អានតួអត្ថបទ
បារាំង-រុស្ស៊ី

បារាំង-រុស្ស៊ី៖លោក​ហូឡង់​ទៅ​បញ្ចុះបញ្ចូល​លោក​ពូទីន​ឲ្យ​រួម​សហការណ៍​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ វិច្ឆិកា​នេះ លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​បាន​បន្ត​បេសកកម្ម​ការទូត​នៅ​បរទេស​ក្នុង​គោលដៅ​បង្កើត​ឲ្យ​មាន​សម្ព័ន្ធឯកភាព​មួយ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ បន្ទាប់​ពី​បាន​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន​ក្នុង​ទីក្រុង​ប៉ារីស លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នៅ​ទីក្រុង​វ៉ាស៊ីនតោន លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្គេឡា មែរកិល​ក្នុង​ទីក្រុង​ប៉ារីស​មក លោក​ហូឡង់​បាន​ទទួល​ជួប​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ម៉ាតេអូ រ៉េនហ្ស៊ី​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ព្រឹកមិញ មុន​នឹង​ទៅ​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ាឌីមៀរ ពូទីន​នៅ​ក្នុង​ទីក្រុង​មូស្គូ​នា​រសៀល​ថ្ងៃ​នេះ។

លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់ (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី លោក​ពូទីន ថ្ងៃទី៦ ធ្នូ ឆ្នាំ ២០១៤
លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់ (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី លោក​ពូទីន ថ្ងៃទី៦ ធ្នូ ឆ្នាំ ២០១៤ AFP/Alain Jocard
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​ការទូត​ពេញ​មួយ​សប្តាហ៍​របស់​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​បាន​ចាប់​ផ្តើម​នៅ​ដើម​សប្តាហ៍​នេះ ពោល​ជាង ១សប្តាហ៍​ក្រោយ​អំពើភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​ដែល​បាន​សម្លាប់​មនុស្ស​អស់ ១៣០នាក់​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា។ អំពើ​ភេរវកម្ម​នោះ​គឺ​ជា​ស្នាដៃ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ហើយ​ដែល​ពិភពលោក​ទំាង​មូល រាប់​ទាំង​រុស្ស៊ី​ផង​បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​យ៉ាង​ចាស់ដៃ។ ក្រៅ​ពី​បាន​បង្កើន​ការ​វាយប្រហារ​លើ​ទីតាំង និង​រចនាសម្ព័ន្ធ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​តែ​ម្នាក់​ឯង បារំាង​ក៏​បាន​ចេញ​មុខ​អំពាវនាវ​អ្នក​ផ្សេង​ឲ្យ​រួម​សហការណ៍​ដែរ។

គោលដៅ​របស់​ទីក្រុង​ប៉ារីស គឺ​បង្កើត​ឲ្យ​មាន​សម្ព័ន្ធឯកភាព​អន្តរជាតិ​មួយ​ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​មហាអំណាច​គ្រាក់ៗ រួម​មាន​អាមេរិក អាល្លឺម៉ង់ អង់គ្លេស ចិន និង​រុស្ស៊ី។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្គេឡា មែរកិល ឬ​មួយ​ក៏​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា លោក​ប្រធានាធិបតី​បារំាង​ហូឡង់​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទី។ តែ​ប្រហែល​ជា​ពិបាក​បន្តិច​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ាឌីមៀរ ពូទីន។ ពិត​ណាស់​ថា រុស្ស៊ី​ក៏​បាន​ចាត់​ទុក​អង្គការ​រដ្ឋអ៊ីស្លាម​ជា​អង្គការ​ភេរវនិយម​ដ៏​សែនគ្រោះថ្នាក់​ចំពោះ​រុស្ស៊ី និង​ពិភពលោក​ទំាង​មូល​ដែរ។

តាំង​តែ​ពី​ដើម​ខែ​កញ្ញា​មក រុស្ស៊ី​បាន​ផ្តើម​បើក​យុទ្ធនាការ​ផ្លូវអាកាស​វាយប្រហារ​ដាច់​ដោយឡែក​របស់​ខ្លួន​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។ តែ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​បន្ត​មាន​មន្ទិល​សង្ស័យ និង​កំពុង​ចោទ​សួរ​នោះ​គឺ​ថា តើ​អន្តរាគមន៍​របស់​រុស្ស៊ី​នៅ​ស៊ីរី ជា​អន្តរាគមន៍​វាយប្រហារ​តែ​លើ​សំបុក​អង្គការ​រដ្ឋអ៊ីស្លាម ឬ​មួយ​ក៏​ឆ្លៀត​វាយ​សំពង​ក្រុមបះបោរ​ស៊ីរី​ដែល​កំពុង​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ ចូរ​កុំ​ភ្លេច​ថា ទីក្រុង​មូស្គូ​បាន​ចេញ​មុខ​គាំទ្រ​លោក​អាសាដ​ផ្កាប់​មុខ ទំាង​ផ្លូវយោធា និង​ការទូត។

អាទិភាព​ដែល​ពិភពលោក​ត្រូវ​កំចាត់​មុន​គេ គឺ​អង្គការ​រដ្ឋអ៊ីស្លាម

មាន​ចំណុច​សំខាន់​ចំនួន​ពីរ​ដែល​បារាំង និង​រុស្ស៊ី​ត្រូវ​តែ​បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​ពី​ជំហរ​របស់​ខ្លួន ទី១ គឺ​ទាក់ទង​នឹង​ផ្ទាំងស៊ីប​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី និង​ចំណុច​ទី២ គឺ​ទាក់ទង​នឹង​ជោគវាសនា​អនាគត​នយោបាយ​របស់​ប្រទេស​ស៊ីរី។ ស៊ីរី​ដែល​កំពុង​ផុង​ខ្លួន​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្រ្គាមស៊ីវិល​តំាង​ពី ៥ឆ្នាំ​កន្លង​មក។ ដូច្នេះ​ឃើញ​ថា ដើម្បី​អាច​បបួល​រុស្ស៊ី​ឲ្យ​រួម​សហការណ៍​នៅ​ក្នុង​សម្ព័ន្ធអន្តរជាតិ​តែ​មួយ​ប្រឆំាង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ប៉ារីស និង​មូស្គូ​ត្រូវ​តែ​និយាយ​គ្នា​ឲ្យ​បាន​ដាច់​ស្រឡះ និង​ត្រង់ទៅ ត្រង់មក​លើ​ចំណុច​ទំាង​ពីរ​ខាង​លើ។

បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជ្រៅ​បន្តិច​ទៅ​ឃើញ​ថា ចំណុច​ដែល​អាច​បន្ត​ជា​ឆ្អឹង​ទទឹង ក នៅ​ក្នុង​ជំនួប​រវាង​លោក​ប្រធានាធិបតី​បារាំង​ហូឡង់ និង​សមភាគី​រុស្ស៊ី​លោក​ពូទីន គឺ​ជោគវាសនា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ លោក​អាសាដ​ដែល​ត្រូវ​បាន​លោក​ពូទីន​ចេញ​មុខ​គាំទ្រ​ពេញ​ទី ដោយ​បញ្ជាក់​ថា លោក​អាសាដ​ជា​តួអង្គ​នយោបាយ​មិន​អាច​ខ្វះ​បាន​សម្រាប់​ដំណោះស្រាយ​វិបត្តិ​ស៊ីរី ពោល​គឺ​ខុស​ពី​ជំហរ​របស់​បស្ចិមលោក រាប់​ទំាង​បារាំង​ផង​ដែល​បន្ត​អះអាង​ថា គេ​ត្រូវ​តែ​កំចាត់​លោក​អាសាដ​ចេញ​ពី​ឆាកនយោបាយ​ស៊ីរី។

ក៏​ប៉ុន្តែ និង​ដើម្បី​អាច​បញ្ចុះបញ្ចូល​លោក​ពូទីន​បាន លោក​ហូឡង់​អាច​ដក​រឿង​លោក​អាសាដ​ទុក​មួយ​អន្លើ​សិន មាន​ន័យ​ថា ត្រូវ​ផ្តល់​អាទិភាព​តែ​លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​មួយ​គត់។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​ជា​យុទ្ធសាស្រ្ត​មួយ​ដែល​រុស្ស៊ី​ទទួល​យក​បាន ព្រោះ​អាទិភាព​ដែល​ត្រូវ​កំចាត់​ជា​បន្ទាន់​នៅ​ចំពោះ​មុខ​សម្រាប់​បារាំង ក៏​ដូច​ជា​រុស្ស៊ី និង​ពិភពលោក មិនមែន​បុគ្គល​អាសាដ​ទេ តែ​គឺ​អង្គការ​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ