អានតួអត្ថបទ
អឺរ៉ុប

លោកហ្រ្វង់ស័រ ហូឡង់៖​មាន​តែ​ការ​រួម​កម្លាំង​គ្នា​ទេ ទើប​អឺរ៉ុប​ខ្លាំង​ដើម្បី​ប្រឈម​ទប់​នឹង​បញ្ហា​ក្នុង​លោក

ជំនួបកំពូល​អឺរ៉ុប​ដើម្បី​ប្រារព្ធ​ខួប​គម្រប់ ៦០ឆ្នាំ​នៃ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម​បាន​បិទបញ្ចប់​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី២៥ មីនា។ នា​ឱកាស​នោះ ជំនួបកំពូល​បាន​ចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​អឺរ៉ុប​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​ប្តេជ្ញាចិត្ត​កសាង​អនាគត​រួម​គ្នា។ លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​បាន​ថ្លែង​ថា មាន​តែ​ការ​រួបរួម​កម្លាំង​តែ​មួយ​ទេ​ទើប​អឺរ៉ុប​ខ្លាំង​ដើម្បី​ប្រឈម​ទប់​នឹង​រាល់​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​លោក។

លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់
លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់ Reuters
ផ្សាយពាណិជ្ជកម្ម

« ពិធី​ប្រារព្ធ​ខួប ៦០ឆ្នាំ​នៃ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម​ពេល​នេះ​មាន​បង្កប់​ដោយ​អត្ថន័យ​ពិសេស​មួយ​ធៀប​នឹង​បញ្ហា​ប្រឈម និង​ការ​គំរាមកំហែង​​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​នៅ​ពី​មុខ​យើង។ តើ​យើង​ខ្លាំង​ដោយសារ​តែ​យើង​រួបរួម​គ្នា​ជា​ធ្លុងមួយ ជា​កម្លាំង​តែ​មួយ ឬ​មួយ​ក៏​យើង​ខ្លាំង​ដោយសារ​តែ​យើង​បែកបាក់​គ្នា?។
 
ចម្លើយ​ចំពោះ​សំណួរ​ខាង​លើ​ត្រូវ​បាន​សម្តែង​ឡើង​តាម​រយៈ​ការ​ជួបជុំ​គ្នា​ពេល​នេះ​ដែល​បញ្ជាក់​ថា យើង​នឹង​ខ្លាំង​ក្នុង​ពេល​រួម​កម្លាំង​គ្នា​ដើម្បី​ប្រឈម​ទប់​នឹង​អំពើ​ភេរវកម្ម ដើម្បី​ទប់ទល់​នឹង​ជម្លោះ​ប្រដាប់អាវុធ​ដែល​កំពុង​ស្ថិត​នៅ​ជុំវិញ​ខ្លួន។ យើង​នឹង​ខ្លាំង​ក្នុង​ពេល​រួម​កម្លាំង​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ភពផែនដី​របស់​យើង​អាច​ទទួល​បាន​ការ​ការពារ។ យើង​នឹង​ខ្លាំង​ក្នុង​ពេល​រួម​កម្លាំង​គ្នា​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​វិលត្រឡប់​របស់​អាណាចក្រ និង​គំនាប​ពី​ខាង​ក្រៅ។
 
យើង​នឹង​ខ្លាំង​ក្នុង​ពេល​រួម​កម្លាំង​គ្នា​ដើម្បី​ប្រឈម​ទប់​នឹង​គំនិត​ជាតិនិយម និង​គំនិត​ជ្រុលនិយម។ ថ្ងៃ​នេះ ពលរដ្ឋ​បារាំង​ត្រូវ​តែ​ដឹង​ថា​ជា​មួយ​អឺរ៉ុប ពួក​គេ​អាច​នឹង​រឹងមាំ មាន​អនាគត​ល្អ និង​ទទួល​បាន​ការ​យក​ចិត្ត​យ៉ាង​ខ្លាំង។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​ឲ្យ​បារាំង​ចូលរួម​គាំទ្រ​ពេញ​ទំហឹង​លើ​សេចក្តី​ថ្លែងការណ៍​នេះ ព្រោះ​ជា​សេចក្តីថ្លែងការណ៍​ដែល​បារាំង​បាន​រង់ចាំ​យ៉ាង​ខ្លាំង រួម​ទាំង​បារាំង​ជាមួយ​ថ្នាក់ដឹកនាំ​ថ្មី​ផង​ដែរ។ ខ្ញុំ​ចង់​និយាយ​ដល់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ