អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

អ្នកកាសែត​រុស្ស៊ី​ដែល​ហ៊ាន​ទិតៀន​ក្រេមឡាំង​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្រុង​កៀវ

អ្នកកាសែត​និង​ជា​អ្នកនិពន្ធ​រុស្ស៊ី ដែល​ហ៊ាន​ទិតៀន​ក្រេមឡាំង​ដោយ​មិន​ថ្នម​សំដី អាយុ ៤១ ឆ្នាំ លោក Arkadi Babtchenko បាន​ត្រូវ​គេ​លួច​បាញ់​សម្លាប់ ល្ងាច​ថ្ងៃអង្គារ ២៩ ឧសភា ក្នុង​ក្រុង​កៀវ ជា​ទី ដែល​គាត់​រស់នៅ​ក្នុង​ស្ថានភាព​និរទេស។ កាល​នៅ​រស់ គាត់​តែង​បាន​ត្អូញ​ថា រូប​គាត់​ស្ថិត​ក្រោម ការគម្រាម ដោយ​មក​ពី​បាន​បរិហារ​តួនាទី​រុស្ស៊ី ក្នុង​ជម្លោះ​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន។

អ្នកកាសែត​រុស្ស៊ី​លោក Arkadi Babtchenko
អ្នកកាសែត​រុស្ស៊ី​លោក Arkadi Babtchenko REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​ក្រុងកៀវ បាន​ប្រកាស​ភ្លាម​ភ្លែត​ថា ស្នាមឧក្រិដ្ឋកម្ម​នេះ គឺ​ពាក់ព័ន្ធ​នឹង​មុខ​របរ​នៃ​អតីត​ទាហាន​រុស្ស៊ី​នេះ ដែល​ធ្លាប់​បាន​ចូលរួម​ក្នុង​សង្គ្រាម​នៅ ឆេឆេនី ទាំង​ពីរ​លើក ហើយ​ក្រោយ​មក ក្លាយ​ជា អ្នកយកការណ៍​នៃ​សង្គ្រាម ដែល​រូប​គាត់​លត់ដំ​សម្បូរ​បទពិសោធន៍ ហើយ​ត្រូវ​គេ​គោរព។ ឃាតកម្ម​រូប​គាត់ ដែល​បង្ក​ឲ្យ​មជ្ឈដ្ឋាន​អ្នកកាសែត​នៅ​រុស្ស៊ី និង អ៊ុយក្រែន ស្រឡាំងកាំង គឺ​ជា​ករណី​ទី២ ទៅ​ហើយ ក្នុង​រយៈពេល​មិន​ដល់​ពីរឆ្នាំ​ផង នៃ​ការ​លួច​សម្លាប់​អ្នកកាសែត​ណា​ដែល ជំទាស់​នឹងនយោបាយ រដ្ឋាភិបាល​រុស្ស៊ី ហើយ​រស់នៅ​ក្នុង​រដ្ឋធានី​អ៊ុយក្រែន។

ថ្ងៃ ២០ កក្កដា ឆ្នាំ ២០១៦ អ្នកកាសែត​សញ្ជាតិ​ពីរ រុស្ស៊ី​ផង បេឡារុស​ផង លោក Pavel Cheremet បាន​ធ្លាក់​ខ្លួន​ស្លាប់ ដោយ​មក​ពី​ការផ្ទុះ​នៃ​គ្រាប់បែក​លាក់ទុក​ក្រោម​រថយន្ដ​គាត់ ពេល​ឈប់​នៅ​ភ្លើង​ស្តុប ចំ​កណ្តាល​ក្រុងកៀវ ហើយ​ឧក្រិដ្ឋកម្ម​នេះ នៅ​តែ​មិន​ទាន់​វែក​មុខ​រក​ឃើញ ជន​ដែល​ប្រព្រឹត្ត​ឡើយ។ ករណី​លោក Arkadi Babtchenko គឺ​គាត់​បាន​ត្រូវ​ឧក្រិដ្ឋជន បាញ់​ត្រូវ​ខ្នង​គាត់​ដល់​ទៅ​៣គ្រាប់ ក្នុង ជណ្តើរយន្ដ ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ពី​ហាង​លក់​ទំនិញ ល្ងាច​ថ្ងៃ ២៩ ឧសភា ការ​នេះ​សរសេរ ឲ្យដឹង ដោយ អ្នកកាសែត ជា​សហសេវិក​គាត់ លោក Osman Pachaiev ដែល​ក៏​ទម្លាយ​លើ​ទំព័រ Facebook ឲ្យ​ដឹង​ថា អស់​មួយ​ឆ្នាំ ហើយ លោក Babtchenko បាន​ធ្វើ​ជា​ពិធីករ នៃ​កាណាល់ទូរទស្សន៍​ឯកជន អ៊ុយក្រែន ATR។

ទីប្រឹក្សា​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយក្រែន ជា​អ្នកតំណាងរាស្ត្រ លោក Anton Guerachtchenko សង្ស័យប្រទេស រុស្ស៊ី ថា​ស្ថិត​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​នេះ ដ្បិត​របប​ពូទីន ផ្តក់​លើ​រាល់​នរណា​ដែល​ក្បាល​រឹង ហើយ ស្នាម សង្ស័យ នេះ ក៏​ចែក​រំលែក​ឥត​បង្អែរបង្អង់​ឡើយ ដោយ អ្នកកាសែត​អ៊ុយក្រែន​ខ្លះ។ តំណាង​អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប OSCE ដើម្បី​សេរីភាព​ប្រព័ន្ធផ្សព្វផ្សាយ លោក Harlem Desir ដោយ​សំដែង​ការ​តូចចិត្ត​ចំពោះ​ទង្វើ​គួរ​ឲ្យ​រន្ធត់​នេះ បាន​អំពាវនាវ អាជ្ញាធរ ឲ្យ​ធ្វើ​អង្កេត​យ៉ាង លឿន និង យ៉ាងល្អិតល្អន់។ មូស្គូ​ពី​ចំណែក​ខ្លួន​បាន​អន្ថើន​អាជ្ញាធរ​អ៊ុយក្រែន ឲ្យ​ប្រើ​គ្រប់​តែ​មធ្យោបាយ​ដើម្បី ធ្វើ​អង្កេត​ប្រកប ដោយ​ប្រសិទ្ធិភាព។ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី បាន​បរិហារ​ថា ឧក្រិដ្ឋកម្ម​បង្ហូរឈាម និង​និទ្ទណ្ឌភាព​ពេញទី​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​របបក្រុងកៀវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ