អានតួអត្ថបទ
អេស្បាញ

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ទាហាន​នៅ​អេស្ប៉ាញ​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​តិច ៣នាក់

នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ មាន​យន្តហោះ​យោធា​មួយ​គ្រឿង​ប្រភេទ A៤០០M របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ឆេះ​ក្នុង​ពេល​កំពុង​ហោះ​សាកល្បង។ គ្រោះថ្នាក់​បាន​កើត​មាន​នៅ​ក្នុង​តំបន់​គ្មាន​មនុស្ស​រស់នៅ​មួយ​ក្បែរ​អាកាសយានដ្ឋាន Séville នា​រសៀល​ថ្ងៃ​សៅរ៍ ទី៩ ឧសភា និង​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​មនុស្ស​យ៉ាង​តិច ៣នាក់ និង​របួស​ធ្ងន់​២នាក់ នៅ​ក្នុង​ចំណោម​អ្នកដំណើរ​ពី ៨ ទៅ ១០នាក់។ ក្រុមហ៊ុន Airbus ឲ្យ​ដឹង​ថា យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់​នោះ​គ្រោង​នឹង​ប្រគល់​ទៅ​ឲ្យ​កងទ័ព​ប្រទេស​តួកគី​ដែល​ជា​អ្នក​កម្ម៉ង់ទិញ​យន្តហោះ​នោះ។ ខណៈ​នេះ ការ​ស៊ើបអង្កេត​កំពុង​ធ្វើ​ដើម្បី​ស្វែង​រក​មូលហេតុ​គ្រោះថ្នាក់។

រូបភាព​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​​ក្នុង​ប្រទេស​អេស្ប៉ាញ
រូបភាព​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​​ក្នុង​ប្រទេស​អេស្ប៉ាញ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​អាកាសយានដ្ឋាន Séville ក្នុង​ទឹកដី​អេស្ប៉ាញ​ដែល​យន្តហោះ​យោធា​ប្រភេទ A៤០០M របស់​ក្រុមហ៊ុន Airbus បាន​ហោះ​ចេញ រួច​ក៏​បាន​ធ្លាក់​ផ្ទុះ​ឆេះ​នៅ​បន្តិច​ក្រោយ​មក។ រូបភាព​នៃ​ការ​ផ្ទុះ​ឆេះ និង​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​នៅ​ជុំវិញ​អាកាសយានដ្ឋាន Séville និង​ដែល​ក្នុង​ក្រុមអ្នកលេង​បណ្តាញ​សង្គម​នំា​គ្នា​យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​នោះ​ភ្លាម អាកាសយានដ្ឋាន Séville ក៏​​ត្រូវ​បាន​ផ្អាក​ដំណើរការ​អស់​ជា​ច្រើន​ម៉ោង​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ជួយសង្រ្គោះ​ប្រចំាការ​នៅ​អាកាសយានដ្ឋាន​ចេញ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​គ្រោះថ្នាក់។ ចំណែក​លោក​នាយករដ្ឋន្រ្តី​អេស្ប៉ាញ Mariano Rajoy ក៏​បាន​លប់​ចោល​មិន្ទិញ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​ដែរ​នា​ថ្ងៃ​គ្រោះថ្នាក់​នោះ។

លោក Mariano Rajoy បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មាន​មនុស្ស​ពី ៨ ទៅ ១០នាក់​ដែល​កំពុង​ជិះ​នៅ​ក្នុង​យន្តហោះ​នោះ ហើយ​អ្នក​ទំាង​អស់​គ្នា​ជា​ជនជាតិ​អេស្ប៉ាញ​ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន Airbus។ ចំណែក​ក្រុមហ៊ុន Airbus បាន​ចេញ​សេចក្តីជូនដំណឹង​ភ្លាមៗ​ពី​គ្រោះថ្នាក់ និង​បញ្ជាក់​ថា យន្តហោះ​ដែល​ធ្លាក់​ឆេះ​នោះ ជា​យន្តហោះ​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​ហោះហើរ​សាកល្បង និង​ដែល​តាម​គម្រោង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​កងទ័ព​ប្រទេស​តួកគី។ រីឯ​ក្រសួង​ការពារ​ជាតិ​អេស្ប៉ាញ​វិញ​បាន​អះអាង​ថា ទាហាន​អេស្ប៉ាញ​មិន​បាន​ចូលរួម​នៅ​ក្នុង​ការ​ហោះហើរ​សាកល្បង​នោះ​ទេ។ ខណៈ​នេះ ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​មូលហេតុ​នៃ​គ្រោះថ្នាក់។

គួរ​រម្លឹក​ជូន​ថា យន្តហោះ​យោធា​ប្រភេទ A៤០០M ដែល​ដើរ​ដោយ​កង្ហារ​ចំនួន ៤ របស់​ក្រុមហ៊ុន Airbus ដែល​ទើប​ដាក់​ឲ្យ​ដំណើរ​ដំបូង​ក្នុង​ឆ្នំា ២០១៣ បាន​ជួប​បញ្ហា​ជា​ច្រើន និង​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផលិត​ដែល​មិន​សូវ​មាន​អ្នក​កម្ម៉ង់ទិញ​ប៉ុន្មាន​ទេ។ គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន Airbus ទើប​ទទួល​បាន​ការ​កម្ម៉ង់​ទិញ​ចំនួន ១៩៤គ្រឿង​ពី ៨ប្រទេស ក្នុង​នោះ​មាន​តួកគី បារំាង និង​អេស្ប៉ាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ