អានតួអត្ថបទ
បារំាង

បារាំង៖លោក​ហូឡង់​រម្លឹក​ពី​សន្តិភាព​ផុយស្រួយ និង​សង្រ្គាម​នៅ​ជិត​បង្កើយ

នៅ​ថ្ងៃ​ពុធ ទី១១ វិច្ឆិកា ប្រទេស​បារំាង​បាន​ប្រារព្ធ​ពិធី​បុណ្យ​រម្លឹក​ខួប ៩៧ឆ្នំា​នៃ​យុទ្ធសន្តិភាព​ថ្ងៃទី១១ វិច្ឆិកា ១៩១៨។ ពិធី​បុណ្យ​បាន​ចូលរួម​ដោយ​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ រួម​ទំាង​ប្រមុខ​រដ្ឋាភិបាល និងថ្នាក់ដឹកនំា​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ តែ​វត្តមាន​ដែល​មិន​អាច​កំបំាង​សាធារណៈជន​បារំាង​បាន គឺ​លោក​អតីត​ប្រធានាធិបតី​បារំាង​នីកូឡា សាកូហ្ស៊ី ប្រធាន​គណបក្ស​សាធារណរដ្ឋ។ ថ្លែង​នា​ឱកាស​នោះ លោក​ហូឡង់​បាន​ក្រើន​រម្លឹក​ពី​សន្តិភាព​ផុយស្រួយ និង​សង្រ្គាម​នៅ​ជិត​បង្កើយ​ក្នុង​លោក ពិសេស​សង្រ្គាម​ដែល​កំពុង​ជម្រុញ​ឲ្យ​មាន​លំហូរ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ក្នុង​ទ្វីប​អឺរ៉ុប។

ការ​ចាប់ដៃ​រវាង​លោក​អតីត​ប្រធានាធិបតី​បារំាង​នីកូឡា សាកូហ្ស៊ី (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់ ថ្ងៃទី១១ វិច្ឆិកា ២០១៥
ការ​ចាប់ដៃ​រវាង​លោក​អតីត​ប្រធានាធិបតី​បារំាង​នីកូឡា សាកូហ្ស៊ី (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់ ថ្ងៃទី១១ វិច្ឆិកា ២០១៥ AFP PHOTO/POOL/ERIC FEFERBERG
ផ្សាយពាណិជ្ជកម្ម

« មាន​វត្តមាន​ក្រុម​អ្នកជាតិនិយម ក្រុម​អ្នកប្រជានិយម ក្រុម​អ្នកជ្រុលនិយម របំាង ជញ្ជាំង និង​របងប្រឡាលួស។ គេ​បាន​ឮ​សូរ​សម្លេង​ផ្សេងៗ​ដែល​ទំាងអស់​នេះ​បាន​ដាស់​អារម្មណ៍​ឲ្យ​យើង​​នឹក​ឃើញ​ឡើង​វិញ​នូវ​រឿងរ៉ាវ​ទំាង​ឡាយ​នៅ​ក្នុង​អតីតកាល។ ដូច្នេះ យើង​ត្រូវ​តែ​នំា​គ្នា​ចាត់​វិធានការ​ជា​បន្ទាន់ ពោល​មិន​ត្រូវ​ឈរ​ក្រពាត់ដៃ​មើល​ទេ។

យើង​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​លំបាក​បំផុត​នៅ​តំបន់​មជ្ឈិមបូព៌ា។ បារំាង​បាន​ចេញ​ប្រតិបត្តិ​ការ​តាម​រយៈ​វត្តមាន​កងទ័ព​របស់​ខ្លួន​នៅ​ទីកន្លែង។ ទន្ទឹម​គ្នា​នេះ បារំាង​ក៏​ត្រូវ​សម្រេច​ចិត្ត​ផង​ដែរ​ពី​ជោគវាសនា​របស់​ជនភៀសខ្លួន​ដោយ​អនុលោម​តាម​ច្បាប់​របស់​បារំាង។ បារំាង​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទំាង​អស់​ដើម្បី​ឲ្យ​ជនភៀសខ្លួន​អាច​បន្ត​ស្ថិត​មិន​ឆ្ងាយ​ពី​ទីកន្លែង​កំណើត​របស់​ខ្លួន។
 
ការ​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​រារំាង​ជនភៀសខ្លួន​ទំាង​នោះ​កុំ​ឲ្យ​សម្រុក​មក​កាន់​ទ្វីប​អឺរ៉ុប​ច្រើន​ជ្រុល​ដែល​យើង​មិន​អាច​ទទួល​ពួក​គេ​ឲ្យ​បាន​ត្រឹមត្រូវ និង​ក្នុង​ភាព​ថ្លៃថ្នូរ។ គឺ​ទំាង​អស់​នេះ​ហើយ​ដែល​យើង​ត្រូវ​រម្លឹក​ជា​ថ្មី​នៅ​ក្នុង​ពិធី​បុណ្យ​ថ្ងៃ​នេះ។ សន្តិភាព​នៅ​ផុយស្រួយ​ខ្លំាង​ណាស់ ហើយ​សង្រ្គាម​ជា​រឿង​មិន​អាច​ចៀសរួច។ សង្រ្គាម​កំពុង​កើត​មាន​សព្វថ្ងៃ​រួច​ទៅ​ហើយ ដោយ​នៅ​មិន​ឆ្ងាយ​ពី​យើង​ប៉ុន្មាន​ទេ នៅ​អ៊ុយក្រែន នៅ​មជ្ឈិមបូព៌ា នៅ​ស៊ីរី។
 
នេះ​ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​និយាយ។ ការ​និយាយ​របៀប​នេះ​មិនមែន​ត្រឹមតែ​ជា​ទំនៀមទម្លាប់​ប្រពៃណី​ប៉ុណ្ណោះ​ទេ តែ​ជា​រឿង​ដែល​គេ​ត្រូវ​តែ​រម្លឹក​ឡើង​វិញ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ