អានតួអត្ថបទ
អង់គ្លេស

ភេរវកម្ម​នៅ Manchestre៖​ប៉ូលិស​អង់គ្លេស​បន្ត​ការស៊ើបអង្កេត និង​ស្នើ​អាមេរិក​ឲ្យ​ឈប់​ទម្លាយ​ព័ត៌មាន

នៅ​ក្នុង​ប្រទេស​អង់គ្លេស ជាង ៤៨ម៉ោង​ក្រោយ​ភេរវកម្មអត្តឃាត​សម្លាប់​មនុស្ស ២២នាក់ និង​របួស​ប្រមាណ​ជា ៦០នាក់​នៅ​រង្គសាល​ក្នុង​ក្រុង Manchester មក ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម និង​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់។ ប៉ូលិស​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ច្រើន​នាក់ និង​បាន​ចូលឆែកឆេរ​លំនៅដ្ឋាន​ច្រើន​កន្លែង​ក្នុង​ក្រុង Manchester។ ប៉ូលិស​កំពុង​បន្ត​ស៊ើបអង្កេត​លើ​មនុស្ស​ជំនិត​របស់​ភេវជនអត្តឃាត​ជនជាតិ​អង់គ្លេស​ដើមកំណើត​លីប៊ី។ ទន្ទឹម​គ្នា​នេះ ប៉ូលិស​ក៏​បាន​ស្នើ​រដ្ឋអំណាច​អាមេរិក​ឲ្យ​ឈប់​ទម្លាយ​ព័ត៌មាន​ដែល​នាំ​ឲ្យ​រំខាន​ដល់​ការ​ស៊ើបអង្កេត។

ភេរវកម្ម​នៅ Manchestre៖​ប៉ូលិស​អង់គ្លេស​បន្ត​ការស៊ើបអង្កេត និង​ស្នើ​អាមេរិក​ឲ្យ​ឈប់​ទម្លាយ​ព័ត៌មាន
ភេរវកម្ម​នៅ Manchestre៖​ប៉ូលិស​អង់គ្លេស​បន្ត​ការស៊ើបអង្កេត និង​ស្នើ​អាមេរិក​ឲ្យ​ឈប់​ទម្លាយ​ព័ត៌មាន REUTERS/Stefan Wermuth
ផ្សាយពាណិជ្ជកម្ម

ការ​ស៊ើបអង្កេត​កំពុង​បន្ត​យ៉ាង​សកម្ម ហើយ​ក្រុម​អ្នកស៊ើបអង្កេត​បាន​ផ្តោត​ការ​ស៊ើបអង្កេត​លើ​ក្រុម​មនុស្សជំនិត​នឹង​ភេរវជនអត្តឃាត​ឈ្មោះ សាលម៉ាន អាបេឌី​ជនជាតិ​អង់គ្លេស​ដើមកំណើត​លីប៊ី។ ការ​តម្រង់​លើ​ក្រុម​មនុស្សជំនិត​នឹង​របស់​សាលម៉ាន​ក៏​ដោយសារ​តែ​ក្រុម​អ្នកស៊ើបអង្កេត​យល់​ថា សាលម៉ាន​មិន​អាច​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​បាន​ទេ ហើយ​គ្រាប់បែក​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ដែល​សាលម៉ាន​បាន​ប្រើ​ក៏​អាបេឌី​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​ជំនួយ​ពី​អ្នក​ផ្សេង​ដែរ។ មនុស្ស​ជំនិត​ដែល​ជា​ផ្ទាំងស៊ីប​របស់​ប៉ូលិស គឺ​បងប្រុស និង​ឱពុក​របស់​សាលម៉ាន​ដែល​ទើប​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី។

បងប្រុស​សាលម៉ាន​ឈ្មោះ​ហាសេម​ដែល​ប្រកាស​សារភាព​ជា​សមាជិក​របស់​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រាប់​ភ្នាក់ងារ​សន្តិសុខ​លីប៊ី​ថា រូប​គេ​បាន​ស្ថិត​ក្នុង​ទឹកដី​អង់គ្លេស​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​អាបេឌី​ធ្វើ​ភេរវកម្មអត្តឃាត​នៅ​ក្រុង Manchester និង​បាន​ដឹង​មុន​ពី​ផែនការ​របស់​ប្អូនប្រុស​ខ្លួន។ ស្រប​ពេល​គ្នា​នេះ ក្រុមប៉ូលិស​បន្ត​ចាប់​ខ្លួន និង​បន្ត​ធ្វើ​ការ​ចូល​ឆែរឆេរ​លើ​លំនៅដ្ឋាន​សន្ស័យ​ជា​ច្រើន​នៅ​ប៉ែក​ខាងជើង​ក្រុង Manchester។ ដោយឡែក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ឧសភា រដ្ឋអំណាច​អង់គ្លេស​បាន​សម្តែង​ការ​សោកស្តាយ​លើ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​បែក​ធ្លាយ​នៅ​លើ​បណ្តាញ​សារព័ត៌មាន​បរទេស ពិសេស​សារព័ត៌មាន​នៅ​អាមេរិក។

តាម​រដ្ឋអំណាច​អង់គ្លេស ការ​ចុះ​ផ្សាយ​ព័ត៌មាន​មុន​គេ​របស់​កាសែត​អាមេរិកាំង​ទាក់ទង​នឹង​អត្តសញ្ញាណ និង​ប្រវត្តិ​របស់​ភេរវជនអត្តឃាត ឬ​ព័ត៌មាន​សម្ងាត់​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើបអង្កេត។ នៅ​ត្រង់​ចំណុច​នេះ លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អង់គ្លេស​បាន​លើក​យក​ទៅ​និយាយ​ជាមួយ​សមភាគី​អាមេរិក និង​បាន​ស្នើ​ដល់​បណ្តាញ​សារព័ត៌មាន​ងាមេរិក​ឲ្យ​ឈប់​ទម្លាយ​ព័ត៌មាន​ខ្លះ​ដែល​រំខាន​ដល់​ការ​ស៊ើបអង្កេត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ