អានតួអត្ថបទ
បារាំង

បារាំង៖​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ បុរស​ជនជាតិ​ម៉ាលី​ឈ្មោះ​ម៉ាមូឌូ ហ្កាសាម៉ា​បាន​ក្លាយ​ជា​វីរជន

នៅ​ក្នុង​ប្រទេស​បារាំង បុរស​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​ម៉ាលី​ឈ្មោះ ម៉ាមូឌូ ហ្កាសាម៉ា (Mamoudou Gassama) ត្រូវ​បាន​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​ទទួល​ជួប​សន្ទនា​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​អេលីសេ​នា​ថ្ងៃ​ចន្ទ ទី២៨ ឧសភា។ ជំនួប​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​បុរស​ជនជាតិ​ម៉ាលី​រូប​នេះ​បាន​ប្រថុយ​ជីវិត​ទៅ​ជួយសង្រ្គោះ​កូនក្មេង​ម្នាក់​អាយុ ៤ឆ្នាំ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី២៦ ឧសភា។ ជា​ការ​លើក​ទឹកចិត្ត លោក​ម៉ាក្រុង​បាន​សន្យា​ផ្តល់​សញ្ជាតិ​បារាំង និង​យល់ព្រម​ឲ្យ​បុរស​ម៉ាមូឌូ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​ពន្លត់​អគ្គិភ័យ និង​សង្រ្គោះ។

លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ទទួល​ជួប​បុរសជនជាតិ​ម៉ាលី Mamoudou Gassama ក្នុង​វិមាន​អេលីសេ ថ្ងៃទី២៨ ឧសភា ២០១៨
លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ទទួល​ជួប​បុរសជនជាតិ​ម៉ាលី Mamoudou Gassama ក្នុង​វិមាន​អេលីសេ ថ្ងៃទី២៨ ឧសភា ២០១៨ Thibault Camus/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​កើត​មាន​ឡើង​នៅ​យប់​ថ្ងៃ​សៅរ៍ ទី២៧ ឧសភា ក្នុង​ពេល​ដែល​មាន​កូនក្មេង​ម្នាក់​អាយុ ៤ឆ្នាំ​កំពុង​តោង​លើ​បង្កាន់​យ៉​មុខ​ផ្ទះ​សំយ៉ុង​ជើង​ចុះ​ក្រោម​មាន​កម្ពស់ ៤ជាន់។ រូបភាព​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​អ្នក​ជិតខាង​នាំ​គ្នា​ស្រែក​ផ្អើល​ឆោឡោ​ដោយ​មិន​ដឹក​រក​វិធី​អ្វី​ដើម្បី​អាច​ជួយ​ជីវិត​រូប​កូនក្មេង​នោះ។ គឺ​សម្រែក​ឆោឡោ​នេះ​ហើយ​ដែល​បាន​ឮ​ដល់​ត្រចៀក​បុរស​ជនជាតិ​ម៉ាលី​អាយុ ២២ឆ្នាំ​ឈ្មោះ​ម៉ាមូឌូ ហ្កាសាម៉ា និង​បាន​ជំរុញ​រូប​ម៉ាមូឌូ​សម្រេច​ចិត្ត​រត់​ឆ្លង​ថ្នល់ រួច​ហាក់​តោង​តាម​បង្កាន់យ៉​ដោយ​ដៃ​ទទេ​ពី​ជាន់​ទី១ ដល់​ជាន់​ទី៤ រហូត​សង្រ្គោះ​រូប​កូនក្មេង​នោះ​បាន​ទាន់​ពេល​ក្នុង​រយៈពេល​ដ៏​ខ្លី។

រូបភាព​នៃ​ការ​ប្រថុយ​ជីវិត​ដោយ​ប្រើ​តែ​កម្លាំង​របស់​បុរស​ម៉ាមូឌូ​ត្រូវ​បាន​ផ្សព្វផ្សាយ និង​មើល​តៗ​គ្នា​រាប់​លាន​នាក់​នៅ​តាម​បណ្តាញ​សង្គម Facebook។ គួរ​រម្លឹក​ជូន​ថា​មាន​អាយុ ២២ឆ្នាំ បុរស​ម៉ាមូឌូ ហ្កាសាម៉ា​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​ពី​ប្រទេស​ម៉ាលី។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ បុរស​ម៉ាមូឌូ​មិន​ត្រឹម​លែង​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​បាន​ក្លាយ​ជា​វីរជន និង​ត្រូវ​បាន​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​សន្យា​ផ្តល់​សញ្ជាតិ​បារាំង និង​យល់ព្រម​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​ពន្លត់​អគ្គិភ័យ និង​សង្រ្គោះ​ទៀត​ផង។

ការ​សន្យា​របស់​លោក​ម៉ាក្រុង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​បុរស​ម៉ាមូឌូ​ក្នុង​វិមាន​អេលីសេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៨ ឧសភា។ « លោក​បាន​ក្លាយ​ជា​គំរូ​ម្នាក់ ព្រោះ​មាន​មនុស្ស​រាប់លាន​បាន​ឃើញ​ទង្វើ​របស់​លោក។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​បារាំង​ត្រូវ​ថ្លែង​អំណរគុណ » នេះ​ជា​សម្តី​របស់​លោក​ម៉ាក្រុង​និយាយ​ទៅ​កាន់​បុរស​ម៉ាមូឌូ។ គ្រាន់​តែ​មួយ​ប៉ប្រិចភ្នែក បុរស​ម៉ាមូឌូ​បាន​ក្លាយ​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទៅ​ជា​វីរជន​គំរូ​ម្នាក់​សម្រាប់​ពលរដ្ឋ​បារាំង​ទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ