អានតួអត្ថបទ
បារំាង

បារំាង៖រដ្ឋាភិបាល​បាន​ប្រើ​មាត្រា​ពិសេស​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុម័ត​ច្បាប់ ដោយ​មិន​ឆ្លង​សភា

នៅ​ក្នុង​ប្រទេស​បារំាង ក្រុមតំណាងរាស្រ្ត​គណបក្សប្រឆំាង គឺ​គណបក្ស​ដើម្បី​ចលនា​ប្រជាជន​ហៅកាត់​ថា UMP បាន​ស្នើ​ឲ្យ​សភា​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ានុយអែល វ៉ាល្ស (Manuel Valls) នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កុម្ភៈ​នេះ។ សំណើ​របស់​គណបក្ស UMP ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ម៉ានុយអែល វ៉ាល្ស​បាន​សម្រេច​ប្រើ​មាត្រាពិសេស​ទី៤៩.៣ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុម័ត​ច្បាប់​មួយ​ដោយ​មិន​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅ​ក្នុង​សភា។ គួរ​រម្លឹក​ជូន​ថា គណបក្ស​ដែល​កំពុង​អំណាច​សព្វថ្ងៃ និង​ដែល​មាន​សម្លេង​ភាគច្រើន​ក្នុង​សភា គឺ​គណបក្សសង្គមនិយម ហៅកាត់​ថា PS។

ពី​ឆ្វេង​ទៅ​ស្តំា លោក​ប្រធានាធិបតី​បារំាង​ហូឡង់ លោក​នាយករដ្ឋមន្រ្តីវ៉ាល្ស និង​លោក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ម៉ាក្រុង
ពី​ឆ្វេង​ទៅ​ស្តំា លោក​ប្រធានាធិបតី​បារំាង​ហូឡង់ លោក​នាយករដ្ឋមន្រ្តីវ៉ាល្ស និង​លោក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ម៉ាក្រុង REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្រ្តី​ម៉ានុយអែល វ៉ាល្ស​បាន​ប្រើ​មាត្រាពិសេស​ទី៤៩.៣ ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុម័ត​ច្បាប់​របស់​លោក​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែល​គេ​ហៅ​យ៉ាង​ខ្លី​ថា « ច្បាប់​ម៉ាក្រុង »។ តំាង​ពី​បាន​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ក្នុង​ខែ​សីហា ឆ្នំា ២០១៤ មក រដ្ឋមន្រ្តី​វ័យក្មេង​អាយុ ៣៧ឆ្នំា​រូប​នេះ​បាន​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​យ៉ាង​ស៊ីជម្រៅ​មួយ​ដោយ​ផ្តោត​នៅ​សឹង​តែ​គ្រប់​ផ្នែក​ទំាង​អស់ មាន​ដូច​ជា ច្បាប់​ការងារ ច្បាប់​ដឹកជញ្ជូន ច្បាប់​សម្រាប់​សាលាបើកបរ ឬ​មួយ​ក៏​ដាក់​វិជ្ជាជីវៈ​មួយ​ចំនួន​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ជា​ដើម ព្រម​ទំាង​កាត់​បន្ថយ​ភាព​សំាញំ​មួយ​នៅ​ក្នុង​ផ្នែក​រដ្ឋបាល​សម្រាប់​ក្រុមហ៊ុន រោងចក្រ​សហគ្រាស។

លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់ និង​លោក​នាយករដ្ឋមន្រ្តី​ម៉ានុយអែល វ៉ាល្ស​បាន​ចាត់​ទុក​ច្បាប់​ម៉ាក្រុង​ថា ជា​ច្បាប់​អាទិភាព​សម្រាប់​ប្រទេសជាតិ​ដើម្បី​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដែល​កំពុង​ទ្រឹងមួយ​កន្លែង ពិសេស​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ។ តែ​ច្បាប់ម៉ាក្រុង​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​កំហឹង​ក្តៅ​ក្រហាយ​ពី​ក្រុមហ៊ុន និង​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​ផ្ទាល់​នៅ​ក្នុង​កំណែទម្រង់​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង ដោយ​ពួក​គេ​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក។

លោក​ម៉ានុយអែល វ៉ាល្ស​ប្រើ​មាត្រាពិសេស​ព្រោះ​មិន​ទុកចិត្ត​គ្នា​ឯង

គណបក្ស​កាន់អំណាច គឺ​គណបក្ស PS មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា តែ​លោក​នាយករដ្ឋមន្រ្តី​បាន​សម្រេចចិត្ត​ប្រើ​មាត្រាពិសេស ៤៩.៣ ​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុម័ត « ច្បាប់​ម៉ាក្រុង » ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅ​ក្នុង​សភា។ មូលហេតុ មក​ពី​លោក​វ៉ាល្ស​មិន​ទុក​ចិត្ត និង​មិន​ហ៊ាន​ប្រថុយប្រថាន ព្រោះ​មាន​តំណាងរាស្រ្ត​ជា​ច្រើន​រូប​ក្នុង​គណបក្ស​កាន់អំណាច​បាន​ប្រឆំាង​នឹង « ច្បាប់​ម៉ាក្រុង »។ ដូច្នេះ បើ​ដាក់ « ច្បាប់​ម៉ាក្រុង » ឲ្យ​សភា​បោះឆ្នោត គេ​មិន​ប្រាកដ​ថា​នឹង​ទទួល​បាន​ការ​គំាទ្រ​ពី​សម្លេងភាគច្រើន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​លោក​ប្រធានាធិបតី និង​លោក​នាយករដ្ឋមន្រ្តី​បាន​សម្រេច​ប្រើ​មាត្រាពិសេស​ទី៤៩.៣ ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុម័ត « ច្បាប់​ម៉ាក្រុង » ដោយ​មិន​បាច់​ឆ្លង​ការ​បោះឆ្នោត​ក្នុង​សភា។ បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​មក លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​ប្រើ​មាត្រាពិសេស​ដើម្បី​អនុម័ត « ច្បាប់​ម៉ាក្រុង » នៅ​ថ្ងៃ​ពុធ ទី១៨ កុម្ភៈ។

ក្នុង​រយៈពេល ២៤ម៉ោង ក្រោយ​ការ​ប្រើ​មាត្រាពិសេស​នោះ​មក បើ​គ្មាន​សំណើ​សុំ​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល​ទេ « ច្បាប់​ម៉ាក្រុង » ត្រូវ​ចាត់​ទុក​ថា បាន​អនុម័ត​ជា​ផ្លូវការ។ តែ​បើ​មាន​សំណើ​សុំ​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល គេ​ត្រូវ​រង់ចំា​មើល​សិន​ថា តើ​សភា​បោះឆ្នោត ឬ​មិន​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល។ បើ​សភា​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល នោះ « ច្បាប់​ម៉ាក្រុង » នឹង​រលាយសូន្យ ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​លា​ចុះ​ពី​តំណែង​ដែរ ពោល​មាន​ន័យ​ស្មើ​នឹង​ការ​បោះឆ្នោត​ទម្លាក់​រដ្ឋាភិបាល។ ផ្ទុយ​ទៅ​វិញ បើ​សភា​មិន​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល​ទេ នោះ « ច្បាប់​ម៉ាក្រុង » ត្រូវ​ចាត់​ទុក​ថា បាន​អនុម័ត​ជា​ផ្លូវការ។

គណបក្សប្រឆំាងបានដាក់សំណើឲ្យសភាដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កុម្ភៈ​នេះ សភា​ផ្តើម​ពិនិត្យ និង​សម្រេច​លើ​សំណើ​សុំ​ដក​សេចក្តី​ទុកចិត្ត​ពី​រដ្ឋាភិបាល​របស់​គណបក្សប្រឆំាង។ តែ​ដោយ​គណបក្ស​កាន់​អំណាច​មាន​សម្លេង​ភាគច្រើន​នៅ​សភា សំណើ​របស់​បក្សប្រឆំាង​នឹង​មិន​អាច​សម្រេច​បាន​ទេ។ ពិត​មែន​តែ​មាន​តំណាងរាស្រ្ត​របស់​បក្សកាន់​អំណាច​ខ្លះ​មិន​ពេញចិត្ត​នឹង « ច្បាប់​ម៉ាក្រុង » ក៏​ដោយ ក៏​ពួក​គេ​គ្មាន​ប្រយោជន៍​អ្វី​នឹង​បោះឆ្នោត​គំាទ្រ​សំណើ​សុំ​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល​របស់​បក្សប្រឆំាង​ដែរ។ បើ​ពួក​គេ​ហ៊ាន​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ស្មើ​នឹង​ដក​កំាបិត​ចាក់​សម្លាប់​ខ្លួន​ឯង។ សព្វថ្ងៃ​នេះ អំណាច​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​កំពុង​ស្ថិត​ក្នុង​កណ្តាប់​គណបក្ស​សង្គមនិយម PS តែ​បើ​រដ្ឋាភិបាល​សព្វថ្ងៃ​ត្រូវ​បាន​គេ​បោះឆ្នោត​ដកសេចក្តី​ទុកចិត្ត នោះ​បារំាង​ត្រូវ​រៀបចំ​បោះឆ្នោត​សភា​ឡើង​វិញ និង​ដែល​គេ​មិន​ប្រាកដ​ថា រដ្ឋាភិបាល​ថ្មី​នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​គណបក្ស PS ដដែល​ទេ។

នៅ​ក្នុង​ករណី​ដែល​មាន​ការ​បោះឆ្នោត​សភា​ឡើង​វិញ ហើយ​ស្រាប់​តែ​បក្សប្រឆំាង​សព្វថ្ងៃ​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​នោះ អ្នក​ដែល​ចាញ់​មិនមែន​ដង្កូវចេញ​ពី​សាច់ឯង​ម្នាក់ ឬ​ពីរនាក់​នៅ​ក្នុង​គណបក្ស PS ទេ តែ​គឺ​គណបក្ស PS ទំាង​មូល​តែ​ម្តង។ អ្នក​ដែល​វិលមុខ​ជាង​គេ គឺ​លោក​ប្រធានាធិបតី​ហូឡង់​ដែល​ត្រូវ​បង្ខំចិត្ត​ធ្វើ​ការ​ជាមួយ​គ្រួសារ​នយោបាយ​ផ្សេង។ ឃើញ​ថា ទំាង​នេះ​សុទ្ធសឹង​ជា​ផលវិបាក​ដែល​គណបក្ស PS បាន​ទទួល​ស្គាល់ និង​ប្រហែល​ជា​មិន​ល្ងង់​ទៅ​បោះឆ្នោត​គំាទ្រ​សំណើ​សុំ​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល​របស់​បក្សប្រឆំាង​ទេ។

តើ​មាត្រាពិសេស​ទី៤៩.៣ ក្នុង​រដ្ឋធម្មនុញ្ញ​ចែង​ពី​អ្វី​ខ្លះ និង​គេ​ប្រើ​វា​នៅ​ពេល​ណា​ខ្លះ?

មាត្រាពិសេស​ទី៤៩.៣ ក្នុង​រដ្ឋធម្មនុញ្ញ​បារំាង​បាន​ចែងច្បាស់​ថា បន្ទាប់​ពី​មាន​ការ​យល់ព្រម​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី លោក​នាយករដ្ឋមន្រ្តី​អាច​ប្រើ​មាត្រាពិសេស​នោះ​ដើម្បី​អនុម័ត​លើ​ច្បាប់​មួយ​ដោយ​មិន​ចំា​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅ​ក្នុង​សភា។ ក្នុង​ន័យ​នេះ រូប​លោក​នាយករដ្ឋមន្រ្តី​ផ្ទាល់​ជា​អ្នក​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ទំាង​ស្រុង​លើ​ច្បាប់​ដែល​លោក​បាន​ប្រើ​មាត្រាពិសេស​នោះ​ដើម្បី​អនុម័ត។ មាត្រាពិសេស​ទី៤៩.៣ នេះ​អាច​ប្រើ​បាន​គ្រប់​ពេល​សម្រាប់​អនុម័ត​លើ​តែ​ច្បាប់​ទាក់ទង​នឹង​ថវិកា និង​សន្តិសុខសង្គម។ រីឯ​សម្រាប់​ច្បាប់​ផ្សេងៗ​ទៀត គឺ​អាច​ប្រើ​បាន​តែ​ម្តង​ក្នុង​មួយ​ឆ្នំា។

បើ​គិត​តំាង​ពី​ឆ្នំា ១៩៥៨ មក មាត្រាពិសេស​មួយ​នេះ​ត្រូវ​បាន​គេ​ប្រើ​ចំនួន ៨២ដង​ហើយ តែ​ការ​ប្រើ​ពេល​នេះ គឺ​ជា​លើកទី១ បើ​គិត​ក្នុង​រយៈពេល ៩ឆ្នំា​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ