អានតួអត្ថបទ
បារំាង

១០ ឧសភា៖បារំាង​ប្រារព្ធ​ទិវាជាតិ​រម្លឹក​ការចងចំា​រឿងជួញដូរមនុស្ស និង​ការ​លុបបំបាត់​ទាសភាព

ថ្ងៃ​នេះ ទី១០ ឧសភា ឆ្នំា ២០១៥ ជា​ថ្ងៃ​ដែល​បារំាង​បាន​ប្រារព្ធ​ទិវាជាតិ​រម្លឹក​ការចងចំា និង​ការ​លុប​បំបាត់​ទាសភាព។ នា​ឱកាស​នេះ លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ រួម​ជាមួយ​ទំាង​ថ្នាក់ដឹកនំា​នៃ​ប្រទេស​អាហ្រ្វិក ព្រម​ទំាង​ថ្នាក់ដឹកនំា​នៃ​ប្រទេស​ក្នុង​តំបន់​ការ៉ាអ៊ីប​ប្រមាណ​ជា ៣០នាក់​​បាន​ចូលរួម​បើក​សម្ពោធ​សារៈមន្ទីរ​មួយ​ស្តីពី​ទាសភាព និង​ការ​ជួញដូរ​មនុស្ស។ សារៈមន្ទីរ​នេះ​ត្រូវ​បាន​បារំាង​សាងសង់​នៅ Guadeloupe ដែល​ជា​ដែនដី​បារំាង​នៅ​ឯនាយ​សមុទ្រ។ លោក​ប្រមុខ​រដ្ឋបារំាង​បាន​ថ្លែង​ថា ទង្វើ​ទាសភាព​តាម​បែប​អតីតកាល​ត្រូវ​បាន​លុបបំបាត់​ចោល​មែន តែ​បច្ចុប្បន្ន​នេះ គេ​ឃើញ​មាន​លេច​ឡើង​នូវ​ទង្វើ​ទាសភាព​តាម​បែប​សម័យ​ថ្មី​ដែល​ទំាង​អស់​គ្នា​ត្រូវ​តែ​រួម​សហការណ៍​ប្រយុទ្ធប្រឆំាង។

សារៈមន្ទីរ​ស្តីពី​ការជួញដូរមនុស្ស និង​ទាសភាព​ក្នុង​ទឹកដី Guadeloupe
សារៈមន្ទីរ​ស្តីពី​ការជួញដូរមនុស្ស និង​ទាសភាព​ក្នុង​ទឹកដី Guadeloupe © Aeroworx
ផ្សាយពាណិជ្ជកម្ម

ការ​ជួញដូរមនុស្ស និង​ទាសភាព​ដែល​ប្រព្រឹត្ត​ដោយ​ប្រទេស​បារំាង​ក្នុង​នាម​ជា​ម្ចាស់​អាណានិគម​កាល​ពី​អតីតកាល​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​លោក ពិសេស​ប្រទេស​អាហ្រ្វិក គឺ​ជា​​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​វែងឆ្ងាយ ស្មុគស្មាញ និង​ដែល​បារំាង​ខ្លួន​ឯង​ក៏​មិន​ចង់​ក្រើន​រម្លឹក​ដែរ។ តាម​ពិត​ទៅ បារំាង​បាន​លុបបំបាត់​ទាសភាព​តំាង​ពី​ឆ្នំា ១៨៤៨ មក​ម្ល៉េះ ពោល​គឺ​ជាង ១សតវត្ស​កន្លះ​ទៅ​ហើយ តែ​គឺ​ទើប​តែ​ជិត ១៥ឆ្នំា​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ ពោល​ក្នុង​ថ្ងៃទី ១០ ឧសភា ឆ្នំា ២០០១ ដែល​បារំាង​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ការ​ជួញដូរមនុស្ស​ឆ្លងដែន និង​ទាសភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ព្រឹទ្ធិសភា​បារំាង​ក៏​បាន​អនុម័ត​លើ​ច្បាប់​មួយ​ហៅ​ថា ច្បាប់ Taubira ដែល​ទទួល​ស្គាល់​ថា ការ​ជួញដូរមនុស្ស និង​ទាសភាព គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆំាង​នឹង​មនុស្សជាតិ។ Taubira ជា​ឈ្មោះ​របស់​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បារំាង​បច្ចុប្បន្ន​ដែល​មាន​ឈ្មោះ​ពេញ​ថា Christiane Taubira។

គេ​ត្រូវ​រង់ចំា​នៅ​៥ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ខែ​មករា ឆ្នំា ២០០៦ ទើប​បារំាង​បាន​ដាក់​បញ្ចូល​រឿងរ៉ាវ​អតីតកាល​ដ៏​ស្មុគស្មាញ​មួយ​នេះ​ទៅ​ក្នុង​ការ​ចងចំា​របស់​ជាតិ។ អ្នក​ដែល​បាន​សម្រេចចិត្ត​យក​ថ្ងៃទី១០ ឧសភា ជា​ទិវាជាតិ​រម្លឹក​ការ​ចងចំា​ជួញដូរ​មនុស្ស និង​ការ​លុបបំបាត់​ទាសភាព គឺ​លោក Jacques Chirac ក្នុង​នាម​ជា​ប្រធានាធិបតី​បារំាង​សម័យ​នោះ។ បន្ត​មក​ទៀត គំនិត​ផ្តួចផ្តើម​នយោបាយ​មួយ​នេះ​ក៏​ត្រូវ​បាន​ពង្រីក​បន្ថែម​តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​មួយ​ចំនួន ដូច​ជា​គណៈកម្មាធិការ​ដើម្បី​ប្រវត្តិសាស្រ្ត និង​ការ​ចងចំា​រឿង​ទាសភាព។ ក្រៅ​ពី​បារំាង ពិភពលោក​មាន​ទិវាលុបបំបាត់​ទាសភាព​ដាច់​ដោយឡែក​របស់​ខ្លួន គឺ​ថ្ងៃទី២ ធ្នូ។

លោក​ហូឡង់​ចូលរួម​សម្ពោធ​សារៈមន្ទីរ​ស្តីពី​ការ​ជួញដូរមនុស្ស និង​ទាសភាព

នៅ​ថ្ងៃ​នេះ លោក​ប្រធានាធិបតី​បារំាង​ដែល​កំពុង​បន្ត​ទស្សនកិច្ច​ក្នុង​ដែនដី​បារំាង​នៅ​ឯ​នាយសមុទ្រ​បាន​ចូលរួម​សម្ពោធ​សារៈមន្ទីរ​មួយ​ស្តីពី​ការជួញ​ដូរមនុស្ស និង​ទាសភាព។ សារៈមន្ទីរ​នោះ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ដែនដី Guadeloupe ដែល​ជា​ទឹកដី​បារំាង​នៅ​ឯ​នាយសមុទ្រ។ គេ​ត្រូវ​រង់ចំា​រហូត​ដល់​ទៅ ១៦៤ឆ្នំា​ទើប​មាន​សារៈមន្ទីរ​មួយ​ក្នុង​ទឹកដី​បារំាង​ដែល​ឧទ្ទិស​ពី​ការ​ជួញដូរមនុស្ស និង​ទាសភាព។ គួរ​រម្លឹក​ជូន​ថា ក្រៅ​ពី​បារំាង ក៏​នៅ​មាន​ប្រទេស​ផ្សេង​ទៀត​ដែល​ជាប់​ជំពាក់​វាក់វិន​នឹង​រឿង​ជួញដូរមនុស្ស និង​ទាសភាព​នៅ​ក្នុង​អតីតកាល ពិសេស​អង់គ្លេស ព័រទុយហ្កាល់ និង​អាមេរិក។ តាម​ស្ថិតិ​ឲ្យ​ដឹង​ថា ចន្លោះ​សតវត្ស​ទី១៥ ដល់​ទី ១៩ មាន​ប្រជាជន​អាហ្រ្វិក​ពី ៦០០ ០០០ ទៅ ៨០០ ០០០នាក់​ត្រូវ​បាន​គេ​ដឹក​ទៅ​ធ្វើ​ជា​ទាសករ​នៅ​អាមេរិកខាងជើង និង ១លាន ៦សែននាក់​នៅ​ក្នុង​ទឹកដី​បារំាង ដូច​យ៉ាង​នៅ Guadeloupe។

ដូច្នេះ​ឃើញ​ថា ជម្រើស​ទឹកដី Guadeloupe ដើម្បី​ដាក់​តំាង​សារៈមន្ទីរ​មួយ​ដែល​ឧទ្ទិស​ពី​ការ​ជួញដូរមនុស្ស និង​ទាសភាព​នៅ​ក្នុង​អតីតកាល គឺ​ជា​និមិត្តរូប​មួយ​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​បាន​ជួញដូរ​មនុស្ស​ឲ្យ​ធ្វើ​ជា​ទាសករ និង​អ្នក​ដែល​ត្រូវ​គេ​ជួញដូរ​ឲ្យ​ធ្វើ​ជា​ទាសករ។ មួយ​វិញ​ទៀត វត្តមាន​របស់​លោក​ប្រមុខរដ្ឋ​បារំាង​ហូឡង់ រួម​ជាមួយ​នឹង​ថ្នាក់ដឹកនំា​នៃ​ប្រទេស​អាហ្រ្វិក ព្រម​ទំាង​ថ្នាក់ដឹកនំា​នៃ​ប្រទេស​ក្នុង​តំបន់​ការ៉ាអ៊ីប​ប្រមាណ​ជា ៣០នាក់​នៅ​ក្នុង​ពិធី​សម្ពោធ​សារៈមន្ទីរ​ថ្ងៃ​នេះ ក៏​ជា​កាយវិការ​មួយ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​ឈឺ​ចាប់​របស់​ជនរងគ្រោះ​ដែល​ពួក​គេ​នឹក​ស្មាន​មិន​ដល់​ថា មាន​ថ្ងៃ​នេះ​ទេ។ អ្វី​ដែល​គេ​បាន​ដាក់​តំាង​នៅ​ក្នុង​សារៈមន្ទីរ​នោះ​រួម​មាន សម្ភារៈ រូបភាព និង​រូបចម្លាក់ជនជាតិ​អាហ្រ្វិក​ដែល​ត្រូវ​បាន​គេ​ជួញដូរ​ឲ្យ​ធ្វើ​ជា​ទាសករ។

យ៉ាង​ណា​ក៏​ដោយ លោក​ហូឡង់​បាន​ថ្លែង​ថា ការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ជួញដូរមនុស្ស និង​ទាសភាព​កំពុង​បន្ត​មាន​ជា​ប្រចំា។ បើ​តាម​លោក​ហូឡង់ ការ​ជួញដូរមនុស្ស និង​ទាសភាព​មិនមែន​ជា​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ដែល​បាន​កន្លង​ផុត​ទៅ​បាត់​ហើយ​ទេ តែ​ទង្វើ​ទំាង​អស់​នេះ​បាន និង​កំពុង​បន្ត​មាន​មក​ដល់​សព្វថ្ងៃ​ដែល​លោក​ហូឡង់​ហៅ​ថា ជា​ការ​ជួញដូរមនុស្ស និង​ទាសភាព​បែប​ថ្មី។ ឧទាហរណ៍​ជាក់ស្តែង ការ​ចាប់​ក្មេងស្រី​សិស្សសាលា​នៅ​អាហ្រ្វិក​ពី​ចលនា​ឧទ្ទាម​អ៊ីស្លាមនិយមជ្រុល​បូកូអារ៉ាម ការ​បំពាន​ផ្លូវភេទ ការ​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង ការ​សុំទាន​គេ ឬ​មួយ​ក៏​ការ​កេងប្រវ័ញ្ច​កម្លំាង​អ្នកស៊ីស្នួល​នៅ​តាម​ផ្ទះ​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ