អានតួអត្ថបទ
បារំាង

បារំាង៖រដ្ឋាភិបាល​ប្រកាស​ពី​បំណង​ចង់​បង្រ្កាប​ការជួញដូរ និង​ការ​កាន់​អាវុធ​ខុស​ច្បាប់

នៅ​ក្នុង​ប្រទេស​បារំាង រដ្ឋាភិបាល តាម​រយៈ​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ Bernard Cazeneuve បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១៣ កញ្ញា​ពី​ការ​ត្រៀមខ្លួន​ចាត់​វិធានការ​បង្រ្កាប​រឿង​ជួញដូរ និង​ការ​កាន់​អាវុធ​ខុស​ច្បាប់។ ការ​ប្រកាស​របស់​លោក Bernard Cazeneuve បាន​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​ក្រោយ​បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​មួយ​នៅ​ក្នុង​ខេត្ត​ម៉ាកសី​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់ និង​របួស ៥នាក់។ ម៉ាកសី ជា​ខេត្ត​ដ៏​ធំ​មួយ​ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​បារំាង និង​ជា​ខេត្ត​ដែល​មាន​អត្រា​ឧក្រិដ្ឋកម្ម​ខ្ពស់​ជាង​គេ។

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បារំាង Bernard Cazeneuve
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បារំាង Bernard Cazeneuve REUTERS/Regis Duvignau
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ខេត្ត​ម៉ាកសី​បាន​ក្លាយ​ជា​ផ្ទំាងស៊ីប​នៃ​ការ​បាញ់ប្រហារ​របស់​ក្រុមជន​ប្រដាប់អាវុធ​ដោយសារ​តែ​ការ​ឈ្លោះ​គ្នា​ឯង ឬ​មួយ​ក៏​ជា​ការ​ជម្រះ​បញ្ជី​នៅ​ក្នុង​រឿង​គំនំ​គំគួន។ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ជា​ថ្មី​នៅ​ព្រលឹមស្រាងៗ​ថ្ងៃ​អាទិត្យ ទី១៣ កញ្ញា​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ម្នាក់ និង​របួស ៥នាក់​មក លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ Bernard Cazeneuve បាន​បញ្ចេញ​ប្រតិកម្ម​ខ្លំាងៗ​ថា ចាប់​ពី​ពេល​នេះ​ទៅ ៦សប្តាហ៍​ខាង​មុខ លោក​នឹង​ស្នើ​ឲ្យ​មាន​ផែនការ​ចាស់ដៃ​មួយ​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ជួញដូរ និង​ការ​កាន់​អាវុធ​ខុសច្បាប់​នៅ​ទូទំាង​ប្រទេស​បារំាង។

គួរ​រម្លឹក​ជូន​ថា ការ​បាញ់ប្រហារ​ដោយ​ប្រើ​អាវុធ​សង្រ្គាម​នៅ​ក្នុង​ខេត្ត​ម៉ាកសី​នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី១៣ កញ្ញា​បាន​កើត​មាន​ឡើង​នៅ​ផ្លូវ​ចូល​ពី​មុខ​រង្គសាល​មួយ ដោយ​មនុស្ស​មួយ​ក្រុម​ជិះ​ក្នុង​ឡាន​បាន​បើក​ការ​បាញ់​រះ​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ស្ថិត​នៅ​មុខ​រង្គសាល​នោះ។ លោក Bernard Cazeneuve បាន​គូសបញ្ជាក់​ថា អំពើហិង្សា​បាន និង​កំពុង​កើត​មាន​ច្រើន និង​ញឹកញាប់​ណាស់​នៅ​ក្នុង​ខេត្ត​ម៉ាកសី និង​ថា ការ​ដក​ហូត​អាវុធ​ពី​ក្រុម​ឧក្រិដ្ឋជន​ទំាង​នោះ​នឹង​ត្រូវ​ពង្រឹង​ជា​ចំា​បាច់។ យោង​តាម​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ រដ្ឋអំណាច​រឹបអូស​អាវុធ​ពី​ក្រុមឧក្រិដ្ឋជន​បាន​ជិត ៦ ០០០ដើម​ជា​រៀងរាល់​ឆ្នំា​តំាង​ពី​ឆ្នំា ២០១៣ និង​ថា​ក្នុង​ចំណោម​អាវុធ​រឹបអូស​បាន​ទំាង​ជិត ៦ ០០០ដើម​នោះ មាន​ជិត ១ ២០០ដើម​ជា​អាវុធ​សង្រ្គាម។

តាម​លទ្ធផល​អង្កេត​ដំបូង​ឲ្យ​ដឹង​ថា ការ​បាញ់ប្រហារ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី១៣ កញ្ញា​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លំាង​នៅ​យប់​ថ្ងៃ​សៅរ៍ ទី១២ កញ្ញា​រវាង​អ្នក​យាម​រង្គសាល និង​មនុស្ស​មួយ​ក្រុម។ គួរ​រម្លឹក​ជូន​ថា ការ​បាញ់ប្រហារ​ចុង​ក្រោយ​នៅ​ខេត្ត​ម៉ាកសី​ដដែល​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី៦ សីហា​កន្លង​ទៅ ដោយ​មាន​បុរស​វ័យ ៥០ឆ្នំា​ម្នាក់​ត្រូវ​បាន​ជន ២នាក់​បាញ់​សម្លាប់​នៅ​កណ្តាល​ផ្លូវ​មួយ​ដែល​អម​ដោយ​ហាង​ទំនិញ​ជុំវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ