​ខ្លំាង​ឡើងៗ​នៅ​បរទេស​ទាក់ទង​នឹង​វិបត្តិអ៊ុយក្រែន។

គួរ​រម្លឹក​ជូន​ថា​កាល​ពី​ប៉ុន្មាន​ឆ្នំា​មុន​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ធ្លាប់​បាន​ប្រមើល​ទុក​ពី​ឃាតកម្ម​សម្លាប់​អ្នកប្រឆំាង​ណា​ម្នាក់​ដោយ​អ្នកប្រឆំាង​គ្នា​ឯង។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ប៉ុន្មាន​ម៉ោង ក្រោយ​ឃាតកម្ម​សម្លាប់​លោក​ញ៉េមសូវ លោក​ពូទីន​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដោយ​ចាត់​ទុក​ឃាតកម្ម​នោះ​ថា ជា​ការ​បង្ក​រឿង​ដើម្បី​ទម្លាក់​កំហុស​ដាក់​រូប​គាត់។ តែ​ក្រុមអ្នកប្រឆំាង​បាន​បដិសេធ ដោយ​ពួក​គេ​បាន​ចាត់​ទុក​ជា​ឃាតកម្ម​នយោបាយ​ដើម្បី​បំបិទមាត់​អ្នកប្រឆំាង។

យ៉ាង​ណា​ក៏​ដោយ គណៈម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី​បាន​បង្ហើប​ឲ្យ​ដឹង​នូវ​សម្មតិកម្ម​មួយ​ចំនួន រួម​មាន ការ​រួមគំនិត​ផ្ទៃក្នុង​របស់​បក្សប្រឆំាង​ដើម្បី​ទម្លាក់កំហុស​ដាក់​រដ្ឋអំណាច រឿង​វិបត្តិអ៊ុយក្រែន រឿង​គំនុំ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​លោក​ញ៉េមសូវ ឬ​មួយ​ក៏​ជាប់​ទាក់ទង​នឹង​អ៊ីស្លាមនិយមជ្រុល​ដែល​លោក​ញ៉េមសូវ​ធ្លាប់​បាន​ទទួល​ការ​គំរាមសម្លាប់​ជា​ច្រើន​ដង ដោយសារ​តែ​លោក​បាន​ចេញ​មុខ​គំាទ្រ​ទស្សនាវដ្តី​បារំាង Charlie Hebdo បន្ទាប់​ពី​ទស្សនាវដ្តី​​ថ្លុកកំប្លែង​មួយ​នេះ​បាន​រង​ការ​វាយប្រហារ​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​ក្នុង​ទីក្រុង​ប៉ារីស។

បញ្ជីឈ្មោះ​ឃាតកម្ម​នយោបាយ​មាន​កាន់​តែ​វែង​ក្នុង​អំណាច​លោក​ពូទីន

តំាង​ពី​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​បូរីស ញ៉េមសូវ​មក​ដល់​ពេល​នេះ លោក​ពូទីន​បាន​ប្រកាស​ក្តែងៗ​ជា​សាធារណៈ​ថា លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​នោះ​ទេ ព្រម​ទំាង​ចាត់​ទុក​ទង្វើ​នោះ​ថា ជា​ការ​បង្ក​រឿង និង​ថា រូប​លោក​ផ្ទាល់​នឹង​ចាត់​វិធានការ​វែក​មុខ​រក​ក្រុមអ្នករៀបចំ និង​ចាប់​ជនដៃដល់​ទៅ​កាត់ទោស។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា ឃាតកម្ម​នយោបាយ​នៅ​រុស្ស៊ី​ក្នុង​អំណាច​របស់​លោក​ពូទីន​មិនមែន​ទើប​តែ​កើត​មាន​ជា​លើកទី១ ទេ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ ទង្វើ​បំភិតបំភ័យ សម្លុតគំរាមកំហែង ចាប់ដាក់គុក និង​សម្លាប់​អ្នកនយោបាយប្រឆំាង អ្នកកាសែត ព្រម​ទំាង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​មាន​ជា​ហូរហែ។

ជាក់ស្តែង ការសម្លាប់​លោកស្រី Natalia Estemirova អ្នកកាសែត និង​ជា​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ខែ​កក្កដា ឆ្នំា ២០០៩ ឬ​មួយ​ក៏​សម្លាប់​អ្នកកាសែត​លោកស្រី Anna Politkovskaïa ក្នុង​ខែ​តុលា ឆ្នំា ២០០៦ ដោយសារ​តែ​លោកស្រី​បាន​បរិហារ​ពី​ការ​រំលោភសិទ្ធិមនុស្ស​នៅ​ឆេឆេនី និង​ការ​កាន់​អំណាច​ផ្តាច់ការ​របស់​លោក​ពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ