អានតួអត្ថបទ

សមាជិក​​អឺរ៉ុបទាំង២៧​​​ព្រមព្រៀង​ជា​ធ្លុង​មួយ​យុទ្ធសាស្ត្រ​ចរចា​លះលែង​អង់គ្លេស

ប្រមុខ​ដឹកនាំ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុបទាំង​២៧ ដែល​កំពុង​បើក​ជំនួប​កំពូ​ល​វិសាមញ្ញ​ នៅ​ទី​ក្រុង​ព្រុចសែល​ប្រទេស​ប៊ែលហ្សិក​ ស្តី​ពី​ដំណើរ​សុំ​ចាកចេញ​ពី​អឺរ៉ុបរបស់​អង់គ្លេស បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ នៅ​ថ្ងៃ​សៅរ៍​នេះ គោលការណ៍​សំខាន់ៗ​ សម្រាប់​យក​ទៅ​ចរចា​ជាមួយ​អង់គ្លេស។ ជាការ​ព្រមព្រៀង​ដែល​បញ្ជាក់​ថា​អឺរ៉ុបក៏​ចេះ​​រួបរួម​គ្នាដែរ ដើម្បីការពារ​ប្រយោជន៍​រួម។

សមាជិក​សហភាពអឺរ៉ុប​ទាំង​២៧​ក្នុង​ជំនួប​វិសាមញ្ញ​ស្តីពី​Brexit
សមាជិក​សហភាពអឺរ៉ុប​ទាំង​២៧​ក្នុង​ជំនួប​វិសាមញ្ញ​ស្តីពី​Brexit REUTERS/Virginia Mayo/Pool
ផ្សាយពាណិជ្ជកម្ម

មាន​ប្រធាន​បទ​ជា​ច្រើន​ដែល​សមាជិក​សហភាព​អឺរ៉ុប​តែង​ខ្វែង​គំនិត​គ្នា ប៉ុន្តែ​នៅ​ចំពោះ​មុខ​វិបត្តិ​អង់គ្លេស​ចង់​ដើរ​ចេញ​ពី​អឺរ៉ុប សមាជិក​ទាំង​២៧ បាន​សម្តែង​ការ​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​ អនុម័ត​យុទ្ធសាស្ត្រ​រួម ដែល​ទិសដៅគោល​សម្រាប់​យក​ទៅ​ចរចា​ដាក់​គំនាប​លើ​អង់គ្លេស។

ផែនការ​ចរចា​Brexit ត្រូវ​បាន​ត្រៀម​រៀបំ​ជា​ស្រេច​ហើយ ! នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​គណៈកម្មការអឺរ៉ុប លោក ដូណាល់ ទូស្ក ដែល​បាន​គូស​បញ្ជាក់​អំពី​ភាព​ចាំបាច់​ដែល​ប្រទេស​ជា​សមាជិក​ទាំង​អស់​ ត្រូវ​រួបរួម​គ្នា​ ជា​និច្ច រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​មាន​ការ​ព្រមព្រៀង​ដក​អង់គ្លេស​ឱ្យ​ផុត​ពី​អឺរ៉ុប។

គោលការណ៍​​នៃ​ការ​ចរចា​ ត្រូវ​ផ្តោត​ជា​អាទិភាព​ដំបូង​ទៅ​លើ​ ការ​ការពារ​សិទ្ធិ​ពលរដ្ឋ​អឺរ៉ុប​ដែល​រស់​នៅ​និង​ធ្វើ​ការ​នៅ​អង់គ្លេស (​បីលាន​នាក់) ជា​ថ្នូរ​នឹង​ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​អង់គ្លេស​អាច​រស់​នៅនិ​ងធ្វើ​ការ​ក្នុង​អឺរ៉ុប។ អង់គ្លេស​ចង់​លែងលះ​ពីអឺរ៉ុប ដូច្នេះ​ត្រូវ​តែ​គិតគូរ​ចែក​ទ្រព្យ​សម្បត្តិ​ ​ក្នុងកញ្ចប់​ថវិកា​​សហគមន៍ ដែល​បើ​តាម​ការ​បូក​ដក​គុណ​ចែក​ទៅ​អង់គ្លេស​ត្រូវ​សង​អឺរ៉ុប ក្នុង​ទំហំ​ប្រមាណ​៦០ពាន់​លាន​អឺរ៉ូ។ ចំណុច​ទី​បី​គឺ​បញ្ហា​ អៀរឡង់​ខាង​ជើង ! អឺរ៉ុប​មិនត្រូវ​ការ​ចង់ឃើញ​ខេត្ត​អៀរឡង់​ខាង​ជើងត្រូវ​ពុះ​ចែក​ព្រំដែន​ជាមួយ​អង់គ្លេស​ទេ។ នាយក​រដ្ឋមន្ត្រី​អៀរឡង់ អាច​សុំ​ចរចា​ជាមួយ​ដៃគូ២៦​ប្រទេស​​ដើម្បី​អៀរឡង់​ខាង​ជើង​បាន​ចូល​ជា​សមាជិក​អឺរ៉ុបដោយស្វ័យប្រវត្តិ​ បើ​កាលណា​កោះ​នេះ​រួបរួម​គ្នា​តែ​មួយ។

នៅ​ពេល​ចរចា​បី​ចំណុច​នេះ​សម្រេច​ហើយ ទើប​អឺរ៉ុប​ចាប់​ផ្តើម​ចរចា​អំពី​ទំនាក់ទំនង​អនាគត​ រវាង​អង់គ្លេសនិង​អឺរ៉ុប។ សមាជិក​សហភាពអឺរ៉ុប​ទាំង​២៧ ក៏​នឹង​ចាប់​ផ្តើម​ពិនិត្យ​​​រើ​ភ្នាក់ងារ​ពីរ គឺ​ធនាគារ​ និង​ភ្នាក់ងារ​ឱសថ​អឺរ៉ុបដែល​បច្ចុប្បន្ន​មាន​ទីស្នាក់ការ​នៅ​អង់គ្លេស ផ្ទេរ​ទៅ​កាន់​ទីតាំង​ផ្សេង​ក្នុង​អឺរ៉ុប​វិញ។ ការ​ចរចា​អាច​នឹង​ចាប់ផ្តើម​ក្រោយ​អង់គ្លេស​បោះឆ្នោត​សភា​ថ្ងៃទី​៨មិថុនា​រួច។

ការរួម​គ្នា​ជាធ្លុង​មួយ​ ទៅ​ចរចា​ នឹង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​អឺរ៉ុប​គ្រប់គ្នា ! នេះ​ជា​ទស្សនៈ​អន្តរការី​អឺរ៉ុប​ទទួល​បន្ទុក​ចរចា​ជាមួយ​អង់គ្លេស។ អឺរ៉ុប​ត្រូវ​តែ​ចេះ​ការពារ​ប្រយោជន៍​ខ្លួនឯង ! អង់គ្លេស​ត្រូវ​បង់​ខាត​អំពី​ការ​ដើរ​ចេញនេះ !  នេះ​ជាការ​រំលឹក​​របស់​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ ហូឡង់ បន្ថែម​ពី​ពាក្យ​​ព្រមានរបស់​​​លោកស្រី​ប្រមុខ​ដឹកនាំ​​អាល្លឺម៉ង់ទៅ​កាន់​​​​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយអង់គ្លេស។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​​យល់​ថា​ សហភាពអឺរ៉ុប​ពួត​គ្នា​ប្រឆាំង​នឹង​ប្រទេស​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ