អានតួអត្ថបទ
ចិន-អឺរ៉ុប​ខាងកើត

ចិន​​​ប្រើ​យុទ្ធសាស្រ្ត​​​បុកគ្រឹះ​រឹងមាំ​នៅ​​អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាងកើត

នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង​កំពុង​ផ្តើម​ទស្សនកិច្ច​នៅ​អឺរ៉ុប​ខាងកើត ដោយ​ចាប់ផ្តើម​ដំបូង នៅ​ប្រទេស​កាហ្សាក់ស្ថាន ជាទី​ដែល​លោក​ចូលរួម​នៅក្នុង​ជំនួបកំពូល​នៃអង្គការ​សហប្រតិបត្តិការ​សៀងហៃ នៅថ្ងៃ​ចន្ទ។ នៅថ្ងៃ​អង្គារ ទី ១៦ ធ្នូ លោក​នាយករដ្ឋមន្រ្តី​ចិន​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រមុខ​ដឹកនាំ​ចំនួន​១៦​នាក់ មកពី​ប្រទេស​អឺរ៉ុប កណ្តាល និង​ខាងកើត នៅ​ប៊ែលក្រាដ រដ្ឋធានី ប្រទេស​ស៊ែប៊ី។  

នាយករដ្ឋមន្រ្តី​ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ប្រទេស​ម៉ុងតេនេក្រូ និង​ប្រទេស​រ៉ូម៉ានី ឆ្នាំ ២០១៣
នាយករដ្ឋមន្រ្តី​ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ប្រទេស​ម៉ុងតេនេក្រូ និង​ប្រទេស​រ៉ូម៉ានី ឆ្នាំ ២០១៣ REUTERS/Bogdan Cristel
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ចិន​នៅ អឺរ៉ុប​ខាងកើត មិនមែន​ជា​រឿង​ថ្មីប្លែក​នោះទេ។ ចាប់តាំងពី​ឆ្នាំ​២០១២ នេះ​ជា​លើកទីបី ដែល​លោក​លី ខឺឈាំង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាងកើត។ លើកនេះ ជំនួប​ជាមួយ​ប្រមុខដឹកនាំ​ប្រទេស​អឺរ៉ុបកណ្តាល និង​អឺរ៉ុប​ខាងកើត​​ត្រូវ​រៀបចំ​ធ្វើ​នៅក្នុង​ប្រទេស​ស៊ែប៊ី។

 
តាមលោក​ វ៉ាង ឆៅ អនុរដ្ឋមន្រ្តី​ការបរទេស​ចិន ដែល​បាន​និយាយ​ប្រាប់​អ្នកកាសែត កាលពី​ចុង​សប្តាហ៍នេះ លោក​លី ខឺឈាំង​នឹង​ស្នើទៅ​សមភាគី ឲ្យបង្កើត​កិច្ចសហការ​ដ៏​រឹងមាំ​មួយ​ជាមួយ​ប្រទេស​ចិន។ មានន័យថា គេ​ត្រូវ​បង្កើត​វិធានការ​ដ៏បត់បែនមួយ ជាពិសេស​ការវិនិយោគ ដើម្បី​ធានា​សុវត្ថិភាព​ឲ្យ​គម្រោង​ផែនការ​សហការ​ដែល​ចិន​មាន​ជាមួយ​អឺរ៉ុប​ខាងកើត។

បន្ទាប់​ពី​អាហ្រ្វិក ចិន​ដែល​សំឡឹង​ឃើញ​សក្តានុពល និង​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​អឺរ៉ុប​ខាងកើត មាន​បំណង​ចង់​ពង្រឹង​វត្តមាន​របស់ខ្លួន នៅ​ក្នុង​អឺរ៉ុប​ខាងកើត ដែល​ធ្លាប់​ជាដែនដី​របស់​សហភាព​សូវៀត។ ដូចលើកមុនៗ នាយករដ្ឋមន្រ្តី​ចិន​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​កណ្តាល ជាមួយ​នឹង​លុយ​ដុល្លារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ដៃ។ ទីក្រុង​ប៉េកាំង​ចាប់​អារម្មណ៍ ចង់​វិនិយោគ​ទៅលើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិកម្ម និង​ឧស្សាហកម្ម​នៅ​ប្រទេស​អឺរ៉ុប​ខាងកើត។

ជាក់ស្តែង នៅក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ទីក្រុង​ប៊ែលក្រាដ របស់​ប្រទេស​ស៊ែប៊ី នាយករដ្ឋមន្រ្តី​ចិន នឹង​ចូលរួម​សម្ពោធ​ស្ពាន មួយ​ដែល​សង់​ដោយ​ក្រុមហ៊ុន​ចិន និង​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៣៦​លាន​អឺរ៉ូ។ កាលពី​ឆ្នាំទៅ ចិន​បាន​ចុះកិច្ចព្រមព្រៀង​តម្លៃ ១​ពាន់​លាន​អឺរ៉ូ ដើម្បី​សាងសង់​រោងចក្រ​អគ្គិសនី ពីរកន្លែង នៅ​​ស៊ែប៊ី។

ចិន​ចង់​បោះយុថ្កា​នៅ​អឺរ៉ុប​ខាងកើត ដែល​ជា​ដែនដែន​ថ្មី ចំណែក​អឺរ៉ុប​កណ្តាល និង​ខាងកើត​ក៏​ត្រូវការ​លុយ​របស់ចិន សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួនដែរ។ សម្រាប់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដូចជា​ប៉ូឡូញ ជាដើម តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ប៉ូឡូញ​នឹង​អាច​ទទួល​បាន​ហិរញ្ញវត្ថុ​ថ្មី ព្រោះថា ថវិកា​អឺរ៉ុប​មិនមែន​ច្រើន សម្រាប់​ជួយ​សេដ្ឋកិច្ច​ប៉ូឡូញ។ ក្រៅពី​ទុនវិនិយោគ​របស់​ចិន ប្រទេស​អឺរ៉ុប​នៅ​ខាងកើត ដែល​កំពុង​ជួប​វិបត្តិ​នាំចេញ ដោយសារ​​រង​ទណ្ឌកម្ម​ពី​រុស្ស៊ី នៅ​ក្នុង​​វិបត្តិ​អ៊ុយក្រែន កំពុង​សំឡឹង​ឃើញ​ទីផ្សារ​មហាសាល​របស់​ចិន សម្រាប់​ផលិតផល​កសិ​ចំណីអាហារ​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ