អានតួអត្ថបទ

សង្គ្រាម​ពាណិជ្ជកម្ម ៖ អង្គការ​OCDE អំពាវនាវ​ឱ្យ​បញ្ឈប់​ភាពប្រទូសរ៉ាយ

​ក្នុង​ឱកាស​​បើក​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ារីស ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃព្រហស្បតិ៍នេះ​ អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហៅកាត់​ថា OCDE បាន​ធ្វើ​កា​រអំពាវនាវឱ្យគ្រប់​ភាគី​បញ្ជៀស​ការ​បង្កើន​បញ្ហា​​តាន​តឹង​ពាណិជ្ជកម្ម​ បញ្ឈប់​អរិភាព​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម។ សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​ នៅ​តែ​ប៉ុន្មាន​ម៉ោង​មុន​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​បារាំង ស្តី​អំពី​ "ការ​ស្ថាបនា​ឡើងវិញ​​សេដ្ឋកិច្ចបែប​ពហុជាតិ" និង​តែ​មួយ​ថ្ងៃ​មុន​​អាមេរិក​​ចាប់​ផ្តើម​អនុវត្ត​ទណ្ឌកម្ម​ដំឡើង​ពន្ធ​នាំ​ចូល​ដែក​ថែប​និង​អាលុយមីញ៉ូម។

ប្រធានាធិបតី​បារាំង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្កការ​OCDE
ប្រធានាធិបតី​បារាំង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្កការ​OCDE © Reuters
ផ្សាយពាណិជ្ជកម្ម

​"ក្រុមហ៊ុន​នៅ​កន្លែង​ខ្លះ​ចាប់​បាក់​ទំនុក​ចិត្ត ហើយ​ផលវិបាក​នឹង​អាច​មាន​កាន់​តែ​ធ្ងន់ធ្ងរខ្លាំង​ប្រសិន​បើ​មិន​បញ្ឈប់​បង្កើន​បញ្ហា​ទេ !" នេះ​ជា​ការ​ព្រមាន​​របស់​អគ្គលេខា​ធិការ​​អង្គការ​OCDE។​ ដោយ​មិនបន្ទោស​ចំ​ឈ្មោះ​​សហរដ្ឋ​អាមេរិក ដែល​នឹង​អាច​ផ្តើម​ដាក់​ទណ្ឌកម្ម​ដំឡើង​ពន្ធ​នាំចូល​អាលុយមីញ៉ូម​១០% និង​ដែក​ថែប​២៥% ចាប់​ពី​ថ្ងៃ​ទី ១​មិថុនា​ទៅផង ​ប្រមុខ​សេដ្ឋកិច្ច​របស់​អង្គការ​ បាន​បន្ថែម​ថា បើ​អរិភាព​នៅ​តែ​បន្ត​ប៉ោង​ឥត​ឈប់ នោះកំណើន​​សេដ្ឋកិច្ច​ដែល​ពិភពលោក​​ប្រឹង​អស់​រយៈពេល​ជិត១០​ឆ្នាំ​ នឹង​ត្រូវ​រង​គ្រោះ​យ៉ាង​ដំណំ។ តម្លៃ​ប្រេង​ឡើង​ ដែល​អាច​បង្ក​អស្ថិរភាព​​ដល់​ប្រទេស​ជាច្រើនទៀត ក៏​ជា​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​ ដោយ​​ទាមទារ​ថា ការ​សម្របសម្រួល​អន្តរជាតិ​ជា​សេចក្តី​ត្រូវ​បន្ទាន់​បំផុត ជាង​ពេល​ណា​ៗ​ទាំង​អស់។

សេចក្តី​ព្រមាន​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាននាទីមុន សុន្ទរកថា​របស់​លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង ដែល​ត្រូវ​ថ្លែង​ទៅ​កាន់​សមាជិក​អង្គការ​OCDE ទាំង​អស់ និង​ដែល​ផ្តោត​លើ​ប្រធានបទ “ស្ថាបនា​ឡើង​វិញ​សេដ្ឋកិច្ច​បែប​ពហុជាតិ”។ ប៉ុន្តែ​ចំណោទ​នៅ​ត្រង់​ថា តើឆន្ទៈ​​របស់​លោក​ម៉ាក្រុង​ នឹង​ក្លាយ​ជា​សារ ជា​ការ​​ផ្តល់​ជីវិត​ថ្មី​ដល់​អង្គការ​ OCDE និងអង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​លោក​ដូណាល់ ត្រាំ តែង​វាយប្រហារ​ដែល​ឬអត់។

ក្នុង​ពេល​រង់​ចាំ អង្គការ​ បាន​ផ្តល់​ការ​ព្យាករជា​ថ្មី​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ពិភពលោក នៅ​ឆ្នាំ​នេះ ពី ៣,៩%​ មក​ត្រឹម​៣,៨%​វិញ​ និង​រក្សា​កំរិត​កំណើន​សេដ្ឋកិច្ច​ដដែល​សម្រាប់​ឆ្នាំ​២០១៩។ ចំណែក​សេដ្ឋកិច្ច​អាមេរិក ដែល​មាន​​កំណើន​លូត​លាស់​យូរ​អង្វែង​ជាង​គេ​ នឹង​ស្គាល់​​ចម្រុង​ចម្រើន​ថែម​ទៀត ដោយ​សារ​តែ​កំណែទម្រង់​ពន្ធដារ​កាលពី​ឆ្នាំ​ទៅ ព្រម​ទាំង​មាន​កំណើន​សេដ្ឋកិច្ច​ ២,៩%​នៅ​ឆ្នាំ​នេះ និង​២,៨%​នៅ​ឆ្នាំ​ក្រោយ​ ពោល​គឺ​គ្មាន​ការ​ប្តូរ​ផ្លាស់​ឡើយ​បើ​ប្រៀប​ទៅ​នឹង​ការ​ព្យាករ​របស់​OCDE កាលពី​ខែ​មីនា។

ប៉ុន្តែ​សម្រាប់​តំបន់​អឺរ៉ូ​វិញ បន្ទាប់​ពី​ឆ្លង​កាត់​ត្រីមាស​ដំបូង​មិន​សូវ​ស្វាហាប់ អង្គការ​ព្យាករ​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ មក​ត្រឹម​២,២%​នៅ​ឆ្នាំ​នេះ ទល់​នឹង​២,៥%​​បើ​ប្រៀប​ទៅ​នឹង​ការ​ព្យាករ​កាលពី​ខែ​​មីនា។ ទាំង​បារាំង​ ទាំ​ងអាល្លឺម៉ង់ សុទ្ធ​តែ​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ទាំង​អស់ អស់​ប្រមាណ​០,៣ពិន្ទុ​នៅ​ឆ្នាំ​នេះ និង​នៅ​ដដែល​នៅ​ឆ្នាំ​២០១៩។ នេះ​បើ​តាមការ​ព្យាករ​របស់​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច OCDE៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ