អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

អាមេរិក​​គ្រោង​​នឹង​​បញ្ជូន​​​ប្រព័ន្ធ​​ខែល​​ការពារ​​មីស៊ីល​ Patriot ​​ទៅ​​​​តំបន់​ Baltes ​

អាមេរិក​គ្រោង​នឹង​បញ្ជូន​ជា​បណ្តោះអាសន្ន​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ ឈ្មោះ Patriot ទៅ​កាន់​បណ្តា​​ប្រទេស​ក្នុង​តំបន់​Baltes ដើម្បី​ការ​ធ្វើ​សមយុទ្ធ​របស់​​អូតង់​នៅ​រដូវ​ក្តៅ​​នេះ-នេះ​ជា​ការ​បញ្ជាក់ ​របស់​បណ្តា​អ្នក​ទទួល​ខុសត្រូវ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​កិច្ច​ ការពារជាតិ​​នៅ​ក្រុង Vilnius ​ប្រទេស​ Lituanie ។​

ទាហាន​​អាមេរិក​កំពុង​ត្រួតពិនិត្យ​​​ប្រព័ន្ធ​​​ខែល​កា​រពារ​មីស៊ីល ​Patriot​
ទាហាន​​អាមេរិក​កំពុង​ត្រួតពិនិត្យ​​​ប្រព័ន្ធ​​​ខែល​កា​រពារ​មីស៊ីល ​Patriot​ REUTERS/Franciszek Mazur/Agencja Gazeta
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​កិច្ច​ការពារជាតិ​​កាលពី​​យប់​​ថ្ងៃ​​អង្គារ​​មុន​ដល់​ក្រុម​អ្នកកាសែត​- គម្រោង​ដាក់​ពង្រាយប្រព័ន្ធ​​ខែល​​ការពារ​​មីស៊ីល​​របស់​​អាមេរិក​​ឈ្មោះ Patriot នៅ​ក្នុង​បណ្តា​ប្រទេស​​​​តំបន់​  Baltes ​នឹង ​ត្រូវ​​អន្តរាគម​ន៍​​នៅ​​ក្នុង​ក្របខណ្ឌ​​សមយុទ្ធ​ពហុជាតិ​របស់​​អង្គការ​អូតង់​​ក៏​ព្រមទាំង​នៅ​ក្នុង​បរិបថ​​នៃ​​ភាព​តានតឹង​​ជាមួយ​នឹង​​រុស្ស៊ី​។​​

 

រុស្ស៊ី​ ក៏​មាន​កម្មវិធី​សមយុទ្ធ​ដ៏​សំខាន់​​របស់​ខ្លួន​ដែរ​​នៅ​ខែ​កញ្ញា​ខាង​មុខ​នៅ​ប្រទេស​ Belarus និង​នៅ​Kaliningrad ទឹកដី​មួយ​ដុំ​របស់​រុស្សី​នៅ​​តំបន់ Baltes ​ដែល​​ស្ថិត​នៅ​ចន្លោះ​ប្រទេស​Lituanie និង​Pologne។

 

សមយុទ្ធ​របស់​រុស្ស៊ី​ដែល​ប្រសិទ្ធិនាម​ក្រោម​ឈ្មោះ​ថា”​Zapad ក៏​ជា​ឱកាស​មួយ​សម្រាប់​រុស្ស៊ី​ដែរ ​ក្នុង​ការដាក់​​បង្ហាញ​ជូន​​សម្ភារៈ​យោធា​ថ្មីៗ​របស់​​រុស្ស៊ី​ ​ក៏ព្រម​ទាំង​ការ​ធ្វើ​ទំនើបកម្ម​នៅ​លើ​សម្ភារៈយោធា​ដែល​មាន​ស្រាប់​ហើយ​នៅ​ក្នុង​តំបន់​យោធា​ប៉ែក​ខាង​លិច​​រុស្ស៊ី។

គួររំលឹកថា​ កាលពី​ឆ្នាំ​ទៅ​មិញ ទីក្រុង​មូស្គូ បាន​ដាក់​ពង្រាយ​មីស៊ីល Iskander ​នៅ​ក្នុង​តំបន់​ Kaliningrad។ គឺ​ជាមីស៊ីល ដែល​អាច​ដឹក​ក្បាល​គ្រាប់នុយក្លេអ៊ែរ ។ ការដាក់ពង្រាយ​មីស៊ីលធុននេះហើយ ដែល​បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​និង​អង្គការ​អូតង់ ​មាន​ការ​ខឹង​ក្រេវក្រោធ។

នៅ​ Lituanie កាលពី​យប់​ថ្ងៃ​ពុធម្សិលមិញ​ លោក  Jim Mattis ​ បាន​ជួប​ប្រាស្រ័យ​ជាមួយ​ពលទាហាន​មួយ​កង​វរសេនា​តូច​ចម្រុះ​ជាតិ​សាសន៍ដែលស្ថិតនៅ​ក្រោម​បញ្ជាការ​របស់​អាល្លឺម៉ង់។ នៅ​ឱកាសនោះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​ចាត់​ទុក​ថា ការ​ដែលរុស្ស៊ី ដាក់​ពង្រាយ​មីស៊ីល​ធុន Iskander​នៅ​ក្នុង​តំបន់ Kaliningrad ​គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​អស្ថិរភាពនៅ​ក្នុង​តំបន់។​

គួររំលឹកថា ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​នៅ​​ប្រទេស​Lituanie គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​ដែរ​របស់​លោក​នៅ​​អឺរ៉ុប​ខាង​កើត​ចាប់​តាំង​ពី​លោក​បាន​ឡើង​កាន់​មុខ​តំណែង​ជារដ្ឋមន្ត្រីក្រសូងការពារជាតិអាមេរិក។ ម្យ៉ាងទៀត នៅ​ក្នុង​ជំនួប​ប្រាស្រ័យ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​និង​ប្រធានាធិបតី Lituanie លោក Grybauskaite ឥស្សរជន​នយោបាយ​ទាំង​ពីរ​ប្រទេស បាន​ធ្វើការ​រិះគន់​យ៉ាង​ត្រង់​ៗ​ទៅ​លើ​​នយោបាយ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​នៅ​ក្នុង​តំបន់ Baltes៕​

 

​​

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ