អានតួអត្ថបទ
រុស្ស៊ី-ភេរវនិយម​

រុស្ស៊ី​​​អំពាវនាវ​​​ពិភព​លោក​​​ឲ្យ​​រួបរួមគ្នា​​​ប្រឆាំង​​​”ភេរវនិយម”​​​

លោក​ប្រធានាធិបតី​រុស្ស៊ី​វ្លាឌីមៀរ ពូទីន​ថ្ងៃ​អង្គារ ៩ ឧសភា​ដោយ​ថ្លែង​សុន្ទរកថា​ពី​លើ​វេទិកា​ទីលាន​ក្រហម​ក្នុង​ឱកាស​ប្រារព្ធ​ខួប ៧២ ឆ្នាំ​នៃ​ជ័យជំនះ​លើ​របប​ណាស៊ី​អាល្លឺម៉ង់​ខណ្ឌបញ្ចប់​សង្គ្រាមលោក​លើក​ទី២ បាន​អំពាវនាវ​ពិភពលោក​ឲ្យ​រួបរួមគ្នា​ដើម្បី​ប្រយុទ្ធទល់​នឹង​រាល់​ការ​គម្រាម​ ជា បឋម គឺទល់នឹង” ភេរវនិយម “ហើយ​គាត់​បាន​អះអាង​ថា​ប្រទេស​រុស្ស៊ី​អាច​កំចាត់​ឲ្យ​ធ្លាក់​ក្នុង​បរាជ័យ​គឺ​ពួក​ឈ្លានពាន​ណា​ក៏ដោយ។ 

ប្រធានាធិបតីរុស្ស៊ី  Vladimir Poutine
ប្រធានាធិបតីរុស្ស៊ី Vladimir Poutine REUTERS/Maxim Shipenkov
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​៩​ឧសភា​ប្រទេស​រុស្ស៊ី បាន​ទទួល​អំណរ​អបអរ​ទិវា​មហាជ័យ​ជំនះ​ក្នុង​ឆ្នាំ ១៩៤៥ លើ់​ប្រទេស​អាល្លឺម៉ង់​ក្រោម​របប​ណាស៊ីហ៊ីត្លែរ ទៅ​ដោយ​ព្យុហយាត្រា​យ៉ាង​គគ្រឹកគគ្រេង​លើ​ទីលាន​ក្រហម​ចូលរួម​ដោយ​យោធា​ដល់​ទៅ ១០.០០០ នាក់​តំណាង​ឲ្យ​កងទ័ព​គ្រប់​ប្រភេទ​និង​យានយន្ត​ចម្បាំង​សរុប​ទៅ ១១៤ គ្រឿង​ប៉ុន្តែ​ដោយ​មកពី​ធាតុអាកាស​មិន​អនុគ្រោះ​ការហោះ​បញ្ចេញ​រាង​ដែល​មាន​គ្រោងទុក​នៃ​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​យោធា​៧២​គ្រឿង​ត្រូវ​បាន​លុប​ទៅ​វិញ។

 
ថ្លែង​សុន្ទរកថា​បើក​ក្បួន​ព្យុហយាត្រា​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន ដែល​ជា​អគ្គមេបញ្ជាការ​ជាន់​ខ្ពស់​បំផុត​នៃ​កងទ័ព​បាន​លើក​ឡើង​ជា​អាទិ៍ ៖

-មេរៀន​នៃ​សង្គ្រាម តម្រូវ​ឲ្យ​យើង​ស្ថិត​ក្នុង​ភាពប្រុងប្រយ័ត្ន​ជានិច្ច​ហើយ​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី អាច​ច្រាន​ឲ្យ​ខ្ទាត​ទៅ​អំពើ​ឈ្លានពាន​ជាយថាហេតុ។ ស្ថានការណ៍​បច្ចុប្បន្ន​ចង​ជាកាតព្វកិច្ច​លើ​យើង​ឲ្យ​បង្កើនសមត្ថភាព​ការពារ​សម្រាប់​ប្រយុទ្ធ​យ៉ាង​ស័ក្តិសិទ្ធិ​ទល់​នឹង​ពួក​ភេរវជន​ពួក​ជ្រុលនិយម​ពួក​ណាស៊ី​បែប​ថ្មី​និងទល់​នឹង​ការ​គម្រាម​ឯទៀត​ដូច្នេះ​ចាំបាច់​ត្រូវឲ្យ​សហគមន៍​អន្តរជាតិ​ទាំង​មូល​ស្រាក់​កម្លាំង​គ្នា។ រុស្ស៊ី​បើក​ចំហ​សម្រាប់​សហប្រតិបត្តិការ​បែប​នេះ។ ម៉ូស្គូ​ស្ថិត​នៅ​ជានិច្ច​នៅ​ខាង​កម្លាំង​សន្តិភាព​និយម​និង​​នៅ​ខាង​រាល់​នរណា​ដែល​ជ្រើស​យកផ្លូវ​តាំង​ភាពជាដៃគូ​ស្មើ​សិទ្ធិ​គ្នា។

ជាការកត់សម្គាល់៖សហភាពសូវៀត​ដែល​មាន​រុស្ស៊ី​ជា​ប្រទេស​បន្ត​កេរ្តិ៍ បាន​បាត់បង់​ពលរដ្ឋ​ដល់​ទៅ​ជិត២៧ លាន​នាក់​ក្នុង​មហា​សង្គ្រាម​ការពារ​មាតុភូមិ៍​ដែល​បាន​ពន្យារ​ទៅ​អស់ ១៤១៨​ថ្ងៃ។ ម៉្លោះហើយ​បាន​ជា ជ័យជំនះ​នេះ​ក្នុង​ឆ្នាំ ១៩៤៥ ត្រូវ​បាន​រដ្ឋ​លើក​ដល់​កំពស់​ជា​ទេវស្ថាបនិក​​ស្មារតី​ស្នេហាជាតិ​និង​ភាព​មហិមា​នៃ​ប្រជាជាតិ​រុស្ស៊ី។

លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ក៏​បាន​រំលឹក​ថា ៖ -“សោកនាដកម្ម​សែន​រន្ធត់​នេះ​មិន​អាច​ត្រូវ​បញ្ចៀស​បាន​​ដូចចិត្ត​គឺមក​ពី​មាន​ការ​បណ្តោយ​ឲ្យ​លេច​ចេញ​មក​ជា​មនោគមន៍វិជ្ជា​ឧក្រិដ្ឋ​លើក​ពូជសាសន៍​មួយ​ឲ្យ​ខ្ពស់​ជាង​ពូជសាសន៍​ដ៏ទៃ​និង​មក​ពី​ការ​បែកបាក់គ្នា​រវាង​ពូក​ប្រទេស​នាំ​មុខ​គេ”។ យើង​នឹង​ពុំភ្លេចសោះ​ឡើយ​ថា សេរីភាព​ទ្វីប​អឺរ៉ុប​សន្តិភាព​យូរអង្វែង​លើ​ផែនដី​ដណ្តើម​បាន​គឺ​ពិត​ជាដោយសារ​ឪពុក​ជីតា ​ជីទួត​យើង។

លោក​ពូទីន​បញ្ចប់​សេចក្តីថា​”គ្មាន​ហើយ​នឹង​ពុំមាន​ទេ​កម្លាំង​ដែល​អាច​ដាក់​រុស្ស៊ី​ឲ្យ​នៅ​ក្រោម​ទាសភាព”។

ប្រជាជន​រុស្ស៊ី​បាន​និង​បន្ត​ឈរការពារទឹកដី​កំណើត​ខ្លួន​លុះ​រហូត​ដល់​តំណក់​ឈាម​ចុង​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ