អានតួអត្ថបទ

បារាំង ៖ ​ ការ​បោះឆ្នោត​ប្រធានាធិបតីជុំទីមួយចាប់​ផ្តើម តែ​អ្នក​មិន​ទាន់​សម្រេចចិត្ត​​នៅ​​មានច្រើន

ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​មួយ បាន​ចាប់​ផ្តើម​​ជា​បណ្តើរៗ​ហើយ តាំង​ពី​រសៀល​ថ្ងៃ​សៅរ៍​ទី ២​២​មេសា​មក សម្រាប់​ពលរដ្ឋ​បារាំង​នៅ​បរទេស និង​តំបន់​​ឯ​នាយ​សមុទ្ទ។ សម្រាប់​អ្នក​រស់​នៅ​ក្នុង​​ប្រទេស​បារាំង​វិញ ការ​បោះឆ្នោត​ដែលស្ថិត​ក្រោម ការ​ការពារ​សន្តិសុខ​យ៉ាង​តឹង​តែង​បំផុត នឹងចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ មេសា វេលា​ម៉ោង​៨ព្រឹក (ត្រូវ​នឹង​ម៉ោង​១រសៀល​ម៉ោង​នៅ​ប្រទេស​កម្ពុជា) តែ​ពលរដ្ឋ​ដ៏ច្រើន​នៅ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ទៀត។

សង្គម​ស៊ីវិល​កំពុង​រៀប​ចំ​សន្លឹក​ឆ្នោត​ នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង២០១៧
សង្គម​ស៊ីវិល​កំពុង​រៀប​ចំ​សន្លឹក​ឆ្នោត​ នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង២០១៧ REUTERS/Philippe Laurenson
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​បោះឆ្នោត​នៅ​តំបន់​ឯនាយ​សមុទ្ទ​បាន​ចាប់​ផ្តើម​ហើយ​ ! ពលរដ្ឋ​បារាំង​នៅ​តំបន់​ហ្គូយ៉ាន​ ដែល​មាន​ចលនា​បាតុកម្ម​អូសបន្លាយ​អស់​ពេល​ជាង​មួយ​ខែ ទើប​ចរចា​ត្រូវ​រ៉ូវចុះ​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​កាលពីថ្ងៃ​សុក្រ​ ក៏​បាន​ចាប់​ទៅ​បោះឆ្នោត​ដែរ។

នៅ​ក្នុង​ប្រទេស​ ការិយាល័យទាំង​៦៦៥៤៦ នឹង​ត្រូវ​បើក​នៅ​ថ្ងៃអាទិត្យ​វេលា​ម៉ោង ៨ព្រឹករហូត​ដល់​ម៉ោង​​​៧ល្ងាច និង​៨​ល្ងាច​សម្រាប់​រដ្ឋធានី​និង​ក្រុង​ធំៗ​មាន​ប្រជាជន​រស់​នៅ​​ច្រើន។ ជា​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ការពារ និង​រឹត​បន្តឹង​សន្តិសុខ​បំផុត បន្ថែម​ទៀត ក្រោយ​ពី​មាន​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​សម្លាប់​ជីវិត​ប៉ូលិស​ម្នាក់​និង​របួស​បី​នាក់ នៅ​លើដង​វិថី​ស្ហង់ស៍អេលីហ្សេមក។ រដ្ឋាភិបាល​បាន​ប្រមូល​កម្លាំង​នគរបាល ភ្នាក់ងារ​រក្សា​សន្តិសុខ​​ជាង ៥​ម៉ឺន​នាក់ បន្ថែម​ពី​​កងកម្លាំងយោធា​៧ពាន់​នាក់ដែល​មាន​ស្រាប់។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​បារាំង​រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតី ក្នុង​ស្ថានភាព​ប្រទេស​ក្នុង​ភាព​អាសន្ន។ ការ​បោះឆ្នោត​ប្រធានាធិបតី​ជា​សកល​ លើក​នេះ ក៏​មាន​បង្កប់​ទៅ​ដោយ​លក្ខណៈ​ពិសេស​មិន​ធ្លាប់មាន ជា​​ច្រើនចំណុច​ផ្សេង​ទៀត ដូច​ជា​ប្រធានាធិបតី​ផុត​អាណត្តិ​គ្មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ប្រជែង​ឆ្នោត !

បេក្ខជន​ប្រធានាធិបតី​មាន​១១​រូប ក្នុង​នោះ​បួន​នាក់​កំពុង​ប្រកួត​ប្រដេញ​គ្នា​យ៉ាង​កិតៗ ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត មួយ​ចំនួន​ធំ កំពុង​ប្រឈម​នឹង​ជម្រើស​ដ៏​លំបាក​បំផុត​ ក្នុង​ការ​បោះឆ្នោត​នៅ​ជុំ​ទី​មួយថ្ងៃទី​២៣​មេសា​នេះ។ ​បើ​តាម​ការ​ស្ទង់​មតិ​ពី​រ​ថ្ងៃ​មុន​ការ​បោះឆ្នោត ប្រជាពលរដ្ឋ​បី​នាក់ក្នុង​ចំណោម​១០​នាក់ មិន​ដឹង​ថា​ត្រូវ​បោះឆ្នោត​គាំទ្រ​បេក្ខជន​ណា​ទេ។ ​​ពុំ​ដែល​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​ណា​ដែល​ពលរដ្ឋ​ពិបាក​សម្រេច​ចិត្ត​យ៉ាង​ដូច្នេះ​ឡើយ។ ជា​ងនេះ​ទៅ​ទៀត ចំនួន​អ្នក​អវត្តមាន​មិន​ទៅ​បោះឆ្នោត​ និង​ការ​បោះឆ្នោត​អនុប្បវាទ បាន​ក្លាយ​ជា​សញ្ញាសួរ​ដ៏​ធំ​មួយ​ដែលគ្មាន​ចម្លើយ​និង​​ពិបាក​ស្មាន​បំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ