អានតួអត្ថបទ
អង់គ្លេស-ស៊ីរី

ស៊ីរី៖​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ស៊ីរី​បាន​ទទួល​រងការ​រិះគន់ មុន​សន្និសីទ​ចាប់​ផ្តើម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៤ កុម្ភៈ​នេះ សន្និសីទ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​ស៊ីរី​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លសេ។ គោលដៅ​នៃ​សន្និសីទ​គឺ​ប្រមូល​ប្រាក់​ឲ្យ​បាន​ចំនួន ៩ ០០០លានដុល្លារ​ដែល​អង្គការ​សហប្រជាជាតិ​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​ជួយ​ជនភៀសខ្លួន​ស៊ីរី ពិសេស​ជួយ​ជ្រោមជ្រែង​ប្រទេស​ជិតខាង​ស៊ីរី ដូច​យ៉ាង​តួកគី លីបង់ និង​ប្រទេស​ហ្សកដានី។ តែ​មុន​សន្និសីទ​ចាប់​ផ្តើម អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​ជា ៩០ បាន​ស្តី​បន្ទាស​ប្រទេស​ខ្លះ​ដែល​មិន​បាន​គោរព​តាម​ពាក្យ​​សន្យា​របស់​ខ្លួន។

សន្និសីទ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​ស៊ីរី​បើក​ធ្វើ​នៅក្នុង​ទីក្រុងឡុងដ៏ ប្រទេស​អង់គ្លសេ ថ្ងៃទី៤ កុម្ភៈ ២០១៦
សន្និសីទ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​ស៊ីរី​បើក​ធ្វើ​នៅក្នុង​ទីក្រុងឡុងដ៏ ប្រទេស​អង់គ្លសេ ថ្ងៃទី៤ កុម្ភៈ ២០១៦ REUTERS
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ មាន​ប្រជាជន​ស៊ីរី​ចំនួន ១៣លាន ៥សែន​នាក់​បាន​ផ្លាស់ប្តូរ​ទីលំ​ក្នុង​ស្រុក​ដើម្បី​រត់គេច​ពី​តំបន់​ជម្លោះ និង​មាន​ប្រជាជន​ស៊ីរី​ចំនួន ៤លាន ២សែន​នាក់​កំពុង​ភៀសខ្លួន​ជ្រកកោណ​នៅ​ក្នុង​ប្រទេស​ជិត​ខាង ពិសេស​មាន​ដល់​ទៅ ៤លាននាក់​កំពុង​ជ្រកកោណ​នៅ​ក្នុង​ប្រទេស​តួកគី លីបង់ និង​ប្រទេស​ហ្សកដានី។ ដូច្នេះ​គោលដៅ​នៃ​សន្និសីទ​អន្តរជាតិ​នៃ​ក្រុមប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ស៊ីរី​រៀបចំ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ថ្ងៃ​នេះ គឺ​ស្វែង​រក​ថវិកា​ឲ្យ​បាន ៩ ០០០លានដុល្លារ​សម្រាប់​ជួយ​ទំនុកបម្រុង​ប្រជាជន​ស៊ីរី​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក។

តែ​មុន​នឹង​សន្និសីទ​ចាប់​ផ្តើម ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​ជា ៩០ បាន​រួម​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ ទី៣ កុម្ភៈ ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ក្នុង​គោលដៅ​ជួយ​ដាស់តឿន​ក្រុមប្រទេស​ផ្តល់ជំនួយ​ឲ្យ​គិតគូរ​បន្ថែម ពិសេស​ឲ្យ​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន។ ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ឆ្នាំ ២០១៥ កន្លង​ទៅ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​រក​ប្រាក់​ជំនួយ​ចំនួន ៨ ៤០០លានដុល្លារ​សម្រាប់​ជួយ​ស៊ីរី តែ​បាន​ទទួល​ជាក់ស្តែង​តែ ៣ ៣០០លានដុល្លារ​ប៉ុណ្ណោះ។

យោង​តាម​អង្គការ Oxfam ជំនួយ​ដែល​ក្រុម​ប្រទេស​អ្នកមាន​បាន​សន្យា​ជួយ​ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ មាន​មិន​ដល់​ពាក់កណ្តាល​ដូច​ដែល​ពួក​គេ​បាន​សន្យា​ទេ។ អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត និង​ប្រទេស​អង់គ្លេស គឺ​ជា​ប្រទេស​ដែល​បាន​បន្ត​ផ្តល់​ជំនួយ​ជា​ហូរហែ តែ​ក្រុម​ប្រទេស​សំខាន់ៗ​ដូច​យ៉ាង​កាតា អារ៉ាប៊ីសាអូឌីត និង​អាមេរិក​បែរ​ជា​និយាយ​ច្រើន ឲ្យ​តិច​ទៅ​វិញ។ ទន្ទឹម​គ្នា​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រិះគន់​ប្រទេស​ខ្លះ ដូច​យ៉ាង​អូស្រ្តាលី បារាំង និង​រុស្ស៊ី​ដែល​បាន​លូកដៃ​ជ្រៅ​នៅ​ក្នុង​ជម្លោះ​នៅ​ស៊ីរី តែ​លូកដៃ​រាក់​ក្នុង​ផ្នែក​ជំនួយ​មនុស្សធម៌។ ប្រទេស​ដែល​រងការ​រិះគន់​ខ្លាំង​ជាង​គេ គឺ​រុស្ស៊ី​ដែល​បាន​ជួយ​តែ ១% ប៉ុណ្ណោះ​នៅ​ក្នុង​ចំណែក​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ