អានតួអត្ថបទ
បារាំង

ម៉ៃយោ​មុជទឹក​បែប​អ៊ីស្លាម​ Burkini ​បង្ក​ជា​ជម្លោះ​ហិង្សា​នៅ​កោះ​Corse ​ប្រទេស​បារាំង

អំពើ​ហិង្សា ​ប្រវ៉ាយ​ប្រតប់​គ្នា ​បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៤​សីហា ​ នៅកោះ​Corse​ ប្រទេស​បារាំង​ រវាង​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និង​ក្រុម​អ្នក​ទេសចរណ៍​ រឺ​អ្នក​ភូមិ​ជន​ជាតិ​បារាំង​មិនមែន​អ៊ីស្លាម។ ដើមហេតុ​នៃ​អំពើ​ហិង្សានេះ​ ​គឺ​កើត​ចេញ​ពី​ការ​ដែល​ស្ត្រី​អ៊ីស្លាម​ជាច្រើន​នាក់​ បាន​ចុះ​មុជទឹក​សមុទ្រ ​ក្នុង​សម្លៀក​បំពាក់​ម៉ៃយោ ​បែប​អ៊ីស្លាម ​ដែល​ហ៊ុំជិត​ខ្លួន​ឃើញតែ​មុខ​និង​ចុងដៃ។ អ្នក​ទេសចរណ៍​បាន​នាំគ្នា​លួច​ថតរូប ​ ហើយ​ក៏​បាន​បង្ក​ជា​ការ​ស្រែក​ជេរ​គ្នា​ទៅវិញ​ទៅមក ​ ផ្ទុះ​ជា​អំពើ​ហិង្សា​ដ៏​ធំ។

ការប៉ះ​ទង្គិចគ្នា​រវាង​​សមត្ថកិច្ច​​បារាំង និង​ប្រជាជន​​ដែល​មក​ជួបជុំ​គ្នា​នៅ​ក្រុង​Bastia កោះCorseដើម្បី​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​របស់​ពួកអ្នក​កាន់​សាសនា​អ៊ីស្លាម
ការប៉ះ​ទង្គិចគ្នា​រវាង​​សមត្ថកិច្ច​​បារាំង និង​ប្រជាជន​​ដែល​មក​ជួបជុំ​គ្នា​នៅ​ក្រុង​Bastia កោះCorseដើម្បី​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​របស់​ពួកអ្នក​កាន់​សាសនា​អ៊ីស្លាម PASCAL POCHARD-CASABIANCA / AFP
ផ្សាយពាណិជ្ជកម្ម

ឈុតមុជទឹក​សមុទ្រ​របស់​ស្ត្រី​តាម​បែប​អ៊ីស្លាម ​រឺដែល​ហៅថា​ Burkini​ នោះ​បាន​បង្ក​ជា​អំពើ​ហិង្សា​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ ​ភូមិ​ Sisco ​ កោះ​Corse​ ប្រទេស​បារាំង។ ឈុតមុជ​ទឹក​ដែល​រុំ​ខ្លួន​ជិត​ឈឹង ​ឃើញ​តែប្រឡង់​មុខ ​នឹង​ចុងដៃ ​បាន​ធ្វើ​ឲ្យ​មតិ​សាធារណៈជន​បារាំង​ខ្លះ ​ មាន​ការ​មិន​សុខចិត្ត​ និង​រិះគន់ ​ដោយ​សារ​ប្រពៃណី​អ៊ីស្លាម​ បាន​ហាម​ឃាត់​សិទ្ធិ​សេរីភាព​ស្ត្រី​សូម្បីតែ​ពេល​ចុះ​មុជទឹក។

កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ​ ក្រុម​ទេសចរណ៍​ដែល​ភាគច្រើន​ជា​យុវជន​ក្មេងៗ ​ បាន​លួច​ថត​រូបស្ត្រី​អ៊ីស្លាម ​ដែល​ចុះ​មុជទឹក​ក្នុង​ឈុត ​Burkini ​អ៊ីស្លាម​នេះ ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្រែក​តវ៉ា​ពី​សំណាក់​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​នៅ​ក្បែរ​នោះ។ សង្រ្គាម​ពាក្យ​សំដី​បាន​រីក​កាន់តែ​ធំ​ ម្ខាងៗ​ បាន​លើក​គ្នា​មក​ព្រួត​ ដើម្បី​យក​ឈ្នះតែ​រៀងៗ​ខ្លួន។
 

ស្ត្រីម្នាក់ស្លៀក​ឈុតមុជទឹក​បែបអ៊ីស្លាម Burkini
ស្ត្រីម្នាក់ស្លៀក​ឈុតមុជទឹក​បែបអ៊ីស្លាម Burkini

យោង​តាម​សាក្សី​ដែល​នៅ​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់​ថា ​ក្រុម​ឪពុកម្តាយ​របស់​យុវជន​ក្មេងៗ​ និង​អ្នក​ភូមិ​ បាន​ព្រួត​គ្នា​ឈ្លោះ​ជាមួយ​នឹង​ក្រុម​ជនជាតិ​អ៊ីស្លាម។ ក្រុម​ស្រ្តី​អ៊ីស្លាម ​បាន​នាំគ្នា​ចាក់​បំបែក​កង់​រថយន្ត​របស់​ក្រុម​ម្ខាងទៀត​  ឯ​ចំណែក​ក្រុម​យុវជន​មិនមែន​អ៊ីស្លាម​វិញ ​ បាន​នាំគ្នា​ដុត​បំផ្លាញ​រថយន្ត​២គ្រឿង​របស់​ក្រុម​ជនជាតិ​អ៊ីស្លាម។ យ៉ាង​ហោច​ណាស់​មាន​អ្នក​របួស​ធ្ងន់​៥នាក់ ​ហើយ​នគរបាល​បារាំង​បាន​សម្រប​សម្រួល​ស្ថានភាព​នេះ ​ដោយ​លំបាក។

លោក​ Bernard Cazeneuve ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង ​ បាន​ថ្លែង​ថ្កោលទោស​អំពើ​ហិង្សានេះ​  ហើយ​បាន​សន្យា​ស្វែងរក​ដំណើរ​ដើមហេតុ​ដំបូង​ ឲ្យបាន​ពិត​ប្រាកដ ​ដើម្បី​ដាក់​ពិន័យ្យ​ដល់​អ្នក​ដែល​បាន​បង្កវា។ គួរ​បញ្ជាក់​ថា ​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ ដែល​មាន​ការ​ប្រទូស្តរាយ​គ្នា ​រវាង​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ និង​ក្រុម​អ្នក​ស្រុក​Corse ​ជនជាតិ​បារាំង​តែ​មិនមែន​អ៊ីស្លាម។

លោក ​Ange Pierre Vivoni ​មេឃុំ​Sisco ​បាន​សម្រេច​នៅ​ថ្ងៃ​ចន្ទ​ទី​ ១៥​សីហា​នេះ​ ដោយ​បាន​ដាក់​បំរាម​ហាមឃាត់ ​មិន​ឲ្យ​មាន​ការ​ស្លៀក​ឈុត​ម៉ៃយោ​Burkini ​បែប​អ៊ីស្លាម​នេះ​ នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ឃុំ​របស់​លោក​ទេ​​ ដើម្បី​ចៀសវៀង​អំពើ​ហឹង្សា។ នេះ​ជា​សេចក្តី​សម្រេច ​ដូចគ្នា​ទៅ​នឹង​ចៅហ្វាយ​ទីក្រុង​កាន​ និង​ក្រុង​Villeneuve-Loubet ​ដែរ​ ដែល​បាន​ហាម​ឃាត់​ការ​ស្លៀក​ឈុត​មុជ​ទឹក​បែប​អ៊ីស្លាម​នេះ។

ទោះបី​ជា​យ៉ាងណា ​សេចក្តី​សម្រេច​នេះ ​ មិន​ត្រូវ​បាន​ទទួល​ការ​គាំទ្រ ​ពី​សំណាក់​មហាជន​បារាំង​ទូទៅ​ទេ ​ព្រោះវា​មិនមែន​ជា​ដំណោះស្រាយ ​ហើយ​ធ្វើ​ឲ្យ​សង្គម​បារាំង​កាន់តែ​បែកបាក់​គ្នា។ អំពើ​ហិង្សា​ដែល​កើតចេញ​ពី​ឈុត​មុជទឹក​បែប​អ៊ីស្លាម​នេះ​ វា​គឺ​ជា​លទ្ធផល​នៃ​កំហឹង ​ការ​ស្អប់ខ្ពើម​ប្រកាន់​ពូជសាសន៍ ​ក្នុង​សង្គម​បារាំង​បច្ចុប្បន្ន​  ជាពិសេស​គឺ​ក្រោយ​ពេល​ដែល​បារាំង​ បាន​រង​អំពើ​ភេរវកម្ម​ផ្ទួនៗ​ បង្កឡើង​ដោយ​ ក្រុម​ជីហាដ​អ៊ីស្លាម ​ដែល​មាន​ប្រភព​ចេញពី​ប្រទេស​បារាំង​ផ្ទាល់​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ