អានតួអត្ថបទ
អ៊ុយក្រែន

លោក​ដូណាល់ ត្រាំ​ថា គ្មាន​ការ​សម្រាល​ទ័ណ្ឌកម្ម​លើ​រុស្ស៊ី​ទេ បើ​វិបត្តិ​អ៊ុយក្រែន និង​ស៊ីរី​មិន​ទាន់​បាន​ដោះស្រាយ

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres និង​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ុយក្រែន​នា​ថ្ងៃ​អាទិត្យ ទី៩ កក្កដា។ លោក Antonio បាន​អំពាវនាវ​ដល់​រដ្ឋអំណាច​អ៊ុយក្រែន និង​ក្រុម​បះបោរ​គំាំទ្រ​ដោយ​រុស្ស៊ី​នៅ​ប៉ែក​ខាង​កើត​ឲ្យ​គោរព​ត្រឹមត្រូវ​លើ​បទ​ឈប់​បាញ់​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ចុង​ក្រោយ។ រីឯ​លោក Tillerson បាន​អំពាវនាវ​ត្រង់​ដល់​រុស្ស៊ី​ឲ្យ​គោរព​មុន​គេ​លើ​បទ​ឈប់​បាញ់​នោះ។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ព្រមាន​ត្រង់ៗ​ថា នឹង​គ្មាន​ការ​សម្រាល​ទ័ណ្ឌកម្ម​លើ​រុស្ស៊ី​ទេ ប្រសិន​បើ​ស្ថានការណ៍​នៅ​អ៊ុយក្រែន និង​នៅ​ស៊ីរី​មិន​ទាន់​បាន​ដោះស្រាយ​ទេ​នោះ។

Sergei SUPINSKY / AFP
ផ្សាយពាណិជ្ជកម្ម

« យើង​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​មាន ហើយ​យើង​សូម​អំពាវនាវ​ឲ្យ​គោរព​បទ​ឈប់​បាញ់​ពិត​ប្រាកដ » នេះ​ជា​ការ​ថ្លែង​របស់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres នា​ដំណើរ​ទស្សនកិច្ច​ក្នុង​ទឹកដី​អ៊ុយក្រែន។ ចំណែក​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​ដំណាល​គ្នា​នឹង​លោក Antonio បាន​និយាយ​ត្រង់ៗ​ដោយ​មិន​លាក់លៀម​ថា វា​ជា​រឿង​ចាំ​បាច់​បំផុត​ដែល​រុស្ស៊ី​ត្រូវ​បោះ​ជំហាន​មុន​គេ​ដើម្បី​រំងាប់​ភាព​តានតឹង​នៅ​ប៉ែកខាងកើត​អ៊ុយក្រែន ពិសេស​ការ​គោរព​បទ​ឈប់បាញ់ និង​ការ​ដក​ហូត​សម្ភារៈ​យោធា។ លោក Tillerson បាន​បន្ថែម​ដោយ​ស្នើ​រុស្ស៊ី​ឲ្យ​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk និង​សុំ​ឲ្យ​រុស្ស៊ី​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដាក់​គំនាប​លើ​ក្រុម​បះបោរ។

អ្វី​ដែល​លោក Antonio និង​លោក Tillerson ចង់​បាន​ពេល​នេះ គឺ​ការ​គោរព​បទ​ឈប់​បាញ់​ចុង​ក្រោយ​ដែល​ភាគី​ជម្លោះ​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃទី២៤ មិថុនា​កន្លង​ទៅ។ ដោយឡែក ជួន​ចំ​ពេល​ដែល​លោក ប្រមុខ​ការទូត​អាមេរិក​កំពុង​ស្ថិត​ក្នុង​ទឹកដី​អ៊ុយក្រែន លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ដែល​ទើប​ត្រឡប់​ពី​ការ​ចូលរួម​ជំនួបកំពូល G២០ ក្នុង​ទឹកដី​អាល្លឺម៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​សង្កត់​រុស្ស៊ី​បន្ថែម​ពី​ទីក្រុង​វ៉ាស៊ីតោន​ថា ដរាប​ណា​វិបត្តិ​អ៊ុយក្រែន និង​ស៊ីរី​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ទេ នោះ​នឹង​គ្មាន​ការ​សម្រាល​ទ័ណ្ឌកម្ម​លើ​រុស្ស៊ី​ឡើយ។ សូម​ជម្រាប​ជូន​ថា លោក​ដូណាល់ ត្រាំ​បាន​ជួប​សន្ទនា​ផ្ទាល់ និង​ជា​លើក​ទី១​ជាមួយ​សមភាគី​រុស្ស៊ី​លោក​ពូទីន​នា​ជំនួបកំពូល G២០ តែ​ឥស្សរជន​ទាំង​ពីរ​មិន​បាន​និយាយ​ពី​រឿង​ទ័ណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ទេ។

តែ​នា​ឱកាស​មាន​វត្តមាន​ក្នុង​ទឹកដី​អាល្លឺម៉ង់ លោក​ពូទីន​ឆ្លៀត​បញ្ជាក់​ជា​ថ្មី​ថា រុស្ស៊ី​មិន​បាន​លូកដៃ​ជួយ​គាំទ្រ​ក្រុម​បះបោរ​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ដូច​ការ​ចោទ​ប្រកាន់​របស់​បស្ចិមលោក​ទេ និង​ថា ទ័ណ្ឌកម្ម​ដាក់​លើ​រុស្ស៊ី​មាន​លក្ខណៈ​ការពារនិយម​កំបាំង​មុខ។ គួរ​រម្លឹក​ជូន​ថា ជម្លោះ​រវាង​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុម​បះបោរ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០១៤ ដោយ​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល និង​យោធា​ទាំង​សងខាង​ជាង ១០ ០០០នាក់។ មាន​កិច្ចព្រមព្រៀង​សន្តិភាព និង​បទឈប់​បាញ់​ជា​ច្រើន​ត្រូវ​បាន​ភាគី​ជម្លោះ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​បាន​ចុះ​ហត្ថលេខា តែ​ត្រូវ​បាន​រំលោភ និង​មិន​សូវ​បាន​គោរព​ឲ្យ​បាន​ពេញលេញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ