អានតួអត្ថបទ
រុស្ស៊ី

មេប្រឆាំង​អំពើ​ពុករលួយ​នៅ​រុស្ស៊ី​ត្រូវ​បាន​ចាប់​ខ្លួន

នា​រសៀល​ម្សិលមិញ ក្នុង​បាតុកម្ម​នៅ​រដ្ឋធានី​មូស្គូ ក្រោម​ពាក្យ​ស្លោក ប្រឆាំង​អំពើ ពុករលួយ​នៅ​រុស្ស៊ី ដែល​ជា​បាតុកម្ម គ្មាន​សេចក្តី​អនុញ្ញាត​របស់​អាជ្ញាធរ​ឯណា តាម​តួលេខ មហាផ្ទៃ​មូស្គូ​ផ្ទាល់ មាន​មនុស្ស​ចូលរួម​ជាង ៨.០០០នាក់ ដែល​ពី​ក្នុង​នោះ ត្រូវ​បាន​ប៉ូលិសចាប់ ខ្លួន គឺ ប្រមាណ៥០០នាក់ បូក​ទាំង​មេដឹកនាំ អង្គការ​ក្រៅរដ្ឋាភិបាល ក្រោម​ឈ្មោះ​ថា មូលនិធិ ប្រឆាំង​អំពើពុករលួយ​នៅ​រុស្ស៊ី គឺ​លោក Alexei Navalny ល្បី​ខាង​កកូរកកាយ ទ្រព្យសម្បត្តិ ពួក មន្ត្រី​ដែល​ជំនិតៗ នឹង​លោក ប្រធានាធិបតី​ពូទីន។ ការ​ទាមទារ​មួយ ដែល​ពួកគេ​បាន​បន្លឺ​ឡើង គឺ ឲ្យ​លោក​នាយករដ្ឋមន្ត្រី មេដវេដេវ លា​ចេញ​ពី​តំណែង។

ក្រុម​បាតុករ​រុស្ស៊ី ថ្ងៃទី២៦ មីនា ២០១៧
ក្រុម​បាតុករ​រុស្ស៊ី ថ្ងៃទី២៦ មីនា ២០១៧ REUTERS/Yuri Maltsev
ផ្សាយពាណិជ្ជកម្ម

ស្របនឹងការអំពាវនាវនៃមេប្រឆាំងនេះ បាតុកម្មត្រូវចាប់ផ្តើមនៅម៉ោង២រសៀល នៅ ចំកណ្តាលក្រុងមូស្គូតែម្តង គឺនៅតាមមហាវិថីដែលបែកចេញពីវិមានក្រេមឡាំង។ ប៉ុន្តែ ក្រោយ ពីបាតុករបានជួបជុំគ្នា លើទីលាននៃរូបសំណាកឧទ្ទិសដល់មហាកវីរុស្ស៊ី Pouchkine ស្ថិតនៅ ដងមហាវិថីនោះ ហើយគ្រាន់តែគេប្រុងលាផ្ទាំងបដា​បរិហារអំពើពុករលួយ
រដ្ឋអំណាចសព្វថ្ងៃ ប៉ូលិស ក៏អន្តរាគមន៍ភ្លាមភ្លែត ចាប់រុញបញ្ចូលបាតុករណាដែលដៃដល់ ទៅក្នុងឡានទ្រុង បម្រុង ទុកជាស្រេច។​
 

ចំណែករូបលោក Navalny គ្រាន់តែដើរចេញពីមេត្រូ មិនទាន់បានភ្ជាប់ខ្លួន ជាមួយគ្នីគ្នា
គាត់ផង ក៏ត្រូវប៉ូលិសក្រៀកចូលឡានទ្រុងដែរ។ ម៉្លោះហើយបានជាចំនួនបាតុករ ឃាត់ខ្លួន ឡើងដល់ កន្លះពាន់នាក់យ៉ាងនេះ។ លោក Navalny ជាប់ចោទក្នុងការបំពានលើ
សណ្តាប់ធ្នាប់ខាង ចាត់ចែង និង ដឹកនាំ បាតុកម្ម។

ទោះយ៉ាងណាក្តី ក៏ពួកបាតុករបានបន្លឺទៅហើយនូវសម្រែកស្រុះៗ​គ្នាបែប​យ៉ាង៖​ប្រទេស​រុស្ស៊ីមិនបាច់មានពូទីនទេមេដវេដេវត្រូវតែចុះចេញពីតំណែងទៅប្រទេសរុស្ស៊ីត្រូវការសេរីភាពអំណាចដែលគួរឲ្យអាម៉ាស់ !។ បាតុកម្មប្រឆាំងអំពើពុករលួយនោះ ធ្វើឡើង រំលង១ខែក្រោយ ពីមូលនិធិប្រឆាំង​អំពើ​ពុករលួយ ដឹកនាំដោយលោក Navalny បានផ្សព្វផ្សាយវីដេអូ អះអាងថា លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ មានកម្មសិទ្ធិ ក្នុងទម្រង់ជាអចលនទ្រព្យ តម្លៃ​រាប់ពាន់លាន​ដុល្លារ ដោយលាក់នៅពី ក្រោយឈ្មោះអ្នកផ្សេងសោះ ហើយដែលរួមក្តោបភូមិគ្រឹះ អគារ​ស្កឹមស្កៃ នាវាកំសាន្ត រហូតដល់ ចំការទំពាំងបាយជូរនៅ អ៊ីតាលីផង។

មេបក្សកុម្មុយនិស្តជាបក្សប្រឆាំងដ៏ធំនៅរុស្ស៊ី ទាមទារឲ្យ បើកការស៊ើបអង្កេត ជាពិសេស វីដេអូនេះ ត្រូវបានមើលតាមបណ្តាញ YouTube ដោយមនុស្ស ជាង១១លាននាក់​ទៅ​ហើយ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោកស្រី Natalia Timakova ថ្លែងថា គាត់មិន​ធ្វើ​អត្ថាធិប្បាយឲ្យថោកមាត់ឡើយអំពីវីដេអូប្រឌិតក្នុងន័យឃោសនាបែបនេះ ដោយ ជន​ដែល​ត្រូវ​បានតុលារកាត់ទោសទៅហើយ ខំលើកខ្លួនឯង ជាបេក្ខជនប្រធានាធិបតី ចូលប្រឡូក ក្នុងការបោះឆ្នោតឆ្នាំក្រោយ។ ក្រៅពីរដ្ឋធានីមូស្គូ បាតុកម្មប្រឆាំងអំពើពុករលួយ ក៏បាន​ប្រព្រឹត្ត​ទៅនៅតាមក្រុងរុស្ស៊ី ចំនួន ២៥ ទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ