អានតួអត្ថបទ
ស្វ៊ីស-សេដ្ឋកិច្ច

ស្វ៊ីស៖វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូសបើក​ធ្វើ​ដោយ​គ្មាន​វត្តមាន​ឥស្សរជន​គ្រាក់ៗ​មួយ​ចំនួន

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី៤៩ បាន​បើក​ធ្វើ​នា​ថ្ងៃ​អង្គារ ទី២២ មករា​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស។ មាន​អ្នក​ចូលរួម​សរុប​ប្រមាណ​ជា ៣ ០០០នាក់​នៅ​ក្នុង​វេទិកា​ឆ្នាំ​នេះ ក្នុង​នោះ​មាន​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល ថៅកែ​គ្រាក់ៗ រួម​ទាំង​ឥស្សរជន​នៃ​សង្គមស៊ីវិល​មក​ពី​គ្រប់​ជ្រុងជ្រោយ​ក្នុង​លោក។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី៤៩ ឆ្នាំ​នេះ ទី១ ការ​ធ្លាក់​ទាប​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​មិន​ធ្លាប់​មាន គិត​តាំង​ពី​ជិត ៣០ឆ្នាំ​កន្លង​ទៅ រួម​ទាំង​ការ​បញ្ចុះ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​សម្រាប់​ឆ្នាំ ២០១៩ ដែល​ប្រមើលមើល​ដោយ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF និង​កំណត់សម្គាល់​ទី២ គឺ​អវត្តមាន​ឥស្សរជន​គ្រាក់ ពិសេស​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។

នៅ​ស្វ៊ីស វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូសបើក​ធ្វើ​ដោយ​គ្មាន​វត្តមាន​ឥស្សរជន​គ្រាក់ៗ​មួយ​ចំនួន
នៅ​ស្វ៊ីស វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូសបើក​ធ្វើ​ដោយ​គ្មាន​វត្តមាន​ឥស្សរជន​គ្រាក់ៗ​មួយ​ចំនួន Reuters
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃទី១៧ ធ្នូ​ឆ្នាំ ២០១៨ លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ពី​ការ​ចូលរួម​របស់​លោក ព្រម​ទាំង​គណៈប្រតិភូ​អាមេរិក​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី៤៩។ កាល​ណោះ លោក​ត្រាំ​ថែម​ទាំង​បាន​ត្រៀម​លើក​យក​បញ្ហា​ការងារ​ទៅ​និយាយ​ដែល​លោក​ចាត់​ទុក​ជា​ប្រធានបទ​អាទិភាព​សម្រាប់​ពិភពលោក។ នៅ​ទីបំផុត លោក​ត្រាំ​បាន​ប្រកាស​លុបចោល​ការ​ចូលរួម​របស់​លោក ព្រម​ទាំង​គណៈប្រតិភូ​អាមេរិកាំង​ទាំង​មូល​តែ​ម្តង។ ទោះ​បី​លោក​ត្រាំ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ផ្លូវការ​ក៏​ដោយ​ក៏​គេ​អាច​និយាយ​បាន​ថា មក​ពី​លោក​កំពុង​ក្រពុលមុខ​នឹង​វិបត្តិថវិកា​ដែល​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​សហព័ន្ធ​ជា​ច្រើន​គាំង​ដំណើរ​មក​ដល់​សព្វថ្ងៃ។ ឃើញ​ថា គ្មាន​មន្រ្តីផ្លូវការ​អាមេរិក​ណា​ម្នាក់​មាន​វត្តមាន​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ពេល​នេះ​ទេ ពិសេស​ចំ​ពេល​ដែល​សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុង​បន្ត​មាន​យ៉ាង​តានតឹង។

ក្រៅ​ពី​លោក​ត្រាំ សមភាគី​បារាំង​លោក​ម៉ាក្រុង​ក៏​បាន​អវត្តមាន​ដែរ​ដោយ​ហេតុផល​ពេល​វេលា​មិន​អនុគ្រោះ។ តែ​ក្រុម​អ្នកសង្កេតការណ៍​បាន​សម្លឹង​ឃើញ​ហេតុផល​ផ្សេង គឺ​វិបត្តិ​នយោបាយ និង​សង្គម​ដែល​លោក​ម៉ាក្រុង​កំពុង​ប្រឈម​មុខ​នឹង​ចលនា​បាតុកម្ម​របស់​ពួក​អាវកាក់លឿង។ បន្ទាប់​មក អវត្តមាន​ឥស្សរជន​ម្នាក់​ទៀត​ដែល​មិន​អាច​កំបាំង​មុខ​អ្នក​ផ្សេង​បាន គឺ​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​ទែររ៉េហ្សា ម៉េ​ក្នុង​ពេល​ដែល​លោកស្រី​កំពុង​ខ្វាយខ្វល់​នឹង​សំណុំរឿង Brexit ដែល​ពេល​វេលា​កាន់​តែ​ខោច​ទៅ តែ​នៅ​មិន​ទាន់​មាន​ច្រក​ចេញ។ កំណត់សម្គាល់​មួយ​ទៀត​ក្រៅ​ពី​អវត្តមាន​ឥស្សរជន​គ្រាក់ៗ វេទិកាសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​នេះ​បាន​បើក​ធ្វើ​ឡើង ក្នុង​ពេល​ដែល​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មិន​សូវ​ល្អ។

ប្រទេស​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ពី​អត្រា​កំណើន​សេដ្ឋកិច្ច​ទាប​ខ្លាំង​មិន​ធ្លាប់​មាន​តាំង​ពី​ជិត ៣០ឆ្នាំ​កន្លង​ទៅ។ ចំណែក​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF ទើប​បាន​ប្រមើលមើល​ឡើង​វិញ​ពី​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​សម្រាប់​ឆ្នាំ ២០១៩។ ទន្ទឹម​គ្នា​នេះ លទ្ធផល​នៃ​ការ​សិក្សា​ប្រចាំ​ឆ្នាំ​មួយ​របស់​ស្ថាប័ន Price Waterhouse Coopers ឲ្យ​ដឹង​ថា មាន​ថៅកែ​គ្រាក់ៗ​ក្នុង​លោក​តែ ៤២% ប៉ុណ្ណោះ​ដែល​មាន​សុទិដ្ឋិនិយម​លើ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ ២០១៩ ពោល​តិច​ជាង​ឆ្នាំ ២០១៨ ដែល​មាន​ដល់​ទៅ ៥៧%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ