អានតួអត្ថបទ
សហភាពអឺរ៉ុប

ធនាគារកណ្តាល​អឺរ៉ុប​សុខចិត្ត​បញ្ចេញ​លុយ​ជាង ១ ០០០ ០០០លានអឺរ៉ូ​ដើម្បី​ទិញ​មូលបត្របំណុល​របស់​រដ្ឋសមាជិក

នៅ​ទីបំផុត និង​ដូច​ដែល​បាន​គ្រោង​ទុក ធនាគារកណ្តាល​អឺរ៉ុប​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​កម្មវិធី​មួយ​ដោយ​ប្រមូល​ទិញ​មូលបត្របំណុល​របស់​រដ្ឋសមាជិក​ដោយ​ត្រូវ​ចាយ​ប្រាក់​អស់​ជាង ១ ០០០ ០០០លានអឺរ៉ូ។ នៅ​ក្នុង​សន្និសីទកាសែត​ពី​ទីស្នាក់ការកណ្តាល​របស់​ធនាគារកណ្តាល​អឺរ៉ុប​ក្នុង​ប្រទេស​អាល្លឺម៉ង់ លោក​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប ម៉ារីយ៉ូ ដ្រាហ្គី​បាន​ថ្លែង​ថា នេះ​ជា​លើកទី១ ដែល​ធនាគារកណ្តាល​បាន​អនុម័ត​នូវ​នយោបាយ​រូបិយវត្ថុ​ដ៏​ស៊ីជម្រៅ​មួយ។ ប្រតិកម្ម​ពី​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Merkel បាន​ថ្លែង​ថា ការ​សម្រេច​ចិត្ត​របស់​ធនាគារកណ្តាល​ពេល​នេះ មិន​ត្រូវ​ក្លាយ​ជា​ឧបសគ្គ​រារំាង​លើ​នយោបាយ​កំណែទម្រង់​របស់​រដ្ឋសមាជិក​នីមួយៗ​ទេ។

លោក​ប្រធាន និង​អនុប្រធាន​ធនាគារកណ្តាលអឺរ៉ុប
លោក​ប្រធាន និង​អនុប្រធាន​ធនាគារកណ្តាលអឺរ៉ុប Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ខែ​មីនា ឆ្នំា ២០១៥ នេះ​ទៅ​ដល់​ខែ​កញ្ញា ឆ្នំា ២០១៦ ពោល​ក្នុង​រយៈពេល ១៨ខែ ធនាគារកណ្តាល​អឺរ៉ុប​នឹង​ត្រូវ​ចំណាយ​លុយ​ក្នុង​មួយ​ខែៗ​ចំនួន ៦០ ០០០លានអឺរ៉ូ​ដើម្បី​ទិញ​មូលបត្របំណុល​របស់​ប្រទេស​សមាជិក។ ជា​សរុប​ក្នុង​រយៈពេល ១៨ខែ ធនាគារកណ្តាល​អឺរ៉ុប​ត្រូវ​ចាយ​លុយ​អស់​ជាង ១ ០០០ ០០០លានអឺរ៉ូ។ គឺ​ទឹកប្រាក់​ជា​លុយ​សុទ្ធ​ជាង ១ ០០០ ០០០លានអឺរ៉ូ​នេះ​ហើយ​ដែល​ធនាគារកណ្តាល​អឺរ៉ុប​នឹង​ចាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ក្នុង​ទ្វីបអឺរ៉ុប​ទំាង​មូល ហើយ​គឺ​ប្រាក់​ជាង ១ ០០០ ០០០លានអឺរ៉ូ​នេះ​ឯង​ដែល​ប្រទេស​សមាជិក​លក់​មូលបត្របំណុល​របស់​ខ្លួន​ទៅ​ឲ្យ​ធនាគារកណ្តាល​អឺរ៉ុប​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។

នៅ​ក្នុង​សន្និសីទកាសែត​ពី​ទីស្នាក់ការកណ្តាល​របស់​ធនាគារកណ្តាល​អឺរ៉ុប​ក្នុង​ប្រទេស​អាល្លឺម៉ង់ លោក​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប ម៉ារីយ៉ូ ដ្រាហ្គី​បាន​ថ្លែង​ថា នៅ​ជំហាន​ដំបូង ប្រតិបត្តិការ​ទិញ​មូលបត្របំណុល​រដ្ឋសមាជិក និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​គ្រោង​បញ្ឈប់​ត្រឹម​ខែ​កញ្ញា ឆ្នំា ២០១៦ បន្ទាប់​មក គេ​ត្រូវ​ពិនិត្យ​មើល​លើ​ស្ថានភាព​ជាក់ស្តែង​ថា តើ គួរ ឬ​មិន​គួរ​បន្ត​វិធានការ​នេះ ព្រោះ​កម្មវត្ថុ​របស់​ធនាគារកណ្តាល​អឺរ៉ុប គឺ​ស្វែង​រក​អត្រា​កម្រិត​អតិផរណា​មិន​ឲ្យ​ក្រោម ឬ​មួយ​ក៏​លើស​ពី ២% ខ្លំាង​ពេក។ ទន្ទឹម​គ្នា​នេះ លោក​ដ្រាហ្គី​ក៏​បាន​ប្រាប់​ថា ធនាគារកណ្តាល​អឺរ៉ុប​នឹង​មិន​បញ្ចុះ​អត្រា​ការប្រាក់​នំា​មុខ​របស់​ខ្លួន​ឲ្យ​ទាប​ជាង ០,០៥% ដែល​កំពុង​មាន​សព្វថ្ងៃ​នេះ​ទេ។ រីឯ​ប្រតិបត្តិការ​ប្រមូល​ទិញ​មូលបត្របំណុល​រដ្ឋសមាជិក និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ធនាគារកណ្តាល​របស់​រដ្ឋសមាជិក ដោយ​មាន​ជំនួយ​សហការណ៍​ពី​ធនាគារកណ្តាល​អឺរ៉ុប។

អ្នក​ដែល​មាន​ប្រតិកម្ម​មុន​គេ គឺ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel។ ពី​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស​ដែល​លោកស្រី​ទៅ​ចូល​រួម​វេទិកាសេដ្ឋកិច្ច​ពិភពលោក លោកស្រី Merkel បាន​ថ្លែង​ដោយ​ព្រមាន​ថា អ្វី​ដែល​ធនាគារកណ្តាលអឺរ៉ុប​បាន​សម្រេច​ពេល​នេះ​មិន​ត្រូវ​ក្លាយ​ជា​ឧបសគ្គ​ចូល​ទៅ​បង្អាក់​គម្រោង​កំណែទម្រង់​ដែល​រដ្ឋសមាជិក​នីមួយៗ​កំពុង​ធ្វើ​ដោយ​ខ្លួន​ឯង​នោះ​ទេ។ គួរ​ជម្រាប​ជូន​ថា គឺ​អាល្លឺម៉ង់​នេះ​ឯង​ដែល​បាន​ចេញ​មុខ​ប្រឆំាង​នឹង​វិធានការ​របស់​ធនាគារកណ្តាល​អឺរ៉ុប​ខ្លំាង​ជាង​គេ។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​របស់​ធនាគារ​កណ្តាលអឺរ៉ុប​បាន​ធ្វើ​ឲ្យ​តម្លៃភាគហ៊ុន​ក្នុង​ទីផ្សារអឺរ៉ុប​ឡើង​ថ្លៃ និង​លុយ​អឺរ៉ូ​ក៏​បន្ត​ធ្លាក់​ថ្លៃ​ធៀប​នឹង​ប្រាក់​ដុល្លារ​ដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​នំា​ចេញ​របស់​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ