អានតួអត្ថបទ
អេស្ប៉ាញ

មហាបាតុកម្ម​នៅក្រោយ​រដ្ឋាភិបាល​អេស្ប៉ាញ​ប្រកាស​ច្បាម​យក​គ្រប់គ្រង តំបន់​កាតាឡូញ៉ា

នាយករដ្ឋមន្រ្តី​អេស្ប៉ាញ លោក​ម៉ារីយ៉ាណូ រ៉ាហយ នៅថ្ងៃ​សៅរ៍ទី​២១ តុលា បាន​ប្រកាស​អនុវត្ត​មាត្រា​ទី ១៥៥​នៃ​រដ្ឋធម្មនុញ្ញ ដែល​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ ផ្អាកព្យួរ​ស្វ័យភាព​របស់​រដ្ឋាភិបាល​តំបន់​កាតាឡូញ៉ា។ ដោយ​មិន​បង្អែរបង្អង់​យូរ នៅ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការប្រកាស​របស់​ប្រមុខរដ្ឋាភិបាល​អេស្ប៉ាញ ចលនា​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​ស្វយ័ត កាតាឡូញ៉ា​បាន​រៀបចំ​មហាបាតុកម្ម ប្រឆាំង​នឹង​វិធានការ​របស់រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ។

មហាបាតុកម្ម​របស់​ក្រុម​ទាមទារ​ឯករាជ្យ​នៅ​កាតាឡូញ៉ា នៅថ្ងៃ​សៅរ៍​ទី ២១​តុលា បន្ទាប់​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​ប្រកាស​អនុវត្ត​មាត្រា​១៥៥​ដើម្បី​ព្យួរ​ស្វ័យភាព​តំបន់​កាតាឡូញ៉ា
មហាបាតុកម្ម​របស់​ក្រុម​ទាមទារ​ឯករាជ្យ​នៅ​កាតាឡូញ៉ា នៅថ្ងៃ​សៅរ៍​ទី ២១​តុលា បន្ទាប់​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​ប្រកាស​អនុវត្ត​មាត្រា​១៥៥​ដើម្បី​ព្យួរ​ស្វ័យភាព​តំបន់​កាតាឡូញ៉ា © REUTERS/Ivan Alvarado
ផ្សាយពាណិជ្ជកម្ម

ទៅតាម​ការអំពាវនាវ​របស់​សមាគម​ដើម្បី​ឯករាជ្យ​របស់​តំបន់​កាតាឡូញ៉ា មនុស្ស​ជាង ៤សែន ៥ម៉ឺននាក់ បាន​ចូលរួម​ក្នុង​ក្បួន​មហាបាតុកម្ម។ នេះ​បើតាម​តួលេខ​ផ្តល់​ដោយ​ប៉ូលិស​ជាតិ​កាតាឡូញ៉ា។ ជាមួយ​នឹង​ទង់ជាតិ​កាតាឡូញ៉ា ក្រុមបាតុករ​បាន​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​ថ្នាក់ដឹកនាំ​ពីរ​រូប របស់​សមាគម ដែល​ត្រូវ​បាន​អាជ្ញាធរ​អេស្ប៉ាញ ចាប់ឃុំខ្លួន និង​ចោទប្រកាន់​ពី​បទ​បំបះបំបោរ​ឲ្យ​ផ្តាច់ទឹកដី​នៅ​អេស្ប៉ាញ។

មហាបាតុកម្ម​នៅទីក្រុង​បាសឺឡូន ធ្វើ​ឡើង​នៅ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ លោកនាយក​រដ្ឋមន្រ្តី អេស្ប៉ាញ ម៉ារីយ៉ាណូ រ៉ាហយ ប្រកាស​អនុវត្ត​មាត្រា​ទី ១៥៥ នៃ​រដ្ឋធម្មនុញ្ញ។ អំណើះតទៅ រដ្ឋាភិបាល​នៅ​តែ​ចាំ​ភ្លើងខៀវ​ពី​ព្រឹទ្ធសភា​អេស្ប៉ាញ តែប៉ុណ្ណោះ ដើម្បី​ផ្អាកព្យួរ ជាផ្លូវការ ស្វ័យភាព​តំបន់​កាតាឡូញ៉ា។

ប្រមុខ​ដឹកនាំ​កាតាឡូញ៉ា លោក Carles Puigdemont មិនទទួល​ស្គាល់​ការសម្រេច​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​ដែល​លោក​ចាត់ទុក​ថា ជា​ការំលោភ​សិទ្ធិ​តំបន់​កាតាឡូញ៉ា ដែលគេ​មិនធ្លាប់ ជួបប្រទះ តាំង​ពី​ របប​ផ្តាច់ការ Franco បាន​ដួលរលំ នៅ​អេស្ប៉ាញ។ នៅក្នុង​សន្ទរកថា ធ្វើឡើង​ក្នុង​បីភាសា គឺ​កាតាឡូញ៉ា អេស្ប៉ាញ និង​អង់គ្លេស​ដើម្បី​សំដៅ​ដល់​សហភាព​អឺរុប លោក Carles Puigdemont បាន​ព្រមាន​ផងដែរ​ថា តំលៃ​របស់អឺរ៉ុប កំពុង​រងគ្រោះថ្នាក់​ធំ។

នៅ​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ មេដឹកនាំ​កាតាឡូញ៉ា មិន​បាន​ប្រកាស​ទាមទារ​ឯករាជ្យទេ ប៉ុន្តែ បាន​អំពាវនាវ​ឲ្យ​មាន​ការកោះប្រជុំ​ជា​បន្ទាន់ សភាតំបន់​កាតាឡូញ៉ា ដើម្បី​ចាត់វិធានការ ឆ្លើយតប​នឹង​ការរឹបអូស​អំណាច​ពី​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ។

ទៅតាម​ការគ្រោងទុក រដ្ឋាភិបាល​អេស្ប៉ាញ នឹង​ច្បាម​យក​អំណាច ពី​រដ្ឋាភិបាល​កាតាឡូញ៉ា មកគ្រប់គ្រង​ជា​បណ្តោះអាសន្ន មុន​នឹង​រៀបចំ​ការបោះឆ្នោត មុន​កាល​កំណត់ ដើម្បី ជ្រើសរើស​រដ្ឋាភិបាល​ថ្នាក់តំបន់​ថ្មី ជំនួស​រដ្ឋាភិបាល​របស់​លោក​ Carles Puigdemont ដែល​បាន​ទាមទារ​ឯករាជ្យ ចង់​ផ្តាច់ខ្លួន​ពី​អេស្ប៉ាញ។ ក្រៅតែ​ពី​ផ្នែក​រដ្ឋបាល រដ្ឋាភិបាល​អេស្ប៉ាញ នឹង​ចូល​ទៅ​គ្រប់គ្រង​ផងដែរ ប៉ូលិស ថ្នាក់​តំបន់​កាតាឡូញ៉ា បន្ទាប់​ពី​មេប៉ូលិស​របស់​តំបន់​នេះ ត្រូវ​បាន​អេស្ប៉ាញ ចាប់ខ្លួន និង​ចោទ​ប្រកាន់ ពី​បទ បំបះបំបោរ ដោយសារ​តែ​មិនបាន​ទប់ស្កាត់ ការរៀបចំ​បោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ កាល​ពី​ថ្ងៃទី ១​តុលា​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ