អានតួអត្ថបទ

អឺរ៉ុប​ប្រាប់​​អង់គ្លេស​ឱ្យ​​មក​​ចរចា ដោយ​ហ្មត់ចត់ ដើម្បី​បញ្ចៀស Brexit ដោយ​គ្មាន​កិច្ចព្រមព្រៀង

ក្នុង​សម័យ​ប្រជុំ​​សភា​ពេញអង្គអឺរ៉ុប នៅ​ថ្ងៃពុធ​នេះ អ្នក​ទទួល​ខុ​សត្រូវ​អឺរ៉ុប បាន​អំពាវនាវ​ ឱ្យ​អង់គ្លេស ​កុំធ្វើ​ជា​​មក​ចរចា​ដើម្បី​បង្គ្រប់​កិច្ច​ឱ្យ​សោះ។ គ្រោះ​បំបែក​ចេញ​ពី​អឺរ៉ុប​ ដោយ​គ្មាន​កិច្ចព្រមព្រៀង​ មាន​យ៉ាង​ជាក់​ស្តែង ! ហេតុ​ដូច្នេះ​ក្រុង​ឡុងដ៍​ ត្រូវ​តែមក​​ចរចា ជាមួយ​សហភាព​អឺរ៉ុប​ឱ្យ​ហ្មត់ចត់ និង​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​អង់គ្លេស​ឱ្យ​បាន​ច្បាស់​លាស់​អំពីផលវិបាក​នៃ​ការ​ចាក​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មានកិច្ចព្រមព្រៀង។ សភា​អឺរ៉ុប បាន​បញ្ជាក់សាជា​ថ្មី ​អំពី​ជំហរ​Brexit របស់​អឺរ៉ុប​ មាន​ជា​អាទិ៍​​ បញ្ចៀស​ការ​បែក​ប្រាក់​ដោយ​គ្មាន​កិច្ចព្រមព្រៀង។

សមាជិក​សភា​អឺរ៉ុប ទាមទារ​ហេតុផល​និង​កម្មវត្ថុ​សមរម្យ បើ​ចង់​លើកពេល​ Brexit ទៀត
សមាជិក​សភា​អឺរ៉ុប ទាមទារ​ហេតុផល​និង​កម្មវត្ថុ​សមរម្យ បើ​ចង់​លើកពេល​ Brexit ទៀត REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណៈកម្មការ​អឺរ៉ុប មាន​សុទិដ្ឋនិយម​ណាស់ ! លោក​បាន​ចាត់​ទុក​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ បូរីស ចនសុន ថ្ងៃ​ពុធ​នេះ ថាជា​ជំនួបដ៏​វិជ្ជមាន​និង​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា។ ទោះ​បី​ជា​គ្មាន​លទ្ធផល​ទាក់​ទង​នឹង​ព្រំដែន​អៀរឡង់​ក៏​ដោយ ក៏​លោក​ចាំងគ័រ យល់​ថា​នៅមាន​លទ្ធភាព​រក​ឃើញ​កិច្ចព្រមព្រៀង​រវាង​គ្នា។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អឺរ៉ុប ចង់ឃើញអង់គ្លេស​​មក​​ចរចា​ដោយ​ហ្មត់ចត់​​​។ “ដើរ​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ទំនង​ជា​ជម្រើស​របស់​រដ្ឋាភិបាល​អង់គ្លេស តែមិន​មែន​ជា​ជម្រើស​របស់​អឺរ៉ុប​ទេ !” នេះ​ជា​ប្រសាសន៍បន្ថែម​​របស់​​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្សង់ក្លូត ចាំងគ័រ ទៅកាន់​អង្គ​សភា​។

អ្នក​​ទទួល​បន្ទុក​ចរចា​Brexit របស់​អឺរ៉ុប លោក មីស្ហែល បានីញ៉េ វិញ​ ​បាន​ព្រមាន​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដោយ​ចំៗ​ថា “​ពេល​វេលា​នៅ​សល់​តែ​៦​សប្តាហ៍​ទៀតទេ សូមកុំ​មក​ចរចា​ដើម្បី​បង្គ្រប់​កិច្ច ! ពលរដ្ឋ​អង់គ្លេស ក៏​ដូច​ជា​ពលរដ្ឋ​អឺរ៉ុប​ដែរ​ មានសិទ្ធិ​​ដឹង​ការ​ពិត​ស្តី​អំពី​ផលវិបាក​នៃ​Brexit ដែល​គ្មាន​កិច្ចព្រមព្រៀង ! ផលវិបាក​ដែល​ធ្ងន់ធ្ងរ​​ខ្លាំងណាស់”។

ប៉ុន្តែ​សម្រាប់​សមាជិក​សភា​អង់គ្លេស ជា​អ្នក​អភិរក្ស​និយម​គាំទ្រ​Brexit​វិញ ពួកគេ​បាន​បន្ទោស​​​អឺរ៉ុបថា​ចង់​ខ្ទាស់​អង់គ្លេស​ឱ្យ​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​រួម។​ អង់គ្លេស​នៅ​តែ​សង្ឃឹម​ថា​នឹង​អាច​ចរចា​បាន​លទ្ធផល​គ្រាន់​បើ​នៅមុន​ជំនួប​​កំពូល​អឺរ៉ុប​ថ្ងៃទី ១៧​តុលា ដំណាក់កាល​ដ៏​សំខាន់​សម្រាប់​​សម្រេច​កិច្ចព្រមព្រៀង​ថ្មី។ កិច្ចព្រមព្រៀង​ថ្មី​ដែល​មិន​អាច​មាន​សុពលភាព​បាន​ ដោយ​គ្មាន​កា​រអនុម័ត​ពី​សភា​អឺរ៉ុប​ឡើយ។

សភា​អឺរ៉ុបអាណត្តិ​ថ្មី​ ដែល​ទើប​ផ្តើម​ការងារ​ ​បាន​បោះឆ្នោត នៅ​ថ្ងៃពុធ គាំទ្រយ៉ាង​សន្ធឹកសន្ធាប់​​​សេចក្តីសម្រេច​ចិត្ត​ ស្តី​ពី​Brexit។​ ក្រុមបក្ស​នយោបាយធំៗ​របស់​អឺរ៉ុប​​ លើក​លែង​តែ​បក្ស​ស្តាំ​ជ្រុលនិយម​ចេញ បន្ត​គាំទ្រ​ជំហរ​របស់​សភា​អឺរ៉ុបមុន ដោយ​ត្រូវ​ធ្វើ​គ្រប់​យ៉ាង​បញ្ចៀស​ការ​បំបែក​អង់គ្លេស​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង និង​ បាន​អះអាង​ជា​ថ្មី​នៅ​ក្នុង​សេចក្តី​សម្រេចចិត្ត​ថា​ កិច្ចព្រមព្រៀង​លើក​មុន (ចរចា​ជាមួយ​លោកស្រី​ម៉េ) ល្អ​ត្រឹម​ត្រូវ​និង​មានតុល្យភាព ហើយ​អាច​​លើក​ពេល​Brexit ជា​ថ្មី​ទៀត​បាន​ដរាប​ណា​តែ​មាន​ហេតុផល​និង​កម្មវត្ថុ​សមស្រប​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ