អានតួអត្ថបទ

ប្រមុខ​ការទូត​អឺរ៉ុប៖​ក្រុម​ទំនាក់ទំនង​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​វ៉េណេស៊ុយអេឡា​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៧ កុម្ភៈ

គំនាប​របស់​សហគមន៍​អន្តរជាតិ​លើ​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌូរ៉ូ​កំពុង​បន្ត​មាន​កាន់​តែ​ខ្លាំង។ លោកស្រី​ហ្វេដេរីកា ម៉ូហ្គេរីនី ប្រមុខ​ការទូត​អឺរ៉ុប​បាន​ប្រកាស​ក្នុង​ថ្ងៃ​អាទិត្យ ទី៣ កុម្ភៈ​ថា ក្រុម​ទំនាក់ទំនង​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ​នៅ​វ៉េណេស៊ុយអេឡា​នឹង​រៀបចំ​កិច្ចប្រជុំ​លើកទី១ របស់​ខ្លួន​នៅ​ថ្ងៃ​ទី៧ កុម្ភៈ​ខាង​មុខ​ក្នុង​ទីក្រុង​ម៉ុងតេវីដេអូ ប្រទេស​អ៊ុយរូហ្គាយ។ គម្រោង​រៀប​កិច្ចប្រជុំ​លើកទី១ របស់​ក្រុម​ទំនាក់ទំនង​អន្តរជាតិ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​មាន​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ​បាន​បន្ត​ដក​ការ​គាំទ្រ​ចំពោះ​លោក​ម៉ាឌូរ៉ូ។ ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ត្រង់ៗ​ជា​ថ្មី​ថា អន្តរាគមន៍​យោធា​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ក៏​ជា​ជម្រើស​មួយ​នៅ​លើ​តុ​របស់​លោក​ដែរ។

លោកស្រីហ្វេដេរីកា ម៉ូហ្កេរីនី ប្រមុខការទូតអឺរ៉ុប
លោកស្រីហ្វេដេរីកា ម៉ូហ្កេរីនី ប្រមុខការទូតអឺរ៉ុប REUTERS/Piroschka van de Wouw/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រុម​ទំនាក់ទំនង​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​វ៉េស៊ុយអេឡា​មួយ​នេះ​ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង​ដោយ​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប​ហ្វេដេរីកា ម៉ូហ្គេរីនី​កាល​ពី​ថ្ងៃទី៣១ មករា។ សមាជិក​នៅ​ក្នុង​ក្រុម​ទំនាក់ទំនង​អន្តរជាតិ​មាន​សហភាព​អឺរ៉ុប ប្រទេស​សមាជិក​អឺរ៉ុប​ចំនួន ៨ប្រទេស គឺ​អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីតាលី ព័រទុយហ្កាល់ ហូឡង់ អង់គ្លេស និង​ប្រទេស​ស៊ុយអែត បូក​និង​ប្រទេស​នៅ​អាមេរិកឡាទីន​មួយ​ចំនួន រួម​មាន​បូលីវី កូស្តារីកា អេក្វាទ័រ និង​ប្រទេស​អ៊ុយរូហ្កាយ។ ចំណែក​កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​ក្រុម​ទំនាក់ទំនង​អន្តរជាតិ​នេះ​ឡើង គឺ​បង្កើត​លក្ខខណ្ឌ​ចាំ​បាច់​មួយ​ចំនួន​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​អាច​កំណត់​ជោគវាសនា​ដោយ​ខ្លួន​ឯង​បាន​តាម​រយៈ​ការ​បោះឆ្នោត​សេរី យុត្តិធម៌ និង​តម្លាភាព។

តាម​ប្រមុខ​ការទូត​អឺរ៉ុប​លោកស្រី​ហ្វេដេរីកា ម៉ូហ្គេរីនី កិច្ចប្រជុំ​លើកទី១ របស់​ក្រុម​ទំនាក់ទំនង​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ​នៅ​វ៉េណេស៊ុយអេឡា​ជា​កិច្ចប្រជុំ​ត្រឹម​ថ្នាក់ក្រសួង ហើយ​សហភាព​អឺរ៉ុប និង​ប្រទេស​អ៊ុយរូហ្កាយ​ជា​អ្នក​រៀបចំ​រួម​គ្នា​នៅ​ក្នុង​ទីក្រុង​ម៉ុងតេវីដេអូ។ ការ​ប្រកាស​រៀបចំ​កិច្ចប្រជុំ​លើកទី១ របស់​ក្រុម​ទំនាក់ទំនង​អន្តរជាតិ​មួយ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​គំនាប​អន្តរជាតិ​លើ​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌូរ៉ូ​កំពុង​បន្ត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ សមាជិក​អឺរ៉ុប ៦ប្រទេស​មាន​អាល្លឺម៉ង់ អេស្ប៉ាញ បារាំង ហូឡង់ ព័រទុយហ្កាល់ និង​អង់គ្លេស​បាន​ដាក់​ឱសានវាទ​ត្រឹម​យប់​ថ្ងៃ​អាទិត្យ ទី៣ កុម្ភៈ​ឲ្យ​លោក​ម៉ាឌូរ៉ូ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ឡើង​វិញ។

បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​ប្រកាស​ទទួល​ស្គាល់​ប្រធាន​រដ្ឋសភា​វ៉េណេស៊ុយអេឡា​លោក​ហ័ន ហ្កាយដូ​ជា​ប្រធានាធិបតី​ស្តីទី​ស្របច្បាប់​ដូច​បណ្តា​ប្រទេស​មួយ​ដែរ។ តែ​លោក​ម៉ាឌូរ៉ូ​ដែល​មាន​ការ​គាំទ្រ​ពី​រុស្ស៊ី ចិន កូរ៉េខាងជើង ឬ​គុយបា​បាន​ស្នើ​ជា​ថ្មី​ឲ្យ​មាន​ការ​បោះឆ្នោត​សភា និង​ថា លោក​មិន​ត្រូវ​ការ​ស្តាប់​ឱសានវាទ​របស់​អ្នក​ណា​ទាំង​អស់។ ចំណែក​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ជា​ថ្មី​នា​ថ្ងៃ​អាទិត្យ ទី៣ កុម្ភៈ​ថា ការ​ប្រើ​ទ័ពអាមេរិក​ដើម្បី​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ក៏​ជា​ជម្រើស​មួយ​នៅ​លើ​តុ​របស់​លោក​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ