អានតួអត្ថបទ
សហភាពអឺរ៉ុប-អ៊ុយក្រែន

លោកហូឡង់ និង​លោកស្រី​មែរកិល​ទៅ​ជួប​លោក​ពូទីន​នៅ​រុស្ស៊ី​ដើម្បី​ស្នើ​ផែនការសន្តិភាពថ្មី​សម្រាប់​បញ្ចប់​វិបត្តិ​អ៊ុយក្រែន

បន្ទាប់​បាន​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​ក្នុង​ទីក្រុង​គៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មករា​មក លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្គឺឡា មែរកិល​បាន​ទៅ​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ក្នុង​ថ្ងៃ​សុក្រ ទី៦ មករា​ក្នុង​ទីក្រុង​ម៉ុស្គូ។ កម្មវត្ថុ​របស់​ថ្នាក់ដឹកនំា​អឺរ៉ុប​ទំាង​ពីរ​រូប គឺ​បន្ត​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ឲ្យ​វិបត្តិអ៊ុយក្រែន​ដោយ​ស្នើ​ឡើង​នូវ​ផែនការ​សន្តិភាព​ថ្មី​មួយ​ចំពោះ​លោក​ពូទីន។ ផែនការ​សន្តិភាព​ថ្មី​នោះ​ត្រូវ​បាន​លោកស្រី​មែរកិល​ថ្លែង​ឲ្យ​ដឹង​ថា គឺ​ជា​គំនិត​ផ្តួចផ្តើម​បារំាង អាល្លឺម៉ង់​ក្នុង​គោលដៅ​ការពារ​សន្តិភាព​ក្នុង​ទ្វីប​អឺរ៉ុប។

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង Angela Merkel លោក​ប្រមុខរដ្ឋ​អ៊ុយក្រែន Petro Porochenko និង​​លោក​ប្រមុខ​រដ្ឋ​បារំាង François Hollande
លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង Angela Merkel លោក​ប្រមុខរដ្ឋ​អ៊ុយក្រែន Petro Porochenko និង​​លោក​ប្រមុខ​រដ្ឋ​បារំាង François Hollande REUTERS/Ukrainian Presidential Press Service/Mikhail Palinchak
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ផែនការសន្តិភាព​ស្នើ​ឡើង​ដោយ​បារំាង និង​អាល្លឺម៉ង់​មាន​ខ្លឹមសារ​លំអិត​អ្វី​ខ្លះ​ទេ អ្វី​ដែល​គេ​ដឹង គំនិត​ផ្តួចផ្តើម​បារំាង អាល្លឺម៉ង់​ពេល​នេះ​ទទួល​បាន​ការ​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប។ ម្យ៉ាង​ទៀត មុន​នឹង​លើក​យក​ផែនការសន្តិភាព​ថ្មី​នេះ​ទៅ​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ក្នុង​ថ្ងៃ​សុក្រ ទី៦ មករា លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្គឺឡា មែរកិល​ក៏​បាន​លើក​យក​ទៅ​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​ក្នុង​ទីក្រុង​គៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មករា។

នៅ​ក្រោយ​ជំនួប​ត្រីភាគី​អ៊ុយក្រែន បារំាង និង​អាល្លឺម៉ង់​អស់​ជា​ច្រើន​ម៉ោង វិមាន​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​បង្ហើប​ឲ្យ​ដឹង​ថា ផែនការសន្តិភាព​ថ្មី​ស្នើ​ឡើង​ដោយ​បារំាង និង​អាល្លឺម៉ង់​អាច​នឹង​សង្ឃឹម​ឲ្យ​មាន​បទឈប់​បាញ់​នា​ពេល​ខាង​មុខ។ តែ​ទន្ទឹម​គ្នា​នេះ លោក​ប៉ូរ៉ូឆេនកូ​បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា ភាគី​ពាក់ព័ន្ធ​ត្រូវ​តែ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ក្នុង​ទីក្រុង​មីនស្កិ៍​កាល​ពី​ខែ​កញ្ញា ឆ្នំា ២០១៤ ព្រោះ​បើ​តាម​លោក​ប្រមុខរដ្ឋ​អ៊ុយក្រែន គឺ​ជា​កិច្ចព្រមព្រៀង​តែ​មួយ​គត់​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​អ៊ុយក្រែន និង​ភាគី​ក្រុមបះបោរ។ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​បាន​យល់​ឃើញ​ដូច្នេះ​ដែរ រីឯ​លោក​ប្រមុខរដ្ឋ​បារំាង​បាន​ថ្លែង​ថា ភាគី​នីមួយៗ​គួរ​តែ​ដឹង​ថា ជំហាន​ដំបូង គឺ​ការ​ឈប់បាញ់ និង​បន្ទាប់​មក ទើប​គេ​អាច​អង្គុយ​ចរចា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ចុង​ក្រោយ​មួយ។

តែ​នៅ​ចំពោះ​មុខ​ប្រមុខរដ្ឋ​រុស្ស៊ី​ពូទីន លោក​ហូឡង់ និង​លោកស្រី​មែរកិល​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លំាង​ដែល​នឹង​អាច​ជំនះ​លោក​ពូទីន​ឲ្យ​ទទួល​យក​នូវ​ផែនការសន្តិភាព​ថ្មី​នោះ។ តាម​ពិត​ទៅ សំណើ​ផែនការសន្តិភាព​បារំាង អាល្លឺម៉ង់​ពេល​នេះ​គ្រាន់​តែ​ជា​សំណើ​តប​នឹង​សំណើ​ផែនការសន្តិភាព​របស់​លោក​ពូទីន​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនំា​រុស្ស៊ី និង​អាមេរិក។ យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាល្លឺម៉ង់ និង​ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ច្រាន​ចោល​ភ្លាមៗ​ឲ្យ​ដឹង​ថា ផែនការ​សន្តិភាព​បារំាង អាល្លឺម៉ង់​អាច​នឹង​ចែង​ពី​ការ​ឈប់បាញ់​ប្តូរ​នឹង​ការ​ផ្តល់​ស្វ័យភាព​បន្ថែម​ឲ្យ​តំបន់​របស់​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដី​នៅ​ប៉ែកខាងកើត​អ៊ុយក្រែន។

យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​អាច​ដឹង​ពី​ខ្លឹមសារ និង​ប្រសិទ្ធិភាព​របស់​ផែនការសន្តិភាព​ថ្មី​ស្នើ​ឡើង​ដោយ​បារំាង និង​អាលល្លឺម៉ង់​នោះ​ទេ អ្វី​ដែល​គេ​អាច​និយាយ​ពេល​នេះ​គឺ​ថា ផែនការ​សន្តិភាព​ថ្មី​នោះ​អាច​ជា​សំណាង​ចុង​ក្រោយ​សម្រាប់​បិទបញ្ចប់​ជម្លោះប្រដាប់​អាវុធ​រយៈ​ពេល​ជិត ១ឆ្នំា​កន្លង​ទៅ ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ៥ ៣០០នាក់​នៅ​អ៊ុយក្រែន។ គឺ​ជា​ជម្លោះ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​សម័យ​សង្រ្គាមត្រជាក់​រវាង​អឺរ៉ុប​ប៉ែក​ខាងលិច និង​អឺរ៉ុប​ខាងកើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ