អានតួអត្ថបទ
បារាំង

បារាំង៖​ឩនភាព​ថវិកាជាតិ​មាន​អត្រា​ក្រោម ៣% ដែល​ជា​កម្រិត​កំណត់​ដោយ​សហភាពអឺរ៉ុប

នៅ​ក្នុង​ប្រទេស​បារាំង វិទ្យាស្ថានជាតិ​ផ្នែក​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី២៦ មីនា​នេះ​ថា អត្រា​នៃ​ឩនភាព​ថវិកាជាតិ​សម្រាប់​ឆ្នាំ ២០១៧ កន្លង​ទៅ​មាន ២,៦% នៃ​ផលិផល​សរុប​ក្នុង​ស្រុក ពោល​តិច​ជាង​ការ​ប្រមើល​ទុក​ចំនួន ០,៣%។ គិត​តាំង​ពី​ឆ្នាំ ២០០៧ នេះ​ជា​លើកទី១ ដែល​ឩនភាព​ថវិកាជាតិ​របស់​បារាំង​ស្ថិត​ក្រោម ៣% ដែល​ជា​កម្រិត​កំណត់​ដោយ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប។ ក្នុង​ឆ្នាំ ២០១៦ អត្រា​នៃ​ឩនភាព​ថវិកាជាតិ​របស់​បារាំង​មាន​ដល់​ទៅ ៣,៤%។

Selon les prévisions de l'Insee, l'économie française devrait croître de 0,4% au premier trimestre de 2016.
Selon les prévisions de l'Insee, l'économie française devrait croître de 0,4% au premier trimestre de 2016. AFP PHOTO / THOMAS SAMSON
ផ្សាយពាណិជ្ជកម្ម

អត្រា​ផ្លូវការ​នៃ​ឩនភាព​ថវិកាជាតិ​របស់​បារាំង​សម្រាប់​ឆ្នាំ ២០១៧ មាន​ត្រឹម ២,៦% ពោល​តិច​ជាង​ការ​រំពឹង​ទុក​ដែល​មាន ២,៩%។ តាម​វិទ្យាស្ថានជាតិ​ផ្នែក​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ច​ហៅកាត់​ថា l’Insee គឺ​កំណើន​ចំណូលពន្ធ​ដែល​បាន​អនុញ្ញាត​ឲ្យ​ឩនភាព​ថវិកាជាតិ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ២០១៧ ហើយ​កំណើន​ចំណូលពន្ធ​ដែល​ទទួល​បាន​ក៏​ដោយសារ​តែ​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​មាន​អំណោយផល​ល្អ។ គឺ​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​ល្អ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​បារាំង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជាង ២% ក្នុង​ឆ្នាំ ២០១៧។

l’Insee បាន​កត់​សម្គាល់​ឃើញ​ថា ឩនភាព​ថវិកាជាតិ​ធ្លាក់​ចុះ​មិន​បាន​ធ្វើ​ឲ្យ​បំណុល​សាធារណៈ​ធ្លាក់​ចុះ​ទេ ផ្ទុយ​ទៅ​វិញ មាន​ការ​កើន​ឡើង​បន្តិច​ក្នុង​ឆ្នាំ ២០១៧ ធៀប​នឹង​ឆ្នាំ ២០១៦។ នា​ដំណាច់​ឆ្នាំ ២០១៧ បារាំង​មាន​អត្រា​បំណុល​ដល់​ទៅ ៩៧% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ពោល​ច្រើន​ជាង​ឆ្នាំ ២០១៦ ដែល​មាន​ត្រឹម ៩៦,៦% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ បើ​និយាយ​ជា​ទឹកលុយ គឺ​មាន ២ ២១៨ ០០០លានអឺរ៉ូ​ក្នុង​ឆ្នាំ ២០១៧ ទល់​នឹង ២ ១៥២ ០០០លានអឺរ៉ូ​ក្នុង​ឆ្នាំ ២០១៦។ លោក Bruno Le Maire រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា ឩនភាព​ថវិកាជាតិ​ក្នុង​ឆ្នាំ ២០១៨ នឹង​មាន ២,៨% ដែល​ជា​កម្មវត្ថុ​មាន​ចែង​នៅ​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ ២០១៨ និង ២០២២។

ទោះ​ជា​យ៉ាង​នេះ​ក្តី អត្រា​នៃ​ឩនភាព​ថវិកាជាតិ​ស្ថិត​ក្រោម ៣% ជា​ដំណឹង​ល្អ​មួយ​សម្រាប់​រដ្ឋាភិបាល ព្រោះ​វា​ជា​កម្រិត​មួយ​ដែល​កំណត់​ដោយ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប។ សូម​ជម្រាប​ជូន​ថា បារាំង​ជា​ប្រទេស​អឺរ៉ុប​ចុង​ប៉ូច​គេ​ជាមួយ​ប្រទេស​អេស្ប៉ាញ​ដែល​មាន​ឩនភាព​ថវិកាជាតិ​លើស​ពី ៣%។ តាម​ធម្មតា អឺរ៉ុប​ត្រូវ​ពិន័យ​សមាជិក​ណា​ដែល​អត្រា​ឩនភាព​ថវិកាជាតិ​លើស​ពី ៣%។ តែ​កន្លង​មក អឺរ៉ុប​តែង​ទុក​ពេល ១ឆ្នាំ ឬ ២ឆ្នាំ​ដល់​ប្រទេស​ខ្លះ​ឲ្យ​ប្រឹងប្រែង​នាំ​អត្រា​ឩនភាព​ថវិកាជាតិ​មក​នៅ​ក្រោម ៣%។ ជាក់ស្តែង អឺរ៉ុប​បាន​ពន្យារ​ពេល​ឲ្យ​បារាំង​ចំនួន ២ឆ្នាំ គឺ ២០១៣ និង ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ