អានតួអត្ថបទ

អ៊ីតាលី​គំរាម​បិទ​កំពង់​ផែ​បើ​គ្មាន​អ្នក​​​ជួយ​សម្រាល​បន្ទុក​អន្តោប្រវេសន៍

សហភាព​អឺរ៉ុប បាន​បង្ហាញ​សាមគ្គីភាព​ជាមួយ​អ៊ីតាលីតែ​រហូត​មក ក្នុង​វិបត្តិអន្តោប្រវេសន៍ ប៉ុន្តែ​គ្មាន​ទេដំណោះស្រាយ។ ក្នុង​បរិបទ​បែប​នេះ ក្រុង​រ៉ូម​អស់​សេចក្តី​អត់​ធ្មត់​បានប្រកាស​គំរាម​ថា​នឹង​បិទ​កំពង់​ផែ​របស់​ខ្លួន ប្រសិន​បើ​គ្មាន​ប្រទេស​ណា​ព្រម​ជួយ​​​សម្រាល​បន្ទុក និង​​គ្មាន​ការ​អនុវត្ត​​កម្មវិធី​បែងចែក​អន្តោប្រវេសន៍​កំណត់​ដោយ​អឺរ៉ុប​​ទេនោះ។

គិត​តាំង​ពី​ដើម​ឆ្នាំ​២០១៧​មក​ ONGសង្គ្រោះអន្តោប្រវេសន៍​ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ បាន​ជាង​៦ពាន់​នាក់​
គិត​តាំង​ពី​ដើម​ឆ្នាំ​២០១៧​មក​ ONGសង្គ្រោះអន្តោប្រវេសន៍​ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ បាន​ជាង​៦ពាន់​នាក់​ Reuters/Yannis Behrakis
ផ្សាយពាណិជ្ជកម្ម

តើ​សហភាព​អឺរ៉ុប​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ជួយប្រទេស​ជា​សមាជិក​មួយ​ដែល​ស្រែក​អស់​សមត្ថភាព​ទ្រាំ​លែងបាន​ហើយ ? ​អ៊ីតាលីត្រូវ​ការ​អ្នក​ជួយ​សម្រាល​បន្ទុក ចង់​ឱ្យ​កម្មវិធីបែងចែក​អន្តោប្រវេសន៍​កំណត់​ដោយ​សហភាព​អឺរ៉ុបចាប់​ដំណើរការ។

តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក គណៈកម្មការ​អឺរ៉ុប​ បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែម​ថ្មី​ទៀត ដូច​ជា​ជំនួយ​ហិរញ្ញវត្ថុ សម្ភារៈ និង​បទ​បញ្ជា​ថ្មី​នៃ​ការ​ទទួល​សង្គ្រោះមនុស្ស​ពី​សមុទ្ទ។ កាលពី​ថ្ងៃ​សុក្រ​ពី​ប្រទេស​អេស្តូនី ប្រធានផ្លាស់​វេន​សហភាព​អឺរ៉ុប លោក Jean Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​រំលឹក​​ថា​អ៊ីតាលី​និង​ក្រិក​មិន​អាចនៅ​តែ​ម្នាក់​ឯង​ទេ។ លោក​ប្រកាស​ផ្តល់​ថវិកា​១០ពាន់​លានអឺរ៉ូ​​សម្រាប់​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍ ឆ្នាំ​​២០១៦-២០១៧។ ឆ្មាំ​សមុទ្ទ​៣០០​នាក់ ត្រូវ​បាន​ពង្រាយ​​ទៅ​អ៊ីតាលី និង​៨០០​នាក់​ទៅក្រិក។ លោក Juncker ត្រៀម​ជា​ស្រេច​នឹង​ពិចារណា​ថា​តើ​ធ្វើ​ម្តេច​អាច​​ជួយ​សមាជិក​ទាំងពីរនេះថែមទៀត។

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃអឺរ៉ុប ដែល​នឹង​​ជួប​ប្រជុំ​គ្នាក្រៅ​ផ្លូវការ​ នៅ​ចុង​សប្តាហ៍ក្រោយ​​នេះ សុទ្ធ​តែ​បាន​លើក​ឡើង​អំពី​ភាព​ចាំ​បាច់​នៃ​សាមគ្គីភាព​ជាមួយ​អ៊ីតាលី​ ប៉ុន្តែ​ទំនងជា​មិន​អាច​សម្រេច​សេចក្តីអ្វី​សំខាន់បាន​ទេ ឧបសគ្គ​នៅ​តែមាន​ដូចទម្លាប់។ ដើម្បី​ជា​ការ​ត្រៀម​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង អ៊ីតាលី អាល្លឺម៉ង់ ព្រមទាំង​ឧត្តមស្នងការ​អឺរ៉ុប​ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃល្ងាច​​អាទិត្យ​ទី​២​កក្កដា​នេះ នៅ​ទីក្រុង​ប៉ារីស។

បើ​មាន​តែ​ពាក្យ​ តែ​គ្មាន​សកម្មភាព​ ​​អ៊ីតាលី​មាន​តែ​​បិទ​កំពង់​ផែ​របស់​ខ្លួន​។ តើ​អ៊ីតាលី​មាន​សិទ្ធិធ្វើ​យ៉ាង​ដូច្នេះ​​​ដែរឬទេ ? នេះ​ហើយ​ជា​បញ្ហា​ ព្រោះ​ថាច្បាប់​អឺរ៉ុប​ មាន​ចែង​តែ​លើ​ប្រតិបត្តិការ​របស់​ភ្នាក់ងារ​ព្រំដែន​អឺរ៉ុប Frontexប៉ុណ្ណោះ។ ឯ​ច្បាប់​អន្តរជាតិ​មានចែង​​ត្រឹម​ឱ្យ​ប្រទេស​ជា​សមាជិក​សន្យា​ដោះស្រាយ​តាម​សម្រួល​និងតាម​​ការ​យោគយល់​គ្នា។ ហើយ​ជា​ចុងក្រោយ​បើ​តាម​ច្បាប់​ចរាចរណ៍​សមុទ្ទ​និង​អន្តោប្រវេសន៍ គេ​មិន​អាច​រុញ​​ទូក​អន្តោប្រវេសន៍​ទៅ​ប្រភព​ដើម​វិញ ដូចយ៉ាង​ប្រទេស​លីប៊ី ដែល​គ្មាន​លក្ខន្តិកៈ​ជា​ប្រទេស​មាន​សន្តិសុខពិតនោះ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ