អានតួអត្ថបទ

បារាំង បង្ហាញ​ច្បាប់​​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ប្រកប​ដោយ​មហិច្ឆតា តែមិន​អាច​បញ្ឈប់​ការរិះគន់​បាន

រដ្ឋាភិបាល​បារាំង បាន​បង្ហាញគម្រោង​ច្បាប់​ថ្មី​ស្តីពី​ថាមពល​និ​ងអាកាសធាតុ​ ដែល​មាន​ផែនការ​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​ នៅ​ឆ្នាំ​២០៥០ ឱ្យ​បាន​​៦​ដង​តិច​ជាង​កំរិត​ឧស្ម័ន​ពុល​កាលពីឆ្នាំ​១៩៩០​។ ប៉ុន្តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ មិន​គ្រប់គ្រាន់​នឹង​បំបិទ​មាត់​រិះគន់​របស់​អ្នក​ការពារ​បរិស្ថាន​បាន​ឡើយ។

បារាំង​គ្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ឱ្យ​៦​ដង​ទាប​ជាង​កំរិត​ឆ្នាំ​១៩៩០
បារាំង​គ្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ឱ្យ​៦​ដង​ទាប​ជាង​កំរិត​ឆ្នាំ​១៩៩០ REUTERS
ផ្សាយពាណិជ្ជកម្ម

គម្រោង​អត្ថបទច្បាប់ ដែល​មាន​៨​មាត្រា ស្នើ​ឡើង​ដោយ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក ហ្វ្រង់ស័រ ដឺ រូហ្ស៊ី (François De Rugy) បាន​តាក់តែង​ឡើង​ក្នុង​កម្មវត្ថុ​ ធ្វើឱ្យ​ស៊ី​ចង្វាក់​គ្នា​រវាង​ច្បាប់​និង​កម្មវត្ថុ​របស់​ប្រទេស​ដើម្បី​អាកាសធាតុ។

មាត្រា​មួយ ផ្តោត​ទៅលើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​កាត់​បន្ថយ​ជាតិ​កាបូន ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៥០ ឱ្យ​បាន​យ៉ាង​ហោច​ ៦​ដង​តិច​ជាង​បរិមាណ​នៃ​ជា​តិ​ពុល​ បើ​ប្រៀប​ទៅ​ឆ្នាំ​គោល ​ឆ្នាំ​១៩៩០។ ពោល​គឺ​ជា​វិធានការ​ជាក់​ស្តែង​ប្រសូត​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ ក្រុង​ប៉ារីសឆ្នាំ​២០១៥។ ប៉ុន្តែ​មហិច្ឆតា​នេះគ្មាន​សក្តានុពល​ធំធេង​ដូច​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​ព្រលយ​ឱ្យ​ដឹង​កាលពី​ខែ​ធ្នូ​ នៅ​ក្នុងផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទេ។ កាល​ណោះ​បារាំង​ចង់ប្រើ​មេចែក​៨ដើម្បី​​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ឯណោះ។

ចំណុច​ខ្លាំង​មួយ​ទៀត​នៃ​គម្រោង​ច្បាប់ គឺ​ការ​កំណត់​ពេល​ពី ឆ្នាំ ២០២៥​ទៅ​២០៣៥ កម្មវត្ថុ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​មក​ពី​នុយក្លេអ៊ែរ​ មក​ត្រឹម​៥០% ទល់​នឹង​៧៥%​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ឆ្នាំ​២០៣០ តម្រូវ​ការ​ប្រើប្រាស់​ថាមពល​បាន​មក​ពីធ្យូងថ្មរបស់​បារាំង ក៏​នឹង​បញ្ចុះ​ ឱ្យ​បាន​៤០% មិន​មែន​៣០%​ដូច​ក្នុង​គម្រោង​ច្បាប់​អាកាសធាតុ​ឆ្នាំ​២០១៥​ឡើយ។ នេះ​បើ​តាម​ផ្នែក​មួយ​ទៀត​នៃ​គម្រោង​ច្បាប់។

ជា​ចុងក្រោយ​រដ្ឋាភិបាល​សង្ឃឹម​ថា គម្រោង​ច្បាប់​នេះ នឹង​ត្រូវ​អនុម័ត​ ឱ្យ​បាន​ស្រេច​បាច់ យ៉ាង​យូរ​នៅ​ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​សភា​ចុង​រដូវ​ក្តៅ ឬ​ដើម​រដូវ​ស្លឹកឈើ​ជ្រុះ។

ប៉ុន្តែ​សម្រាប់​អ្នក​ការពារ​បរិស្ថាន ថ្វី​បើ​រដ្ឋាភិបាល​បារាំង បាន​ប្រឹង​បង្កើន​កម្មវត្ថុ​អាកាសធាតុ​តាម​រយៈ​ការ​បង្កើត​ច្បាប់​មែន តែសកម្មភាព​ផ្តល់​តុល្យការ​​ផ្ទុយ​ស្រឡះ។ ក្នុង​នាម​ជា​ “ជើងឯក​ការពារ​ផែនដី” ​​​របស់​​​អង្គការ​សហប្រជាជាតិ ប្រធានាធិបតី​បារាំង​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ដែល​មិន​បាន​ចាត់​វិធានការឱ្យ​ភ្លាមៗ​ដើម្បី​អាកាសធាតុ។ ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​បារាំង បាន​កំណត់​កម្មវត្ថុ​ដ៏​ខ្លាំងក្លា ក្នុង​គម្រោង​ច្បាប់ ប៉ុន្តែ​គ្មាន​បញ្ជាក់​អំពី​មធ្យោបាយ អំពី​វិធានការ​ជាក់ស្តែង ដែល​ត្រូវ​ធ្វើ​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​សោះ។ នេះ​បើ​តាម​ការ​សម្តី​រិះគន់​របស់​អង្គការ​​បណ្តាញ​សកម្មភាព​អាកាសធាតុ។ សហព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ យល់​​ថា បារាំង​​សើរើ​កម្មវត្ថុ​​​ឆ្លង​អន្តរកាល​ថាមពល តែ​មិន​បានបើក​ច្រក​បន្ថែម​​ដើម្បី​តម្រង់​ទិសដៅសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ